ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​ប្រាក់​រៀល​កើនឡើង​ក្នុង​រយៈពេល​2​ទសវត្សរ៍​ចុង​ក្រោយ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​អះអាង​ថា ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​ប្រាក់​រៀល​បាន​កើនឡើង​ក្នុង​អត្រា​ជា​មធ្យម​១៧%​សម្រាប់​វិស័យ​ទេសចរណ៍ និង​២៦%​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​អះអាង​ថា ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​ប្រាក់​រៀល​បាន​កើនឡើង​ក្នុង​អត្រា​ជា​មធ្យម​១៧%​សម្រាប់​វិស័យ​ទេសចរណ៍ និង​២៦%​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ។

ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​ពិធី​អបអរសាទរ​នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​លើក​ទី​៣៧ នា​ព្រឹក​ថ្ងៃ​ទី​២០ មីនា ថា ការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នា​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយសារ​ការ​ជឿ​ទុកចិត្ត​របស់​សាធារណជន​មក​លើ​ប្រាក់​រៀល ។ ជាក់ស្ដែង ការ​ប្រើប្រាស់​ប្រាក់​រៀល​នា​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​បាន​កើនឡើង ។

យោង​តាម​លទ្ធផល​អង្កេត​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ទៅ​លើ​ស្ថានភាព​ដុល្លា​រូប​នី​យ​កម្ម​នៅ​កម្ពុជា បង្ហាញ​ថា ប្រាក់​រៀល​មាន​វិសាលភាព​ចរាចរណ៍​នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​លើសលប់​នៅ​តំបន់​ជនបទ ខណៈ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​មាន​វត្តមាន​ច្រើន​នៅ​តំបន់​ទីប្រជុំជន ពិសេស​នៅ​រាជធានី​ភ្នំពេញ ។

លោក​ជំទាវ​បន្ត​ថា ៖ « ការ​ប្រើប្រាស់​ប្រាក់​រៀល​មាន​សារសំខាន់​ណាស់​ចំពោះ​សង្គម និង​សេដ្ឋកិច្ចជាតិ​ទាំងមូល ។ ចំពោះ​សេដ្ឋកិច្ចជាតិ​វិញ ប្រាក់​រៀល​ក៏​បាន​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ និង​គោលនយោបាយ​អត្រា​ប្ដូរ​ប្រាក់​ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទាំងមូល​ផង​ដែរ » ។

លោក​ជំទាវ​បន្ថែម​ថា ៖ « តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​បាន​រួមចំណែក​ជំរុញ​ការ​វិនិយោគ និង​បង្កើត​ការងារ​តាម​រយៈ​ឥទ្ធិពល​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​លើ​ការ​បន្ទាប​អត្រា​ការ​ប្រាក់​ទីផ្សារ ដែល​ជា​កត្ដា​កំណត់​និន្នាការ​នៃ​ប្រាក់​សម្រាប់​ការ​វិនិយោគ និង​ផលិតផល និង​ឈាន​ទៅ​ជំរុញ​ឲ្យ​មានការ​បង្កើត​ការងារ » ។

លើស​ពី​នេះ​ទៀត ការ​ប្រើប្រាស់​ប្រាក់​រៀល នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​បោះពុម្ព និង​ស្រូប​យក​នូវ​រូប​និ​យ​ប័ណ្ណ ក៏​ដូច​ការ​គរ​ពូន​ជា​ទុនបម្រុង​សម្រាប់​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។ សំខាន់​ជាង​នេះ​ទៀត រាជរដ្ឋាភិបាល​អាច​អភិវឌ្ឍន៍​ទីផ្សារ​សញ្ញាប័ណ្ណ​ចារឹក​ជា​ប្រាក់​រៀល​ដ៏​រឹង​មាំ​មួយ ដើម្បី​គាំទ្រ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កាត់​បន្ថយ​ពី​បរទេស​តាម​រយៈ​ការ​កៀរគរ​មូលនិធិ​ពី​សាធារណជន ។

លោក​ជំទាវ​បន្ត​ថា កំណើន​ជំនឿ​ទុកចិត្ត​លើ​ប្រាក់​រៀល​បាន​ផ្ដល់​សុទិដ្ឋិនិយម​លើ​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ជា​ពិសេស គាំទ្រ​ដោយ​វត្តមាន​នៃ​បុ​រេ​លក្ខខណ្ឌ​ចម្បង​ៗ រួម​មាន ទស្សនវិស័យ​វិជ្ជមាន​ចំពោះ​កំណើនសេដ្ឋកិច្ច ក្នុង​រយៈពេល​មធ្យម​ជាមួយ​ស្ថិរភាព​ម៉ា​ក្រូ​ហិរញ្ញវត្ថុ​យ៉ាង​រឹង​មាំ ។ ដូចនេះ​ហើយ​បានជា​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​បន្ត​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សាធារណជន​ទាំងអស់​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​ពិតជា​កើនឡើង​ក្នុង​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​មាន​កម្រិត​នៅឡើយ ដែល​បញ្ហា​នេះ​អាច​ជះ​ឥ​ទិ្ធ​ពល​មិនល្អ​ដល់​សេដ្ឋកិច្ចជាតិ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​ប្រើប្រាស់​ប្រាក់​ដុល្លារ ពេល​ដុល្លារ​ឡើងថ្លៃ នឹង​ធ្វើ​ឲ្យ​ទំនិញ​កម្ពុជា​ឡើងថ្លៃ និង​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​របស់​កម្ពុជា ។

លោក​បន្ត​ថា ៖ « មានការ​លើក​ឡើង​ពី​ផលប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ ប៉ុន្តែ​ក្នុង​រយៈពេល​វែង សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ពឹងផ្អែក​លើ​ប្រាក់​រៀល​ដែល​ជា​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច និង​ជា​មូលដ្ឋាន​នៃ​កំណើនសេដ្ឋកិច្ច និង​មោទនភាព​ជាតិ » ។ លោក​បន្ត​ថា ៖ « បើ​គិត​ពី​និរន្តរភាព​សេដ្ឋកិច្ច ផលប្រយោជន៍​សេដ្ឋកិច្ច ទាមទារ​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច ប៉ុន្តែ​ទាមទារ​ឲ្យ​មានការ​ថ្លឹងថ្លែង​ផង​ដែរ ជា​ពិសេស បើ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រាក់​រៀល តើ​ប្រាក់​រៀល​មាន​ចំណុច​ពិសេស​អ្វី​ទាក់ទាញ​គេ » ៕