ខេត្តកំពង់ឆ្នាំង ៖ «បុណ្យដារលាន» គឺជាបុណ្យមួយដែលជនជាតិខ្មែរ ធ្វើឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីច្រូតកាត់ បោកបែន និងជញ្ជូនផលស្រូវទុកក្នុងជង្រុករួចរាល់ ។
លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងមកលើកឡើងថា បុណ្យដារលានមានគោលបំណង៣ធំៗ ដែលបុព្វបុរសខ្មែរជំនាន់ដើមបន្សល់ទុកដល់កូនចៅជំនាន់ក្រោយឱ្យប្រារព្ធពិធីបុណ្យនេះ ៖
ទី១-ប្រជាកសិករបានជួបជុំគ្នា ដើម្បីពង្រឹងចំណងសាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងម្យ៉ាងវិញទៀតពួកគាត់បានចូលរួមសប្បាយរីករាយបន្ទាប់ធ្វើការហត់នឿយក្នុងការបង្កបង្កើនផលរយៈកាលកន្លងមក ។
ទី២-ដើម្បីអប់រំប្រជាកសិករឱ្យចេះស្រឡាញ់ស្រូវដូចជាអ្នកមានគុណ ព្រោះស្រូវកាលពីដូនតា បុរាណយើងជំនាន់ដើម ចាត់ទុកជា «ព្រះមេ» ហេតុនេះគឺឱ្យពួកគាត់ស្រឡាញ់ស្រូវដូចជាឪពុកម្តាយ និងអាយុជីវិតខ្លួនដែរ ។
ទី៣-ចង់អប់រំកូនចៅជំនាន់ក្រោយឱ្យស្គាល់គុណរបស់ព្រះធរណី និងព្រះគង្គា ដែលជាប្រភពធនធានយ៉ាងសំខាន់ក្នុងរបរកសិកម្ម គឺការដាំដុះស្រូវនេះឯង ។ បើគ្មានដី គ្មានទឹកទេ គឺយើងមិនអាចធ្វើស្រូវបានទេ ។
ចំពោះបុណ្យដារលានថ្នាក់ជាតិ ឆ្នាំ២០១៧នេះ ធ្វើនៅខេត្តត្បូងឃ្មុំ ដោយក្រសួងកសិកម្មកំណត់ធ្វើម្តងក្នុងមួយឆ្នាំ តាមខេត្តវិលជុំ ។ សម្រាប់ខេត្តកំពង់ឆ្នាំបានធ្វើកាលពីឆ្នាំ២០១៦រួចហើយ ។
យោងតាមសៀវភៅឯកសារស្តីពីបុណ្យដារលាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា «ដារលាន»មានន័យថា «ការឆ្លងទីវាលរលីង» ។ បុណ្យដារលាន អ្នកស្រុកបានហៅខុសគ្នាទៅតាមតំបន់ នីមួយៗ ដូចជាបុណ្យ បោសលាន បុណ្យសាមគ្គី បុណ្យកណ្តាលភូមិ និងបុណ្យដារបាតលានជាដើម។ ទោះជាហៅបុណ្យនេះ ខុសៗគ្នាយ៉ាងណាក្តី តែគោលបំណងសំខាន់បំផុត នៃបុណ្យដារលាននេះ គឺដើម្បីរំលឹកនឹកគុណម្ចាស់ទឹក ម្ចាស់ដី ដែលបានបន្សល់ទុកមរតកដ៏ត្រកាលនេះដល់កូនចៅជំនាន់ក្រោយប្រកបរបរចិញ្ចឹមជីវិត ព្រោះទឹកនិងដី មានសារប្រយោជន៍ ដល់ការប្រកបរបរកសិកម្ម ជាពិសេសគឺផ្តល់នូវភោគផលស្រូវអង្ករ ដែលបានចិញ្ចឹមជីវិតរស់នៅ និងជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិយើង ។ បុណ្យនេះដែរក៏ដើម្បីសុំខមាទោសនូវអំពើឆ្គាំឆ្គងទាំងឡាយដែលគេបានប្រព្រឹត្តប៉ះពាល់ក្នុងរដូវបង្កបង្កើនផល ដូចជាការបន្ទោបង់ទឹកមូត្រ ឬដើរជាន់លើទីវាលស្រែជាដើម ៕
ចែករំលែកព័តមាននេះ