ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ទន្លេ​ឆ្នាំ​នេះ​ក្រោម​ប្រធាន បទ «​ទន្លេ​ ផ្សារ​ភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ដែល​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​នៃ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ដែល​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​តាម​តំបន់​ដង​ទន្លេ​ប្រកបដោយ​និរន្ដរភាព និង​ការ​ទទួលខុសត្រូវ ជា​ពិសេស ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ឈរ​លើ​ការ​ប្ដេជ្ញា​ចិត្ត​រួម​មួយ​ច្បាស់លាស់​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌ ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៣​នេះ គឺ «​ទន្លេ​ផ្សារ​ភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន » ។ នេះ​បើ​យោង​តាម​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើ​ជូន​ជនរួមជាតិ​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៣ នៅ​ខេត្តស្ទឹងត្រែង ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ មីនា ខាង​មុខ​នេះ ។

ក្នុង​សារលិខិត សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ​ដើរតួ​នាទី​ជា «​មាស​បៃតង​» រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម តាម​រយៈ​ការ​បង្កើត និង​បង្កើន​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ជំរុញ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង ទ្រទ្រង់​កំណើនសេដ្ឋកិច្ច បង្កើន​ចំណូល​ជាតិ ចូល​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស ចូលរួម​ការ​ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាសធាតុ ដែល​ជា​បញ្ហា​ប្រឈម​ជាស​កល។

ជាមួយ​គ្នា​នេះ វិស័យ​ទេសចរណ៍​បាន​និង​កំពុង​លើកកម្ពស់​កិត្យានុភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​ផង​ដែរ ។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៦​កន្លង​មកនេះ ក្រុមប្រឹក្សា​ពាណិជ្ជកម្ម និង​ទេសចរណ៍​អឺរ៉ុប បាន​ជ្រើសរើស​ព្រះរាជាណាចក្រ​កម្ពុជា ជា «​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក ឆ្នាំ​២០១៦» និង​ជា «​គោលដៅ​វប្បធម៌​ពេញ​និយម​ក្នុង​ឆ្នាំ​២០១៦» ដែល​នេះ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យក្ស​ពី​សភាពការណ៍​ពិត​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​អរិយ​ភាព​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍ «​វប្បធម៌ និង​ធម្មជាតិ​» ហើយ​កម្ពុជា​បាន​និង​កំពុង​ក្លាយជា​បេះដូង និង​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

ទន្ទឹម​នឹង​នេះ ភាព​សម្បូរ​បែប​នៃ​សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ បាន​និង​កំពុង​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព ភាព​ទាក់ទាញ​ខ្ពស់ និង​ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក និង​ប្រកបដោយ​ភាព​កក់ក្ដៅ « ASEAN: The World –Class Destination» និង «ASEAN: Fells the Warmth» ។ ស្រប​ពេល​ដែល​ទេសចរណ៍​តាម​ដង​ទន្លេ ជា​ពិសេស ទេសចរណ៍​មេគង្គ​បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ក៏​ដូច​ជា​តំបន់​អាស៊ាន ។

ទន្ទឹម​នឹង​នេះ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម ការ​បង្កើត និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ប្រកបដោយ​ការ​ច្នៃប្រឌិត​ខ្ពស់ ជា​ពិសេស ទេសចរណ៍​តាម​នាវា សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ ព្រមទាំង​រួមចំណែក​ជំរុញ​កា​រត​ភ្ជាប់​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជា​ពិសេស ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ និង​មេគង្គ​-​ជប៉ុន ជាដើម ។

រាជរដ្ឋាភិបាល​នឹង​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នេះ​ជា​រៀង​រាល់​ឆ្នាំ​នា​ពេល​អនាគត​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ដង​ទន្លេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទាំង​អស់នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស ការ​អភិវឌ្ឍ​ផលិតផល​តាម​ដង​ទន្លេ រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ទាំង​ក្នុង​តំបន់ និង​ឆាក​អន្ដរជាតិ ។

សម្ដេច​តេ​ជោ​បាន​ថ្លែង​ក្នុង​សារលិខិត​ថា ៖ « ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បងប្អូន​ជនរួមជាតិ ទាំងអស់ វិស័យ​ឯកជន សហគ្រាស​ធុន​តូច និង​មធ្យម​ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើ​ឲ្យ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៣​នេះ និង​បុណ្យ​ទន្លេ​ជា​បន្ដបន្ទាប់ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​ជោគជ័យ » ។

សម្ដេច​បន្ដ​ថា ៖ « ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ទេសចរ​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សកម្មភាព​ចលនា​ប្រឡង​ប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» និង​សហការ​ថែរក្សា​ដង​ទន្លេ​ឲ្យ​ស្រស់​ស្អាត​គង់វង្ស​យូរអង្វែង​ដើម្បី​បន្ដ​ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ ។ ក្នុង​ន័យ​ទាំង​អស់នេះ ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយទៀត​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ដែល​ជា​កត្តា​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ចំណូល ការ​បង្កើន​ការងារ និង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ពិសេស​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ និង​កម្ពុជា ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ សាមគ្គីភាព និង​មិត្តភាព » ៕