ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​បង្ក​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កិច្ចប្រជុំ G20

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​សៅរ៍ សហរដ្ឋអាមេរិក​បាន​ប្រឆាំង​នឹង​គោលការណ៍​ពិភពលោក ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ដោយ​បាន​បដិសេធ​លើ​ការ​ប្រឆាំង​នឹង​គំនិត​ការពារ​និយម និង​គំរាម​ថា នឹង​ចរចា​លើ​កិច្ចព្រមព្រៀង

កាលពី​ថ្ងៃ​សៅរ៍ សហរដ្ឋអាមេរិក​បាន​ប្រឆាំង​នឹង​គោលការណ៍​ពិភពលោក ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ដោយ​បាន​បដិសេធ​លើ​ការ​ប្រឆាំង​នឹង​គំនិត​ការពារ​និយម និង​គំរាម​ថា នឹង​ចរចា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ថ្មី ។

ខណៈ​ការ​ចាប់ផ្តើម​អនុម័ត​គោលនយោបាយ​អា​មេ​រិ​ក​ទី​មួយ​របស់​លោក Donald Trump រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ក្រុម G20 បាន​បរាជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​អា​មេ​រិ​ក​បន្ត​សន្យា​ថា នឹង​ប្រឆាំង​គំនិត​ការពារ​និយម ។

ការ​ប្តេជ្ញា​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី រួម​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏​គ្មាន​ក្នុង​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​ដែរ​។ ផ្នែក​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​ត្រូវ​បាន​បោះបង់​ចោល​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​ដៃគូ​អា​មេ​រិ​ក និង​ជន​សកម្ម​ផ្នែក​បរិស្ថានស្រងាកចិត្ត ។

លោក Steven Mnuchin លេខាធិការ​រតនាគារ​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា បម្រែបម្រួល​អាកាសធាតុ គឺ​មិន​ទាក់ទង​នឹង​បញ្ហា​ពិភពលោក​ពេល​នេះ​ទេ ។ លោក​ថ្លែង​ថា ៖ « អ្វី​ទាក់ទង ដូច​អ្វី​ដែល​ពួក​យើង​បាន​យល់​ស្រប​ជា​ក្រុម​នោះ គឺ​ពង្រឹង​ការ​ចូលរួម​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​សេដ្ឋកិច្ច​របស់​ពួក​យើង » ។

លោក​បន្ថែម​ថា ៖ « ពួក​យើង​នឹង​ព្យាយាម​កាត់​បន្ថយ​អ​តុល្យភាព​ដើម្បី​លើកតម្កើង​ការ​រាប់​បញ្ចូល​យុត្តិធម៌ និង​កាត់​បន្ថយ​វិសមភាព ។ អ្វី​ដែល​សហរដ្ឋអាមេរិក​ចង់បាន គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរីនិង​យុត្តិធម៌​ដែល​ល្អ​សម្រាប់​អា​មេ​រិ​ក និង​ពិភពលោក » ។

ប៉ុន្តែ​លោក​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​គ្មាន​តុល្យភាព​ទេ និង​ព្រមាន​ថា អា​មេ​រិ​ក​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចរចា​ជា​ថ្មី​ឡើយ ។
លោក​បាន​ប្រាប់​អ្នកកាសែត​ថា ៖ « ពួក​យើង​ចង់​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ឡើង​វិញ ហើយ​យើង​បាន​និយាយ​ពី​ការ​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង NAFTA ម្តងទៀត​ផង​ដែរ » ។

លោក​បន្ថែម​ថា ៖ « ពួក​យើង​គិត​ថា ផ្នែក​មួយ​ចំនួន​របស់ WTO មិន​ត្រូវ​បាន​អនុម័ត​ឡើយ ហើយ​យើង​នឹង​ព្យាយាម​អនុម័ត​វា​ឲ្យ​បាន​តឹង​រឹ​ុ​ង​ដើម្បី​អត្ថប្រយោជន៍​របស់​ពលករ​ក្នុង​អា​មេ​រិ​ក ប្រសិនបើ​កិច្ចព្រមព្រៀង​ទាំងនោះ​មាន​សភាព​ចាស់ និង​ត្រូវការ​ការ​ចរចា​ជា​ថ្មី ពួក​យើង​នឹង​ពិចារណា​ថា នឹង​ធ្វើ​ដូច្នេះ » ។

លោក Trump បាន​អះអាង​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី Angela Merkel ថា ៖ « ខ្ញុំ​គឺជា​ពាណិជ្ជករ​សេរី ហើយ​ក៏​ជា​ពាណិជ្ជករ​យុត្តិធម៌​មួយ​ដែរ​» ។ លោក​ក៏​បាន​បញ្ជាក់​ថា គោលនយោបាយ​របស់​លោក​មិនមែន​ជា​គោលនយោបាយ​ឯកា​និយម​ទេ ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង លោក Michel Sapin បាន​បង្ហាញ​ភាព​សោកស្តាយ​លើ​ការ​ពិភាក្សា ដែល​មិន​បាន​សម្រេច​ចុង​ក្រោយ​ទៅ​លើ​បញ្ហា​សំខាន់​ៗ​ទាំង​ពីរ គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​បម្រែបម្រួល​អាកាសធាតុ ។

លោក Li Shuo មក​ពី​អង្គការ Greenpeace East Asia បាន​បន្ទោស​សហរដ្ឋអាមេរិក​ព្រោះ​ប្រទេស​នេះ​បង្ហាញ​ពី​ការ​មិន​យកចិត្តទុកដាក់​លើ​ការ​បម្រែបម្រួល​អាកាសធាតុ ។ លោក​បន្ថែម​ថា ៖ « ប្រទេស​ដទៃ​មិន​គួរ​អនុញ្ញាត​ឲ្យ​រឿង​បែប​នេះ​កើតឡើង​ម្តងទៀត​ឡើយ » ៕