ខេត្តពោធិ៍សាត់ ៖ រថយន្ដមួយគ្រឿងបានបើកទៅកៀរម៉ូតូត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យអ្នកជិះម៉ូតូដួលបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល នៅគល់ស្ពានថ្មត្រើយខាងលិចខាងមុខសាលាខេត្តត្រង់ចំណុចផ្លូវបែកជាបួនស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ សមត្ថកិច្ចនគរបាលឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន សាល ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន ឃុំស្វាយលួង ស្រុកកណ្ដៀង ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ធិ៍សាត់ 1A-2622។
ចំណែករថយន្ដម៉ាកវីហ្គោពណ៌ទឹកប្រាក់ពាក់ស្លាកលេខពោធិ៍សាត់ ២A-1966។ នៅរសៀលនោះគេឃើញជនរងគ្រោះជិះម៉ូតូពីជើងទៅត្បូង រីឯរថយន្ដធ្វើដំណើរឆ្លងស្ពានក្នុងទិសដៅពីកើតទៅលិច។ ទាំងរថយន្ដ និងម៉ូតូសុទ្ធតែមិនបង្អង់ល្បឿនដូចគ្នា។ លុះពេលទៅដល់ចំណុចផ្លូវបែកជាបួន ម៉ូតូត្រង់ទៅមុខ ឯរថយន្ដបត់ស្ដាំក៏កៀរម៉ូតូដួលតែម្ដងបណ្ដាលឲ្យបោកក្បាលនឹងថ្នល់ហូរឈាមសន្លប់ស្ដូកស្ដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជាបន្ទាន់។
ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។ រថយន្ដ និងម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីដោះស្រាយនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ