ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងឯកភាព​កម្ចាត់​មីន ប្រើ​កណ្ដុរ​អាហ្វ្រិក​ហិត​រុករក​មីន​សាកល្បង

7 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៦ ខែមីនា អាជ្ញាធរ​មីន​កម្ពុជា បាន​នាំ​យក​កណ្តុរ​ចំនួន​២១​ក្បាល​សម្រាប់​ជួយ​ហិត​រក​មីន ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន

ខេត្ដសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៦ ខែមីនា អាជ្ញាធរ​មីន​កម្ពុជា បាន​នាំ​យក​កណ្តុរ​ចំនួន​២១​ក្បាល​សម្រាប់​ជួយ​ហិត​រក​មីន ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅ​កម្ពុជា ។ អ្នកគ្រប់គ្រង​គម្រោង​មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជ​កណ្តុរនេះ​នៅ​កម្ពុជា សម្រាប់​ជួយ​ដល់​ប្រតិបត្តិការ​ដោះ​មីន​ដល់​គ្រប់​កងឯកភាព​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក លី ធុ​ជ ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុកបេសកកម្ម​ពិសេស និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​កម្ពុជា រួម​ជាមួយ​គណៈប្រតិភូ​ក្រុមការងារ បាន​អញ្ជើញ​ទៅ​កាន់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ធំ​ស្រុកប្រាសាទបាគង ដើម្បី​ពិនិត្យ​ពី​សកម្មភាព​កណ្តុរហិត​រាវរក​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម ដែល​ជា​ពូជ​កណ្តុរ​អាហ្វ្រិក​នាំ​ចូល​មក​កម្ពុជា​តាម​រយៈ​អង្គការ​អា​ប៉ូ​ប៉ូ ។

តាម​រយៈ​សកម្មភាព​នៃ​ការ​ហិត​រក​មីន​របស់​កណ្តុរ​ទាំងនោះ លោក លី ធុ​ជ បាន​ថ្លែង​កត់​សម្គាល់ថា ក្រៅពី​មន្ត្រី​ក្នុង​កងឯកភាព​កម្ចាត់​មីន​កម្ពុជា និង​មន្ត្រី​ក្នុង​អង្គភាព​ដោះ​មីន​ផ្សេង​ៗ ទៀត​ក្នុង​សកម្មភាព​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា យើង​នៅ​មាន​សុនខ ហើយ​ពេល​នេះ​យើង​មាន​ទាំង​កណ្តុរ​ដែល​នាំ​ចូល​មក​ពី​តំបន់​អាហ្វ្រិក​ទៀត ។

លោក​ទេស​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រសិទ្ធភាព និង​អត្ថប្រយោជន៍​របស់​កណ្តុរក្នុង​សកម្មភាព​ហិត​និង​រុករក​មីន ដែល​វា​អាច​ជួយ​ការងារ​យើង​បាន​ពី​៦​រហូត​ដល់​ទៅ​៨​ឆ្នាំ ក្រោយ​ពី​ធ្វើការ​បង្វឹក​១​ឬ​២​ឆ្នាំ ។ កណ្តុរ​នេះ មាន​សមត្ថភាព​ហិតក្លិន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ជម្រៅ​ដី​៣​ទៅ​៤​តឹក ដែល​ក្នុង​មួយ​ថ្ងៃ​កណ្តុរ​១១​ក្បាល​អាច​ហិត​រកបាន​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ជា​កន្លះ​ហិ​កតា ។ ការ​ប្រើ​កណ្ដុរ​នេះ បាន​ជួយ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ប្រឈម​និង​ហានិភ័យ​ផ្សេង​ៗ ដល់​មន្ត្រី​ដោះ​មីន​របស់​យើង​យ៉ាងច្រើន ។

លោក​ទេស​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ទស្សនវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​គិតគូរ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ចាក​ផុត​ពី​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សង្គ្រាម ។ ហេតុនេះ​យើង​ខិតខំ​ប្រឹងប្រែង​ឱ្យ​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​បាន​ចប់​ជា​ស្ថាពរ ដោយ​ដាក់​ផែនការ​នៅ​ត្រឹម​ឆ្នាំ​២០២៥​បញ្ចប់​ការ​ដោះ​មីន​ជា​ស្ថាពរ ។

ក្នុង​នាម​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​កម្ពុជា លោកទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែងអំណរគុណ​ក្រុម​ប្រតិបត្តិ​ករ​ដោះ​មីន​ជាតិ​និង​អន្តរជាតិ ដែល​កំពុង​សកម្ម​ក្នុង​ការ​ដោះ​មីន​និង​រាវរក​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងអស់ ដោយ​ខិតខំ​បំពេញភារកិច្ច​ឆ្លងកាត់​ការ​លំបាក និង​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​គ្រប់ពេលវេលា ក្នុង​ការ​ដោះ​មីន​ជួយ​រំដោះ​ដីស្រែ​ចម្ការ​ជូន​ជាតិ​មាតុភូមិ​យើង និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ។

ទាក់ទង​នឹង​កណ្ដុរ​នេះ គឺ​ក្រោយ​ពី​បាន​ចិញ្ចឹមបង្វឹក​ដើម្បី​បន្សាំុ​ទៅ​នឹង​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា​អស់​មួយ​រយៈ​ធំ​មក កណ្តុរ​ចំនួន​២១​ក្បាលត្រូវ​បាន​នាំ​យក​ទៅ​ហិត​រក​មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​តំបន់​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ជាមួយ​សកម្មភាព​ប្រតិបត្តិការ​រាវរក​មីន​របស់​កងឯកភាព​កម្ចាត់​មីន​កម្ពុ​ជាទី​៤ ដែល​មា​នទី​បញ្ជាការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ។

តាម​រយៈ​អ្នកបកប្រែ​ភាសា លោក ផូ​ម៉ា កា​ហ្ស៊ី ជនជាតិ​អង់គ្លេស ជា​ប្រធាន​គម្រោងអង្គការ​អា​ប៉ូ​ប៉ូ បានឱ្យ​ដឹង​ថា មុន​នឹង​នាំ​យកកណ្តុរ​ទាំងនេះ​ទៅ​កាន់​តំបន់​ដែល​សង្ស័យ​ថា​មាន​គ្រាប់​មីន ត្រូវ​ប​ន្សាំុវា​ទៅ​នឹង​អាកាសធាតុ ស្រប​តាម​លក្ខណៈ​ភូមិសាស្ត្រ​និង​បង្វឹក​អស់​រយៈពេល​ពី​៦​ខែ​ឬ​ក៏​រហូត​ដល់​១​ឆ្នាំ ។ កណ្តុរ​ដែល​នាំ​ចូល​មកនេះ សុទ្ធតែ​ទទួល​បាន​អាជ្ញាប័ណ្ណ​បញ្ជាក់​ពី​ប្រទេស​ដៃគូ ប្រភព​នៃ​សត្វ​កណ្តុរ ។

ក្រោយ​ពី​ពិនិត្យ​និង​បានការ​ឯកភាព​ពី​ប្រទេស​ដៃគូ​ថា កណ្តុរ​ទាំងនេះ​មាន​លទ្ធភាព​និង​សមត្ថភាព​ក្នុង​ការ​ហិតក្លិន​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ហើយ ប្រទេស​ដៃគូ​បាន​ផ្តល់​ជូន​អាជ្ញាប័ណ្ណ​បញ្ជាក់​សម្រាប់​សកម្មភាព​ប្រតិបត្តិការ​ជាមួយ​សត្វ​កណ្តុរ​ទាំងនេះ ។ កណ្តុរ​នេះ​មាន​តម្លៃ​មួយ​ក្បាល​ស្មើនឹង​៥.០០០​យូ​រ៉ូ បូក​រួម​ទាំង​ប្រាក់ខែ​សម្រាប់​អ្នក​មើលថែ​រក្សា​និង​អាហារ​របស់​វា​ផង ។

ពួក​វា​មាន​សមត្ថភាព​ហិត​រក​ក្លិន​សារធាតុ​ផ្ទុះ អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​សារធាតុ​នោះ បើ​សារធាតុ​ផ្ទុះ​កាន់តែ​ធំ​វា​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ហិតក្លិន ។ វា​មិន​ខុស​គ្នា​ពី​មនុស្ស​យើង​ទេ ក្នុង​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ឬ​ត្រជាក់​ពេក និង​មាន​ភ្លៀង​ធ្លាក់​ជាដើម វា​មិន​អាច​ធ្វើការ​បាន​ពេញលេញ​ទេ ក៏​ប៉ុន្តែ​វា​អាច​ធន់​ទៅ​នឹង​អាកាសធាតុ​ដល់​៣៩​អង្សា​សេ​បាន ។ ប៉ុន្តែ​បើ​ក្តៅ​ខ្លាំង​ក៏​បញ្ជូន​វា​មក​ទី​សម្រាក​សំចត​មួយ​រយៈ ដោយ​ប្តូរផ្លាស់​វេន​មួយ​ក្រុម​ម្តង​ៗ ដើម្បី​ចៀសវាងពី​ហានិភ័យ​ចំពោះ​សុខភាព​របស់​ពួក​វា​ផងដែរ ៕