ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនបរទេស​ដែល​ស្នាក់​នៅ និង​ធ្វើ​ការងារ​ខុសច្បាប់​១៩​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនបរទេស​ចំនួន​១៩​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់ និង​ជនជាតិ​ថៃ​ចំនួន​៤​នាក់ ដែល​បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ

រាជធានី​ភ្នំពេញ ៖ ជនបរទេស​ចំនួន​១៩​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់ និង​ជនជាតិ​ថៃ​ចំនួន​៤​នាក់ ដែល​បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍ ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​។

បន្ទាប់​មក​បាន​បញ្ជូន​បន្ត​ទៅ​ធ្វើការ​សួរនាំ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មុខ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ប្រតិបត្តិការ​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​ព្រឹក ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​ជួល ស្ថិត​នៅ​ក្នុង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រ​ធា​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

រួម​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ នគរបាល​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​នា​ពេល​នេះ​មាន​ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់  គ្មាន​ឯកសារ​ត្រឹមត្រូវ​បាន​លួច​ឆ្លង​ដែន ស្នាក់​នៅ និង​ប្រកប​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ និង​ជនជាតិ​ថៃ​ចំនួន​០៤​នាក់ មាន​លិខិតឆ្លងដែន​៤​ក្បាល ប្រើប្រាស់​ទិដ្ឋាការ (E) មាន​សុពលភាព​ត ប៉ុន្តែ​គ្មាន​សៀវភៅ​ការងារ​ទាំង​០៤​នាក់​។

កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី នៃ​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ហើយ​ចុះ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។ ក្រោយ​ពេល​ឃាត់​បាន ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា​ខុសច្បាប់​ទាំងអស់ ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​លួច​ស្នាក់​នៅ និង​ធ្វើ​ការងារ​ខុសច្បាប់​ទើប​បញ្ជូន​ទៅ​សាកសួរ និង​រង់ចាំ​ចាត់ការ​តាម​ច្បាប់​៕