ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក គឹ​ម សុខ ជា​លើក​ទី​២ មក​សាកសួរ​ឡើង​វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​លើក​ទី​២​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២១ មីនា ២០១៧ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស

រាជធានី​ភ្នំពេញ ៖ ជា​លើក​ទី​២​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២១ មីនា ២០១៧ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ឲ្យ​នាំ​ខ្លួន​លោក គឹ​ម សុខ មក​សាកសួរ​ឡើង​វិញ ដែល​គិត​ពី​ថ្ងៃ​ចាប់ខ្លួន​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​ជា​ផ្លូវការ​នោះ​ទេ​។

ថ្ងៃនេះ​ចាត់ទុកជា​លើក​ទី​២ ដែល​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ តម្រូវ​សាកសួរ​យក​ចម្លើយ​ពី​ជនជាប់សង្ស័យ​ឈ្មោះ គឹ​ម សុខ ដែល​អម​ដោយ​លោក ជួង ជូ​ងី ជា​មេធាវី​ការពារ​ក្តី​ចូលរួម​ស្តាប់​ផង​ដែរ​។ ប៉ុន្តែ​លទ្ធផល​ឆ្លើយ​មិន​ឆ្លើយ នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា ២០១៧ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ បាន​បង្គាប់​ទៅ​សមត្ថកិច្ច​ពន្ធនាគា​ព្រៃ​ស ឲ្យ​នាំ​ខ្លួន​លោក គឹ​ម សុខ អ្នកវិភាគ​នយោបាយ និង​ជា​អ្នក​តាមដាន​កិច្ចការ​សង្គម ដែល​កំពុង​ជាប់​នៅ​ក្នុង​ឃុំ ឲ្យ​មក​សាកសួរ​ម្តង​រួច​ហើយ​ដែរ ប៉ុន្តែ​លោក គឹ​ម សុខ មិន​ឆ្លើយ​អវត្តមាន​មេធាវី ។ សំណុំរឿង​លោក គឹ​ម សុខ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​មាន​ពីរ​បទល្មើស​ទី​១.​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ និង​ទី​២.​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​យក​មក​សាកសួរ​ឡើង​វិញ យោង​លើ​ពាក្យបណ្តឹង​របស់​លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​

។ សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ដៃ​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក គឹ​ម សុខ នៅ​តែ​ប្រកាន់​ជំហរ មិន​និយាយ​មិន​ឆ្លើយ នូវ​អី្វ​ទាំងអស់​រាល់​សំណួរ របស់​លោក​ចៅក្រម​ស៊ើបសួរ​។ ហើយ​ក៏​មិនមែន​តែ​លើក​នេះ​ទេ តាំងពី​ពេល​ចាប់ខ្លួន​ទាំង​នៅ​ដំណាក់កាល​តំណាង​អយ្យការ ក៏​ដូច​ជា​ខាង​ចៅក្រម​ដែរ ពោល​គឺ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​ពី​លោក គឹ​ម សុខ ជា​ផ្លូវការ​នៅឡើយ នេះ​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ទោះជា​យ៉ាងណា​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ដោយ​អាណត្តិ​ឲ្យ​លោក គឹ​ម សុខ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា នេះ​ដែរ​ថា ក្នុង​នាម​លោក​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់សង្ស័យ​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ដើម្បី​សុំ​ពន្យា​ពេល​ក្នុង​ការ​ឲ្យ​នាំ​កូនក្តី​មក​សាកសួរ​នៅ​ព្រឹក​នេះ​ដែរ ដោយសារ​រូប​លោក​ជាប់រវល់​នៅ​សាលាឧទ្ធរណ៍ មិន​បាន​ទៅ​ស្តាប់​ចម្លើយ ឬ​ក៏​អាច​ថា​មិន​បាន​នាំ​កូនក្តី​ជូន​លោក​ចៅក្រម​សាកសួរ​តាម​នីតិវិធី​នោះ​ទេ។

លោក​មេធាវី ជួង ជូ​ងី ប្រាប់​តាម​ទូរស័ព្ទ​ទៀត​ថា ការ​ស្នើ​សុំ​លោក​ចៅក្រម​ពន្យា​ពេល​នោះ មិន​បាន​ជោគជ័យ​ទេ ដូច្នោះ​ហើយ​បានជា​អនុរក្ស​ពន្ធនាគារ នាំ​កូនក្តី​លោក​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការ​បង្គាប់​របស់​លោក​ចៅក្រម​ស៊ើបសួរ​។ ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ដដែល​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​លោក គឹ​ម សុខ យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​វិញ​៕