ប្រទេសប្រេស៊ីល ៖ ប៉ូលិសប្រេស៊ីលបានចាត់វិធានការឆែកឆេរក្រុមហ៊ុនផលិតសាច់ក្នុងសប្តាហ៍មុន បន្ទាប់ពីចោទប្រកាន់ក្រុមហ៊ុនទាំងនោះថា បានសូកប៉ាន់អ្នកត្រួតពិនិត្យដើម្បីអនុញ្ញាតឲ្យមានការលក់សាច់ដែលខូច និងមានបាក់តេរីសាម៉ូនែលឡា ។
ក្រុមហ៊ុន JBS និង BRF ផលិតសាច់ធំជាងគេ និងលក់ទៅកាន់ប្រទេសទូទាំងពិភពលោក គឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានឆែកឆេរ ។ ប៉ូលិសនិយាយថា វិធានការនេះបានប្រទះឃើញមានការសូកប៉ាន់ច្រើនជាង៣០ករណីទៅទៀត ។
ប៉ូលិសបាននិយាយក្នុងសន្និសីទកាសែតមួយដែរថា សាច់មួយចំនួនបានលក់ទៅកាន់សាលារៀនរដ្ឋ ។ ពួកគេថែមទាំងមានភស្តុតាងបញ្ជាក់ថា សាច់ខ្លះត្រៀមទុកលក់ទៅកាន់ទីផ្សារប្រទេសអុីតាលី និងអេស្ប៉ាញទៀតផង។ ប៉ូលិសបញ្ជាក់ថា ភ្នាក់ងារចំនួន១.១០០នាក់បានចូលរួមក្នុងវិធានការនេះ ។
ពួកគេបន្តថា ក្នុងចំណោមអ្នកដែលបានចាប់ខ្លួន មាន២នាក់គឺជាបុគ្គលិករបស់ JBS និង ៣នាក់ជាបុគ្គលិករបស់ BRF ។
ព័ត៌មាននេះបានបង្កការខឹងសម្បាក្នុងប្រទេសប្រេស៊ីល ដែលកំពុងតែជួបប្រទះនឹងបញ្ហាអំពើពុករលួយរួចមកហើយ ។
ជាមួយគ្នានេះ កាលពីថ្ងៃសុក្រ ភាគហ៊ុនរបស់ JBS បានធ្លាក់ចុះ១០% ខណៈភាគហ៊ុនរបស់ BRF ធ្លាក់ចុះ៧% ។
ក្រុមហ៊ុនផលិតសាច់ធំជាងគេរបស់ពិភពលោក គឺ JBS និយាយថា គ្មានអគ្គនាយកណាម្នាក់របស់ពួកគេត្រូវបានសាកសួរក្នុងការស៊ើបអង្កេតទេ ហើយការិយាល័យធំក៏មិនត្រូវបានសំដៅលើដែរ ។ ក្រុមហ៊ុននេះនិយាយថា ផលិតផលរបស់ខ្លួនមានស្តង់ដាអន្តរជាតិ ហើយពួកគេគាំទ្រការផ្តន្ទាទោសអ្នកដែលល្មើសនឹងច្បាប់ ។
ក្រុមហ៊ុននេះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេមានជំនឿចិត្តយ៉ាងខ្លាំងក្លាលើដំណើរការផលិតកម្ម និងគុណភាពផលិតផលរបស់ខ្លួន ។ JBS ថែមទាំងនិយាយទៀតថា បុគ្គលិកដែលត្រូវបានចាប់ខ្លួននោះ គ្មានតួនាទីក្នុងផ្នែកគុណភាពផលិតផល ឬដំណើរការផលិតទេ ៕
ចែករំលែកព័តមាននេះ