ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ជម្រើសជាតិ​ថា ចាន់ វឌ្ឍនាកា ត្រូវ​លេង​ក្នុង​លី​គ​លំដាប់​កំពូល​នៅ​ជប៉ុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​វត្តមាន​បង្ហាញខ្លួន​របស់​កីឡាករ​ចាន់ វឌ្ឍនាកា នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ចេញ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​មួយ​រយៈ គេ​ចាប់អារម្មណ៍​ថា​កីឡាករ​រូប​នេះ​បែក​សាច់​ជាង​មុន និង

រាជធានី​ភ្នំពេញ ៖ ក្នុង​វត្តមាន​បង្ហាញខ្លួន​របស់​កីឡាករ​ចាន់ វឌ្ឍនាកា នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ចេញ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​មួយ​រយៈ គេ​ចាប់អារម្មណ៍​ថា​កីឡាករ​រូប​នេះ​បែក​សាច់​ជាង​មុន និង​មាន​ទម្រង់​លេង​ល្អ​ជាង​មុន ។ យ៉ាងណាមិញ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​អះអាង​ថា មិន​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួត​របស់​គេ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​សមត្ថភាព​លេង​របស់​ចាន់ វឌ្ឍនាកា សម​នឹង​លេង​ដល់​លី​គ​កំពូល​របស់​ជប៉ុន​ឯណោះ គឺ​មិនមែន​ត្រឹម​លេង​ក្នុង​លី​គ​លំដាប់​ទី​៣​ដូច​ពេល​នេះ​ទេ ។
លោក Leonardo  Votorino គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ថ្លែង​ក្នុង​វេទិកា​សន្និសីទកាសែត​មុន​ពេល​ក្រុម​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​ឥណ្ឌា​ថា កីឡាករ​ចាន់ វឌ្ឍនាកា កាន់តែ​មាន​ទម្រង់​លេង​ល្អ​ឡើង បន្ទាប់​ពី​គេ​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន តាម​រយៈ​ឱកាស​បាន​លេង​ឱ្យ​ក្រុម​របស់​ជប៉ុន ដែល​ស្ថិត​នៅ​លី​គ​លំដាប់​ទី​៣​នៅ​ក្នុង​ប្រទេស​នោះ ។ លោក​ថា ចាន់ វឌ្ឍនាកា មាន​ឧបសគ្គ​មួយ​គឺ​រាង​ល្អិត និង​កម្ពស់​ស្ទើរតែ​វា​មិន​មាន​បញ្ហា​ចោទ​ចំពោះ​គេ​នោះ​ទេ ដោយសារ​តែ​ភាព​រហ័ស និង​កម្លាំង​ល្អ​របស់​គេ បាន​រុញ​ឱ្យ​គេ​ប្រកួត​ល្អជា​ពិសេស​បច្ចេកទេស​បណ្ដើរ​បាល់ បោះ​បាល់ និង​ស៊ុត​បាល់ ។ លោក​ថា ផ្អែក​តាម​សមត្ថភាព កីឡាករ​រូប​នេះ​គួរតែ​លេង​ក្នុង​លី​គ​កំពូល​របស់​ជប៉ុន​ទើប​សម ដោយ​មិនមែន​ត្រឹម​លេង​ឱ្យ​តែ​លី​គ​លំដាប់​ទី​៣​ដូច​អ្វី​ដែល​បានឃើញ​ទេ ។ ទោះបី​យ៉ាងណា លោក​ថា អ្វី​ៗ​វា​ស្ថិត​នៅ​លើ​ឱកាស​ដោយ​ចាត់​ទុក​ថា ការ​ចូល​លេង​ឱ្យ​លី​គ​លំដាប់​ទី​៣​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​ពិតជា​ធ្វើ​ឱ្យ​លី​គ​កំពូល​ៗ​នៅ​ក្នុង​ប្រទេស​ជប៉ុន​មានការ​ចាប់អារម្មណ៍ ។ លោក​ថា ចាន់ វឌ្ឍនាកា គឺជា​ធនធាន​កីឡាករ​កម្ពុជា​ដែល​អាច​ឈាន​ចូល​ទីផ្សារ​អន្តរជាតិ​នា​ពេល​អនាគត ដោយសារ​តែ​ផ្អែក​លើ​សមត្ថភាព និង​បច្ចេកទេស​ក្នុង​ការ​ប្រកួត ។ លោក​សរសើរ​ទម្រង់​វៃឆ្លាត​របស់ ចាន់ វឌ្ឍនាកា ដែល​អាច​បត់បែន ហើយ​លេង​បាន​កាន់តែ​ល្អ នៅ​ពេល​បាន​ចូល​ប្រកួត​ជាមួយ​កីឡាករ​ជប៉ុន ។

ចាន់ វឌ្ឍនាកា ត្រូវ​បាន​ប្រកាស​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ហ្វឹកហាត់​ឱ្យ​លូត​កម្ពស់​ជាង​មុន ដោយ​ចប់​ការ​ប្រកួត​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មីនា ម្សិលមិញ លោក​នឹង​ត្រៀម​ឡើង​យន្តហោះ​ត្រឡប់​ទៅ​កាន់​ប្រទេស​ជប៉ុន​វិញ ដោយសារ​តែ​លោក​បាន​កុងត្រា​ជាមួយ​ជប៉ុន គឺ​ចុះ​មក​តែ​អំឡុង​ពេល​ជម្រើសជាតិ​ឈុត​ធំ​របស់​កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​បរទេស និង​ការ​ប្រកួត​ធំ​របស់​ក្រុម​បឹង​កេ​ត​អង្គរ ដែល​លោក​ជ្រកកោន ។

លោក​ប្រកាស​ថា របប​អាហារ អាកាសធាតុ និង​ការ​ហ្វឹកហាត់​ច្រើន​ខុស​បច្ចេកទេស គឺជា​កត្តា​ដែល​ធ្វើ​ឱ្យ​លោក​ឡើង​ធាត់ តែ​លោក​ក៏​បាន​ប្រកាស​ថា បញ្ហា​ឡើង​ទម្ងន់​មិន​ប៉ះពាល់​ចំពោះ​រាង​កាយ​ដូច​គ្នា​នឹង​ការ​បញ្ជាក់​របស់​គ្រូបង្វឹក​ជម្រើសជាតិ ។ លោក​ត្រូវ​គេ​ឃើញ​លេចធ្លោ​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ហាញខ្លួន​ក្រោយ​បាន​ទៅ​រស់នៅ​ប្រទេស​ជប៉ុន​មួយ​រយៈ​លើក​នេះ ។ ក្នុង​នោះ​លោក​ក៏​មាន​គម្រោង​ឡើង​ចុះ​ៗ​បែប​នេះ​ក្នុង​ពេល​បន្តបន្ទាប់​ផង​ដែរ លើកលែងតែ​ការ​ប្រកួត​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ះ​ចំ​ថ្ងៃ​គ្នា​ជាមួយនឹង​ការ​ប្រកួត​លី​គ​ដែល​លោក​លេង​ឱ្យ​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ លោក​ថា ខ្លួន​នឹង​ចប់​កុងត្រា​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​អំឡុង​ដើមឆ្នាំ​២០១៨ គឺ​រយៈពេល​មួយ​ឆ្នាំ តែ​អាច​អស់​ការ​ប្រកួត​នៅ​អំឡុង​ឆ្នាំ​២០១៧ ក៏​ថា​បាន​ដោយសារ​តែ​ពេលវេលា​នៅ​ឆ្ងាយ​នៅឡើយ ។

លោក​ក៏​បាន​ប្រកាស​ថា ស្ថានភាព​រស់នៅ​របស់​លោក​នៅ​ក្នុង​ប្រទេស​ជប៉ុន​ចាប់ផ្ដើម​ផ្សាំ​ខ្លួន​បាន​ល្អជា​ថ្មី​ហើយ បន្ទាប់​ពី​អាកាស​ត្រជាក់ និង​របប​អាហារ​ធ្វើ​ឱ្យ​លោក​ពិបាក​ខ្លះ​កាលពី​ដំបូង ។ លោក​ក៏​ទទួល​បានការ​រីក​ចម្រើន​ផ្នែក​ភាសា​ជប៉ុន​ក្នុង​ការ​ទំនាក់ទំនង​ផង​ដែរ ដោយ​រំពឹង​ថា ទម្រាំ​ចប់​បេសកកម្ម​១​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​នឹង​អាច​និយាយ​បាន​ច្រើន ។ លោក​មិន​ទាន់​រំពឹង​ថា​ខ្លួន​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​សម្រាប់​ការ​បោះ​ជំហាន​ទៅ​ប្រកួត​ក្នុង​លី​គ​កំពូល​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្រោយ​ចប់​កុងត្រា​លេង​ឱ្យ​ក្រុម​ក្នុង​លី​គ​លំដាប់​ទី​៣​នោះ​ទេ តែ​លោក​ប្រកាស​ថា​នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​នេះ ។

យោង​តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​សមាជិក​រួម​ក្រុម កីឡាករ​កម្ពុជា​ចាន់ វឌ្ឍនាកា ក្នុង​ជំហាន​ទៅ​លេង​ឱ្យ​ក្លិប​ល្បីឈ្មោះ​របស់​ជប៉ុន​ពេញ​មួយ​ឆ្នាំ​ក្នុង​ពេល​ខាង​មុខ​នោះ គឺ​ទទួល​បាន​តម្លៃ​ខ្ពស់ ដោយ​តម្លៃ​របស់​លោក​មិន​ក្រោម​កីឡាករ​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​ល្បីឈ្មោះ​ឡើយ ។ យ៉ាងណាមិញ ទិន្នន័យ​លម្អិត​ត្រូវ​បាន​បិទ​ជិត ដោយ​ត្រឹមតែ​មានការ​អះអាង​ថា តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​នេះ​គឺ​មិនធម្មតា ។ ប្រភព​ក្លិប​បឹង​កេ​ត​ដែល​កីឡាករ​ចាន់ វឌ្ឍនាកា ជ្រកកោន​បាន​អះអាង​ថា បើ​ទោះជា​ភាគី​ជប៉ុន គឺ​លោក​Jun Koyama ប្រធាន​ក្លិប​បាល់ទាត់​Fujieda MYFC បាន​ត្រឹមតែ​ជ្រើសរើស​កីឡាករ​រូប​នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដោយ​មិន​បាន​កុងត្រា​ទិញ​យក​ទៅ​លេង​ផ្ដាច់មុខ​រយៈពេល​មួយ​កំណត់​ដូច​គ្នា​នឹង​កីឡាករ​ដែល​លេង​នៅ​ក្នុង​ក្លិប​ជប៉ុន​ផ្សេង​ទៀត​ក្ដី ក៏​តម្លៃ​ខ្លួន​របស់​គេ​ត្រូវ​បាន​បង្ហើប​ថា មិន​ក្រោម​ម៉ឺន​ដុល្លារ​ទម្រាំ​តែ​ចប់​កុងត្រា​មួយ​ឆ្នាំ ។ តម្លៃ​នេះ​នឹង​បន្ត​ឈាន​ឡើង​សម្រាប់​ការ​ព្រមព្រៀង​ក្នុង​ឆ្នាំ​ទី​២ និង​ពេល​កីឡាករ​ចាន់ វឌ្ឍនាកា អាច​ឈាន​ទៅ​លេង​ក្នុង​ក្លិប​លំដាប់​អឺរ៉ុប និង​ពិភពលោក​ក្រោយ​ការ​អភិវឌ្ឍ​សមត្ថភាព​នោះ​ផង ទើប​អ្នក​ណា​ក៏​ចាត់​ទុក​វត្តមាន​ទៅ​បង្ហាញខ្លួន​ក្នុង​ក្លិប​ជប៉ុន​របស់​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា វិស័យ​បាល់ទាត់​កម្ពុជា​រីក​ចម្រើន​និង​បង្ហាញ​ថា កីឡាករ​កម្ពុជា​មិនធម្មតា​លើ​ឆាក​អន្តរជាតិ ។

តាម​គោលការណ៍​របស់​ក្លិប​ជប៉ុន Fujieda MYFC ក្រោយ​កិច្ច​កុងត្រា​ខ្ចី​ជើង​រយៈ​មួយ​ឆ្នាំ​(២០១៧) ចាន់ វឌ្ឍនាកា នឹង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​លើ​ឆាក​អន្តរជាតិ ដើម្បី​យក​បច្ចេកទេស​ទាំងនោះ​មក​បង្ហាត់បង្ហាញ​ដល់​កីឡាករ​កម្ពុជា​ក្នុង​វិស័យ​បាល់ទាត់ ៕