ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៅអី​សភា​របស់​សម្តេច​វិបុល​បញ្ញា​ សុខ អាន មិន​ទាន់​មាន​អ្នក​ជំនួស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែមីនា រដ្ឋសភា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​គណៈរដ្ឋមន្ត្រី អំពី​ការ​រៀបចំ​អ្នក​មក​កាន់​តំណែង​ជំនួស​សម្តេច​វិបុល​បញ្ញា សុខ អាន

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែមីនា រដ្ឋសភា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​គណៈរដ្ឋមន្ត្រី អំពី​ការ​រៀបចំ​អ្នក​មក​កាន់​តំណែង​ជំនួស​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បាន​ទទួលមរណភាព​កន្លង​មក​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា ។

លោក ឈាង វុន បាន​ថ្លែង​ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ថា ក្រោយ​ពី​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ទទួលមរណភាព​រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែមីនា រដ្ឋសភា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​គណៈរដ្ឋមន្ត្រី រឿង​អ្នក​ឡើង​មក​ជំនួស​តំណែង​សម្ដេច សុខ អាន​នៅឡើយ​ទេ ។

លោក​បញ្ជាក់​ថា «​រហូត​មក​ដល់​ពេល​នេះ យើង​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ខាង​គណៈ​រដ្ឋមន្ត្រី​មក​វិញ​ទេ ។ អុ​ី​ចឹ​ង​ហើយ នៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹក​មិ​ញ​នេះ យើង​មិន​ទាន់​បាន​ពិភាក្សា​រឿង​នេះ​ទេ​» ។

លោក​បន្ត​ថា ជា​ទម្លាប់ ជា​ក្បួនខ្នាត​ការងារ​របស់​រដ្ឋសភា នៅ​ពេល​ដែល​មាន​សមាជិក​រដ្ឋសភា​ណា​ទទួលអនិច្ចកម្ម គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) តែងតែ​ផ្ញើ​ឈ្មោះ​អ្នក​បន្ទាប់​ខាងក្រោម​មក​រដ្ឋសភា ដើម្បី​ផ្ដល់​សុពលភាព ។

ទោះជា​យ៉ាងណា​ក្តី បើ​តាម​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ថា ក្រោយ​ពី​មរណភាព​សម្តេច​វិបុល​បញ្ញា សុខ អាន នឹង​មានការ​រុះ​រី​ថ្នាក់ដឹកនាំ​នៅ​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ចំនួន​ដូច​ជា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ក្រ​សូ​ង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

យោង​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្តេច​វិបុល​បញ្ញា សុខ អាន ទទួលមរណភាព​កាលពី​ពេល​ថ្មី​ៗ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏​មិន​មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក មាន​តែ​រដ្ឋមន្ត្រី​ស្តីទី គឺ​លោក​ឧបនាយករដ្ឋមន្ដ្រី ប៊ិ​ន ឈិ​ន ដែល​រាជរដ្ឋាភិបាល​តែងតាំង​ជា​បណ្តោះអាសន្ន​ជា​រដ្ឋមន្ត្រី​ស្តីទី ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជំនួស​សម្ដេច​វិបុល​បញ្ញា សុខ អាន ។ បើ​តាម​ស្ថានការណ៍​បច្ចុប្បន្ន​នេះ និង​ការ​ធ្វើ​កំណែទម្រង់​ប្រកបដោយ​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​៤​រូប នឹង​អាច​ត្រូវ​ផ្លាស់​ប្តូរ​ក្រសួង និង​ចូល​កាន់​តំណែង​ក្នុង​នោះ​រួម​មាន ៖
១-​លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​អន្តរជាតិ នឹង​អាច​ប្តូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួស​តំណែង​សម្តេច​វិបុល​បញ្ញា សុខ អាន ។
២-​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ដ្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​អាច​ប្តូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​អន្តរជាតិ ជំនួស​លោក​ទេស​រដ្ឋមន្ដ្រី ប្រាក់ សុ​ខុន ។
៣-​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​អាច​ប្តូរ​ទៅ​កាន់​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​លោក​ទេស​រដ្ឋមន្ដ្រី អូន ព័ន្ធ​មុនី​រ័​ត្ន  ។
៤-​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ នឹង​អាច​ទៅ​កាន់​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ជំនួស​លោក​រដ្ឋមន្ដ្រី ហង់ ជួនណា​រ៉ុ​ន ។

ទោះជា​យ៉ាងណា​ក្តី គេហទំព័រ​នោះ​មិន​បាន​បញ្ជាក់​ថា​ពិតប្រាកដ​នោះ​ទេ គឺ​គ្រាន់តែ​ជា​ព័ត៌មាន​មាត់ចាបមាត់ព្រាប​ប៉ុណ្ណោះ ។

សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​១៨និង​៣២​នាទី ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧​នៅមន្ទីរពេទ្យ​ទីក្រុង​ប៉េ​កាំ​ង​សាធារណរដ្ឋ​ប្រជាមានិតចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ ។ ក្រោយពី​មរណភាព​របស់​សម្ត​ច​វិបុល​បញ្ញា សុខ អាន បាន
ប៉ុន្មាន​ថ្ងៃ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រគល់​ភារកិច្ច​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន ឲ្យ​ទទួល​ជំនួស​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ៕