ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​2​ខែ​ដើមឆ្នាំ​មាន​សញ្ញា​ល្អ​ឡើង​វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​នេះ មាន​សញ្ញា​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​១​លាន​នាក់ កើនឡើង​១២,១% ធៀប​

រាជធានី​ភ្នំពេញ ៖ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​នេះ មាន​សញ្ញា​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​១​លាន​នាក់ កើនឡើង​១២,១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បញ្ជាក់​ថា ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​១​លាន​៨​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​១៧២.៤៣៨​នាក់ កើនឡើង​១៦% ។​   

ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ លោក គង់ សុភា​រក្ស បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៧ មីនា​ថា ស្ថានភាព​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះ ទំនងជា​ភ្ញៀវ​ចិន​នាំមុខ​ភ្ញៀវ​មក​ពី​ប្រទេស​វៀតណាម ។ ជា​ទូទៅ ស្ថានភាព​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ឆ្នាំ​នេះ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន ដោយសារ​កំណើនសេដ្ឋកិច្ច​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់ ដែល​ប្រទេស​ចិន​បាន​ជួយ​ច្រើន​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ការ​ភ្ជាប់​ជើងហោះហើរ​កាន់តែ​ច្រើន ការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា និង​ការ​សម្រួល​ទិដ្ឋាការ​ឲ្យ​ភ្ញៀវ​ចិន និង​កូរ៉េ​អាច​ចេញចូល​បាន​ច្រើន​ដង ។

លោក​បន្ត​ថា ៖ « លោក​រំពឹង​ថា នៅ​ដំណាច់ឆ្នាំ​នេះ កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​១​លាន​នាក់ ហើយ​តួលេខ​ព្យាករណ៍​ដោយ​ក្រសួង​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៥,៤​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​នេះ » ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា ថ្លែង​ថា វា​ជា​សញ្ញា​ល្អ​មែនទែន​សម្រាប់​កម្ពុជា និង​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ទាំងមូល ហើយ​វា​ឆ្លុះ​បញ្ចាំង​ថា ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស ក្រសួងទេសចរណ៍ ដែល​បាន​ស្វែងរក​ទីផ្សារ​រវាង​ស្ថាប័នរដ្ឋ និង​ឯកជន​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ និង​ត្រឹមត្រូវ ។

លោក​បន្ត​ថា ៖ « ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ច្រើន​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត » ។ លោក​បន្ត​ថា ៖ « ការ​មក​ដល់​របស់​ភ្ញៀវ​ចិន​បាន​១​លាន​នាក់​ឬ​អត់ យើង​ចាំ​មើល​តួលេខ​រយៈពេល​៦​ខែ​សិន ប៉ុន្តែ​កម្ពុជា​បាន​ភ្ជាប់​ជើងហោះហើរ​ជាមួយ​អាកាសចរណ៍​ចិន​ចំនួន​៥ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​បាន​បង្កើន​ជើងហោះហើរ​ជា​ប្រចាំ ដែល​ធ្វើ​ឲ្យ​យើង​មាន​សុទិដ្ឋិនិយម​ថា នឹង​ទទួល​បាន​ភ្ញៀវ​១​លាន​នាក់ ព្រោះ​កាលពី​ឆ្នាំ​មុន កម្ពុជា​ទទួល​បាន​ភ្ញៀវ​ចិន​ជិត​៨០​ម៉ឺន​នាក់​រួច​ហើយ » ។

ទោះជា​យ៉ាងណា លោក ហាក់ ហេង ប្រធាន​សមាគម​មគ្គទេសក៍​ទេសចរណ៍​រាជធានី​ភ្នំពេញ ថ្លែង​ថា នៅ​ឆ្នាំ​នេះ មគ្គទេសក៍​ទេសចរណ៍​នានា​បាន​រអ៊ូរទាំ​ពី​ការ​គ្មាន​ភ្ញៀវ និង​រយាល​ការងារ​ច្រើន ប៉ុន្តែ​ក្រសួង​ថា ភ្ញៀវ​កើនឡើង ។ លោក​ងឿងឆ្ងល់​ផង​ដែរ មិនដឹង​ក្រសួង​ធ្វើ​ស្ថិតិ​បែប​ណា​ទេ ។ លោក​បន្ត​ថា នៅ​រាជធានី​ភ្នំពេញ មិនសូវ​មាន​កន្លែង​កម្សាន្ត​ទេ គឺ​មាន​តែ​នៅ​រាជវាំង សារមន្ទីរ​ជាតិ សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​ជើងឯក ។ ដូច្នេះ ក្រសួង និង​វិស័យ​ឯកជន គួរ​វិនិយោគ​លើ​រមណីយដ្ឋាន​កែ​ច្នៃ​ឲ្យ​បាន​ច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត និង​ស្នាក់​នៅ​យូរ ។

តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​កម្ពុជា​តាម​អាកាស​មាន​ចំនួន​៦២៩.៩២៧​នាក់ ស្មើនឹង​៦១,៤%​នៃ​ចំនួន​សរុប​កើនឡើង​១៦,៥% ក្នុង​នោះ ច្រក​ភ្នំពេញ​មាន​ចំនួន​២២៩.១៨៥​នាក់ ស្មើនឹង​២២,៣%​នៃ​ចំនួន​សរុប កើនឡើង​១៥,៥%​។ ច្រក​សៀមរាប​មាន​ចំនួន ៣៨៥.៤៥៩​នាក់ ស្មើនឹង​៣៧,៦%​នៃ​ចំនួន​សរុប កើនឡើង​១៣,៥% និង​ច្រក​កងកេង​មាន​ចំនួន​១៥.២៨៣​នាក់ ស្មើនឹង​១,៥% នៃ​ចំនួន​សរុប កើនឡើង​៥៤៧,៣% ។

ចំណែក​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០​ដែល​មក​កម្ពុជា​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ​ធៀប​នឹង​២​ខែ​ដើមឆ្នាំ​២០១៦ រួម​មាន ៖ ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១ មាន​ចំនួន​១៧២.៤៣៨​នាក់​កើនឡើង​១៦,៧%​។ វៀតណាម​ជាប់​លេខ​២ មាន​ចំនួន​១៤១.៣៩៤​នាក់​ថយ​ចុះ​០,៩%​។ កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ​៣ មាន​ចំនួន​១០១.៤៩៩​នាក់​ថយ​ចុះ​២,១% តាម​ពីក្រោយ​ដោយ​ថៃ​ជាប់​លេខ​៤ មាន​ចំនួន​៦៨.៧៦៥​នាក់​កើនឡើង​១៨,៨%​។ ឡាវ​ជាប់​ចំណាត់ថ្នាក់​លេខ​៥ មាន​ចំនួន​៦៥.៦៧៥​នាក់​កើនឡើង​៦៤,៥% ខណៈ​អា​មេ​រិ​ក​ឈរ​នៅ​លេខ​រៀង​ទី​៦ មាន​៥៦.១០២​នាក់​កើនឡើង​១០,៥% ។ ចំណែក​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ទី​៧ មាន​ចំនួន​៤០.៧២០​នាក់​កើនឡើង​១៤,១% តាម​ពីក្រោយ​ដោយ​បារាំង​ជាប់​ចំណាត់ថ្នាក់​លេខ​៨ មាន​ចំនួន​៣៨.៥៧៣​នាក់​កើនឡើង​១២,៧% និង​អង់គ្លេស​ស្ថិត​នៅ​លេខ​រៀង​ទី​៩ មាន​ចំនួន​៣៧.៦២៣​នាក់​កើនឡើង​១០,៦% ខណៈ​អា​ល្លឺ​ម៉​ង់ មាន​ចំនួន​៣៤.៥៧៨​នាក់ កើនឡើង​៨,២% ស្ថិត​នៅ​លេខ​រៀង​ទី​១០ ៕