ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដើរតួ​នាទី​ជំរុញ​ប្រទេស​សមាជិក WTO អនុគ្រោះ​ពន្ធគយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា កម្ពុជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក WTO ផ្តល់​ភាព​អនុគ្រោះ​ពន្ធគយ និង​មិន​ជាប់​កូតា សម្រួល​ដល់​វិធាន​ប្រភព​ដើម​ទំនិញ

ខេត្តសៀមរាប ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា កម្ពុជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក WTO ផ្តល់​ភាព​អនុគ្រោះ​ពន្ធគយ និង​មិន​ជាប់​កូតា សម្រួល​ដល់​វិធាន​ប្រភព​ដើម​ទំនិញ ផ្តល់​ភាព​អនុគ្រោះ​ក្នុង​វិស័យ​សេវា ព្រមទាំង​ផ្តល់​ជំនួយ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២០ មីនា ក្នុង​ពិធី​បើក​កិច្ចប្រជុំ​តុមូល​លើក​ទី​៥ ស្តី​ពី​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖ « កាតព្វកិច្ច​ចំពោះ​មុខ​សម្រាប់​យើង​ទាំងអស់​គ្នា​ក្នុង​នាម​ជា​ប្រទេស LDCs គឺ​ត្រូវធ្វើ​យ៉ាងណា ឱ្យ​ការ​ចរចា​សម្រេច​បាន​ជោគជ័យ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ នៅ​ថ្ងៃ​ទី​១១ ដល់​១៤ ធ្នូ ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទី​ន » ។

ទន្ទឹម​គ្នា​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រទេស LDCs ទាំងអស់ ចូលរួម​យ៉ាង​សកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​គាំពារ​កសិកម្ម​ក្នុងស្រុក ការ​ស្តុក​ទុក​ស្បៀង​បម្រុង​ដើម្បី​ធានា​សន្តិសុខ​ស្បៀង ការ​ឧបត្ថម្ភ​វិស័យ​ជលផល ការ​ធ្វើ​ពាណិជ្ជកម្ម​និង​បរិស្ថាន និង​ការ​ផ្តល់​ប្រព្រឹត្ត​កម្ម​ពិសេស និង​ដោយឡែក​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ឱ្យ​បាន​ចប់​សព្វគ្រប់ មុន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ។

លោក ដា​វី​ដ ស្យា​ក អគ្គនាយករង​អង្គការ​WTO មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​តុមូល​ចិន​លើក​ទី​៥ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដើម្បី​គាំទ្រ​ការ​ចូលរួម​ជា​សមាជិក​អង្គការ WTO តាម​រយៈ​កិច្ចសន្យា​គោលនយោបាយ និង​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ចូល​ជា​សមាជិក និង​ក្រោយ​ការ​ចូល​ជា​សមាជិក ។ លោក​ថា ៖ «​ខ្ញុំ​សង្ឃឹមថា ពួក​គេ (LDCs) នឹង​ស្តាប់​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចែករំលែក​ការ​គាំទ្រ និង​ជំនួយ​បច្ចេកទេស​តាម​លទ្ធផល សំដៅ​ឆ្លើយ​តប​តម្រូវការ​ជាក់លាក់​សម្រាប់​ចូល​ជា​សមាជិក​របស់​ប្រទេស​កំពុង​ស្នើ​សុំ និង​ប្រទេស​ចូល​ជា​សមាជិក​ថ្មី​ៗ » ។

លោក វ៉ាង ស៊ូ​វិ​ន អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន មាន​ប្រសាសន៍​ថា ៖ « ក្នុង​នាម​ជា​សមាជិក​អង្គការ WTO យើង​ត្រូវ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ។ ប្រទេស​ចិន​តាំងចិត្ត​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​បើកចំហ​តម្លាភាព​បរិ​យា​ប័ន្ន និង​មាន​អត្ថប្រយោជន៍​សម្រាប់​ទាំងអស់​គ្នា » ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​បន្ថែម​ថា កិច្ចប្រជុំ​តុមូល​ចិន​លើក​ទី​៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ហើយនឹង​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​សំខាន់​ដូច​ជា បទ​ពិសោធន៍​ពី​ការ​ចូលរួម​ជា​សមាជិក​អង្គការ WTO របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំង​៩ ជា​បទ​ពិសោធន៍​របស់​ប្រទេស​លី​បេ​រី​យ៉ា​, និន្នាការ​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ចំណែក​នៃ​ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដោយ​ផ្តោត​លើ​វិធាន​នានា និង​លទ្ធភាព​ជ្រៀតចូល​ក្នុង​ទីផ្សារ​, មធ្យោបាយ​ធ្វើ​ឱ្យ​សមាជិក​នានា និង​សហគមន៍​ពាណិជ្ជកម្ម​អន្តរជាតិ​អាច​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បញ្ចប់​កិច្ចការ​ស្នើ​សុំ​ជា​សមាជិក​របស់​ប្រទេស​កូ​ម៉ូ​រ៉ូ​ស និង​ស៊ូ​ដង់​ឱ្យ​បាន​ឆាប់​, វិធី​ដែល​សមាជិក​នានា​អាច​ជួយ​ជំរុញ​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​កិច្ចការ​ស្នើ​សុំ​ចូល​ជា​សមាជិក​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​នៅ​ដំណាក់កាល​ក្រោយ​ពេល​ចូល​ជា​សមាជិក​ដើម្បី​សម្រួល​សមាហរណកម្ម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ក្នុង​សេដ្ឋកិច្ច​សកលលោក ៕