រាជធានីភ្នំពេញ ៖ វិនិយោគិនក្នុងស្រុកបានទិញពាណិជ្ជសញ្ញាសាលាមត្តេយ្យស្តង់ដាជប៉ុនមកកម្ពុជាជាលើកដំបូង ដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារតូចនៅកម្ពុជា ដែលការបណ្តុះបណ្តាលបែបនេះមានសារសំខាន់សម្រាប់អភិវឌ្ឍន៍សតិបញ្ញារបស់កុមារ ។
លោកស្រី ស មន្ថា នាយិកាសាលា SHICHIDA ជាសាលាមានឈ្មោះល្បីនៅប្រទេសជប៉ុន បានមានប្រសាសន៍ឲ្យដឹងមុនពិធីសម្ពោធសាលារបស់ខ្លួនកាលពីថ្ងៃទី២០ មីនា កន្លងមកថា លោកស្រីបានសម្រេចចិត្តនាំយកស្តង់ដាអប់រំពីប្រទេសជប៉ុនមកកម្ពុជា ដោយសារសាលាបែបនេះមិនទាន់មានច្រើនទេនៅកម្ពុជា។ ហេតុនេះ ទើបលោកស្រីសម្រេចចិត្តវិនិយោគលើសាលានេះឡើង ដើម្បីផ្តល់សេវាអប់រំដល់ទារកចាប់ពីអាយុ៦ខែ ដល់៦ឆ្នាំ ជាវ័យដែលពួកគេមានភាពលូតលាស់ខួរក្បាល និងសតិបញ្ញាស្មារតីយ៉ាងល្អប្រសើរ ។
ទោះជាយ៉ាងណា លោកស្រីមិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគក្នុងគម្រោងនេះទេ ដោយប្រាប់ថា វាជាការសំខាន់របស់ក្រុមហ៊ុន ។
លោកស្រី ស មន្ថា បន្តថា សាលា SHICHIDA ក៏មានគម្រោងនឹងផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់ស្ត្រីមានផ្ទៃពោះ ចាប់ពីគភ៌មានអាយុ៧ខែឡើងទៅផងដែរ ព្រោះទារកនៅក្នុងផ្ទៃម្តាយ ចាប់ពីអាយុ៧ខែឡើងទៅចាប់ផ្តើមអភិវឌ្ឍន៍សតិបញ្ញារបស់ខ្លួន ពិសេសខួរក្បាលរបស់ពួកគេចាប់ផ្តើមលូតលាស់ហើយ ប៉ុន្តែការបណ្តុះបណ្តាលបែបនេះស្ថិតក្នុងជំហានបន្ទាប់។ លោកស្រីបន្តថា ការបណ្តុះបណ្តាលចាប់ពីទារកវ័យ៦ខែ ដល់៦ឆ្នាំ នឹងធ្វើឡើងរយៈពេល១ម៉ោងជារៀងរាល់ថ្ងៃ ប៉ុន្តែការបណ្តុះបណ្តាលនេះ សាលាតម្រូវឲ្យឪពុក ឬម្តាយពួកគេចូលរួមផងដែរ ។
លោកស្រីមានប្រសាសន៍ថា ៖ « ដើម្បីឲ្យទារកឬកុមារធំធាត់ឡើងមានភាពឆ្លាតវៃ និងអាចអភិវឌ្ឍន៍សមត្ថភាពតាមទេពកោសល្យរបស់ពួកគេ អាណាព្យាបាលនានាគួរវិនិយោគទៅលើកូនរបស់ខ្លួន » ។ លោកស្រីបន្តថា ៖ « ការវិនិយោគមិនមែនសំដៅលើថវិកាតែមួយមុខនោះទេ តែជាការវិនិយោគពេលវេលា ការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់ពួកគេ ព្រោះតាមការសិក្សារកឃើញថា កុមារបានទទួលភាពកក់ក្តៅពីឪពុកម្តាយ ពួកគេតែងមានការអភិវឌ្ឍសតិបញ្ញាលឿនជាងកុមារដែលមិនទទួលបានភាពកក់ក្តៅពីគ្រួសារ » ។
តម្លៃនៃការសិក្សា គឺចាប់ពីជាង៣០០ដុល្លារឡើងទៅ បើគិតជាត្រីមាស ប៉ុន្តែអាណាព្យាបាលទារកឬកុមារ អាចបង់ជាឆមាស ឬប្រចាំឆ្នាំបាន អាស្រ័យលើការសម្រេចចិត្តរបស់ឪពុកម្តាយ ។ ទីតាំងរបស់សាលានេះស្ថិតនៅក្នុងបុរីប៉េង ហួត តាមបណ្តោយផ្លូវជាតិលេខ១ ។
លោកស្រី Mayumi SHICHIDA អនុប្រធានសាលាមត្តេយ្យ SHICHIDA នៅប្រទេសជប៉ុន ថ្លែងថា ការបណ្តុះបណ្តាលនៅសាលានេះ មិនមែនធ្វើឡើងតាមរូបភាពចាក់បំពេញចំណេះដឹងដល់ទារក ឬកុមារនោះទេ ប៉ុន្តែជាការគាស់រកឲ្យឃើញសក្តានុពលរបស់ទារកឬកុមារ ដើម្បីអភិវឌ្ឍន៍សមត្ថភាពពួកគេតាមសក្តានុពលរបស់ពួកគេពីកំណើតដែលមានស្រាប់ ។ លោកស្រីបន្តថា ការបណ្តុះបណ្តាលនៅទីនេះធ្វើឡើងក្នុងបរិយាកាសសប្បាយរីករាយ ព្រោះមានឧបករណ៍ និងសម្ភារលេងកម្សាន្តច្រើនសម្រាប់កុមារ ។
លោកស្រីមានប្រសាសន៍ថា ៖ « គ្រូដែលនឹងចូលរួមបណ្តុះបណ្តាលនៅកម្ពុជា មិនមែនជាគ្រូមកពីប្រទេសជប៉ុនទេ ប៉ុន្តែជាគ្រូជនជាតិខ្មែរ ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវពីប្រទេសជប៉ុន » ។ លោកស្រីបន្តថា ៖ «បរិយាកាសសិក្សានៅទីនេះ គឺធ្វើយ៉ាងណាជំរុញឲ្យកុមារមានចំណង់ក្នុងការសិក្សា ព្រោះបរិយាកាសរៀបចំឡើងមានលក្ខណៈសប្បាយរីករាយជាមួយការបង្កើតសតិបញ្ញាដល់កុមារតាមសក្តានុពលពីកំណើតរបស់ពួកគេ » ៕
ចែករំលែកព័តមាននេះ