ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កុំ​ទុកចិត្ត​មេឃ កុំ​ទុកចិត្ត​ផ្កាយ​» ចុង​ក្រោយ​អស់សង្ឃឹម !!!

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​ខិល​ខូច​ដែល​ជា​មនុស្ស​ស្គាល់​គ្នា​បាន​ធ្វើ​សកម្ម​ភាព​ឆបោក​ ដោយ​បុរស​នោះ​បាន​ប្រើ​ល្បិច​ខ្ចី​ជិះ ដោយ​ប្រាប់​ថា ជិះ​ទៅ​យក​ម្ហូប​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ខណៈនោះ​

រាជធានី​ភ្នំពេញ ៖ បុរស​ខិលខូច​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​របស់​យុវជន​ម្នាក់​ដែល​ជា​អ្នក​ស្គាល់គ្នា ដោយ​បុរស​នោះ​បាន​ប្រើ​ល្បិច​ខ្ចី​ជិះ ដោយ​ប្រាប់​ថា ជិះ​ទៅ​យក​ម្ហូប​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ខណៈនោះ​ព្រោះតែ​មនុស្ស រាប់អាន​គ្នា ទើប​យុវជន​រង​គ្រោះ​ព្រម​ឲ្យ​ខ្ចី ហើយ​បុរស​កំហូច​នោះ​ក៏​បាន​យក​ម៉ូតូ​ជិះ​ទៅ​បាត់​រហូត បន្ទាប់​មក​ជន​រង​គ្រោះ​បាន​តាម​រក​គ្រប់កន្លែង នៅ​តែ​មិន​បានឃើញ​នោះ​ឡើយ លុះ​១​អាទិត្យ​ក្រោយមក ទើប​មាន​អ្នក​ប្រទះ​ឃើញ​បុរស​នោះ ក៏​បាន​ខ​ល​ប្រាប់​ឲ្យ​យុវជន​ម្ចាស់​ម៉ូតូ​ទៅ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​តែ​ម្ដង​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ មក​ម្ល៉េះ នៅ​ជិត​ផ្សារ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​តាម​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ នឹម វ៉ា​ន់​ថា អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ជ្រៅ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ជន​នោះ​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់ វ៉ា​ន់ ណា​រ៉ា អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ត្រពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

យុវជន​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ខណៈ​ខ្លួន​ទៅ​ធ្វើ​ការងារ​សំណង់​នៅ​ឯ​នៅ​ជិត​ផ្សារ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ទៅ​ប្រាប់​ថា ថ្ងៃនេះ​ក្មួយ​របស់​គាត់​ភ្ជាប់ពាក្យ លុះដល់​ពេល​ហូប​បាយ​ថ្ងៃត្រង់ ក៏​បាន​ហូប​បាយ​ជុំ​គ្នា ហើយ​ជន​នោះ​បាន​ខ្ចី​ម៉ូតូ​ខ្លួន​ជិះ​ដោយ​ប្រាប់​ថា ម្ហូប​យើង​តិច​ពេក គាត់​ខ្ចី​ម៉ូតូ​ជិះ​ទៅ​យក​ម្ហូប​នៅផ្ទះ​ក្មួយ​ដែល​ភ្ជាប់ពាក្យ​នោះ​មក​ហូប​ជុំ​គ្នា​។​ខណៈនោះ​ដោយសារ​តែ​ជា​មនុស្ស​ស្គាល់គ្នា ទើប​ខ្លួន​ឲ្យ​ខ្ចី ហើយ​បុរស​នោះ​ក៏​បាន​យក​ទៅ​បាត់​រហូត​តែ​ម្ដង បន្ទាប់​ពី​ដឹង​ថា ចាញ់បោក​ជន​នោះ ខ្លួន​បាន​តាម​រក​គ្រប់កន្លែង ប៉ុន្តែ​មិនឃើញ​ឡើយ រហូត​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ២២ មីនា ស្រាប់តែ​មាន​អ្នក​ប្រទះ​ឃើញ​ជន​នោះ​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ហើយ​បាន​ខ​ល​ប្រាប់ ទើប​ខ្លួន​នាំ​បងប្អូន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​។

ក្រោយ​ពេល​ចាប់ខ្លួន​បាន​ជន​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​១​គ្រឿង​នោះ​មែន ប៉ុន្តែ​មិន​បាន​លក់​នោះ​ឡើយ ក្រោយ​ពេល​បោក​បាន​ពី​យុវជន​ខាងលើ ខ្លួន​បាន​ជិះ​ទៅ​ជួប​ជាមួយ​មិត្តភក្ដិ​ម្នាក់​ទៀត ហើយ​ក៏​ត្រូវ​បាន​មិត្តភក្ដិ​នោះ​ខ្ចី​ជិះ​ទៅ​ទិញ​ថ្នាំពេទ្យ រួច​ក៏​បាន​បោក​យក​បន្ត​ទៅ​បាត់​តែ​ម្ដង ។ ខ្លួន​កំពុង​តាម​រក​មិត្តភក្ដិ​ដែល​បោក​យក​ម៉ូតូ​នោះ​មិន​ទាន់​ឃើញ​ផង ក៏​ត្រូវ​បាន​មក​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ និង​បាន​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​បែប​នេះ​។

នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​បាន​និយាយ​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន ម្ចាស់​ម៉ូតូ​បាន​ទាមទារ សំណង​ចំនួន​១.៥០០​ដុល្លារ ប៉ុន្តែ​ជនសង្ស័យ​បាន​អង្វរ​សុំ​ម្ចាស់​ម៉ូតូ​ឲ្យ​ទទួលយក​ត្រឹម​៨០០​ដុល្លារ​បាន ហើយ ព្រោះ​ខ្លួន​មាន​លទ្ធភាព​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​យុវជន​ម្ចាស់​ម៉ូតូ​មិន​ព្រមយក​ឡើយ ហើយដោយ​សារ​តែ​ទីតាំង​កើតហេតុ ស្ថិត​នៅ​ជិត​ផ្សារ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ទើប​បញ្ជូន​ទាំង​សំណុំរឿង និង​ជនសង្ស័យ​ត្រឡប់​ទៅ​ប្រគល់​ឲ្យ​នគរបាល​មូលដ្ឋាន​នោះ​ជា​អ្នកចាត់ការ​តាម​ច្បាប់​វិញ​៕