ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​2​ថ្ងៃ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មក​វិញទៀត​ហើយ​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​ទាំង​ចាស់ ទាំង​ក្មេង យ៉ាងតិច​ជាង​២៥០​នាក់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ

ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​ទាំង​ចាស់ ទាំង​ក្មេង យ៉ាងតិច​ជាង​២៥០​នាក់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ កាលពី​ថ្ងៃ​ទី​២១ និង​២២ ខែមីនា ឆ្នាំ​២០១៧ តាម​ច្រក​ទ្វា​ព្រំ​ដែន​​ចំនួន​២ ក្នុង​ខេត្តបាត់ដំបង ដែល​អាជ្ញាធរ​ថៃ​អះអាង​ថា បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ។ តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ពលករ​៩៣​នាក់​ក្នុង​នោះ​មាន​ស្ត្រី​៣៥​នាក់ និង​ក្មេង​១១​នាក់​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​ខ្មែរ​វិញ​តាម​ច្រក​តំបន់​ភ្នំ​ដី ស្រក​សំពៅ​លូន កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ។ រីឯ​ពលករ​ខ្មែរ​ចំនួន​១៦៥​នាក់​ក្នុង​នោះ​ស្ត្រី​៥១​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ នេះ ។ 

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពលករ​ខ្មែរ​ទាំងនោះ​ត្រូវ​អាជ្ញាធរ​ថៃ​ចោទប្រកាន់​ថា បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ធ្វើការ​ក្នុង​ទឹកដី​ថៃ ។ បើ​តាម​ការ​សួរនាំ​ពលករ​ខ្មែរ​ទាំងនេះ​បាន​និយាយ​ថា ពួក​គេ​ពិតជា​មិន​មាន​លិ​ខិ​ត្រ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មែន ។ ពលករ​ទាំងនេះ​បាន​ប្រាប់​ថា ពួក​គេ​បាន​ចំណាយ​លុយ​ឲ្យ​មេខ្យល់​ដើម្បី​បាន​ឆ្លង​ដែន​តាម​ច្រករបៀង​នានា​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​បើ​តាម​ចម្លើយ​ពួក​គេ​មួយ​ចំនួន​ទើប​ទៅ​ដល់​ទឹកដី​ថៃ និង​ខ្លះ​ទៀត​បាន​ទៅ​ដល់​ធ្វើការ​មួយ​រយៈ​ហើយ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ប្រមូល​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​តែ​ម្ដង ។ 

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​របស់​ភាគី​កម្ពុជា​ចាប់តាំងពី​ដើម​ខែមករា​រហូត​ដល់​ខែមីនា ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​យ៉ាងតិច​ជាង​១​ម៉ឺន​នាក់​ហើយ​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​តាម​ច្រក​ទ្វា​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង និង​តាម​ច្រក​តំបន់​នានា​ក្នុង​ខេត្តបាត់ដំបង ៕