ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​ខាង​មុខ ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជ​សារ​ជូន​ដល់​ជនរួមជាតិ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជ​សារ​ជូន​ដល់​ជនរួមជាតិ ជុំវិញ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្ដិ​ទី​៤ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។ ព្រះ​អង្គ​បាន​អំពាវនាវ​ជា​ឱឡារិក ជូន​ជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោត​ទាំងអស់​សូម​មេត្ដា​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

ព្រះរាជ​សារ​បន្ដ​ថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ គឺជា​ការ​បោះ​ឆ្នោត​ជា​ទូទៅ​ជាស​កល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ​សុំ​កុំ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្ស​ណាមួយ​ឱ្យ​សោះ ។

សូម​បងប្អូន កូនក្មួយ មេត្ដា​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន បោះ​ឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់​ៗ ដែល​មាន​ទំនុកចិត្ដ​ទៅ​លើ​បេក្ខជន​ណា​ម្នាក់ គណបក្ស​នយោបាយ​ណាមួយ ។ សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ខាង​មុខ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជា​៥៣​លាន​ដុល្លារ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ គ​.​ជ​.​ប ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹង ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​មូលនិធិ កូ​ហ្វី អាណា​ន់ (Kofi Annan) នៅ​ទីស្ដីការ គ​.​ជ​.​ប  កាលពី​ពេល​ថ្មី​ៗនេះ​ថា បច្ចុប្បន្ន គ​.​ជ​.​ប មាន​ថវិកា​និង​សម្ភារ​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​គ្រប់គ្រាន់​ហើយ ។ បូក​សរុប​ទៅ ទាំង​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ក្នុង​ក្រប​ខណ្ឌ​ឃុំ​-​សង្កាត់​គឺ​៥៣​លាន​ដុល្លារ ។

លោក​ថ្លែង​ថា ថវិកា​និង​សម្ភារ​ទាំងនេះ បាន​មក​ពី​ថវិកា​របស់​ជាតិ សហគមន៍​អឺរ៉ុប ជប៉ុន និង​មាន​អំណោយ​ពី​ចិន​ផង​ដែរ ។ ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​មូលនិធិ កូ​ហ្វី អាណា​ន់ នេះ មិន​បាន​ពិភាក្សា​លើ​ការ​ផ្តល់​ថវិកា​ជួយ គ​.​ជ​.​ប នោះ​ទេ ។

ដើម្បី​ធានា​ឲ្យ​មានការ​ស្មើភាព​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់ គ​.​ជ​.​ប បាន​ចេញ គោលការណ៍​ចំនួន​៣​ចំណុច​សម្រាប់​ការ​ឃោសនាបោះឆ្នោត​ក្នុង​នោះ​រួម​មាន ៖
ទី​១-​គោលការណ៍​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ចង់​រៀបចំ​កិច្ច​ពិភាក្សា​អំពី​គោលនយោបាយ​របស់​គណបក្សនយោបាយ ។
ទី​២-​គោលការណ៍​សម្រាប់​វិទ្យុ និង​ទូរទស្សន៍​សម្រាប់​ផ្សព្វផ្សាយ ឬ​ពិភាក្សា​គោលនយោបាយ​របស់​គណបក្ស​នយោបាយ ។
និងទី​៣-​កម្មវិធី​សមធម៌​សម្រាប់​គណបក្ស​នយោបាយ ។

លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន គ​.​ជ​.​ប បាន​ពន្យល់​ថា កម្មវិធី​សមធម៌​សម្រាប់​គណបក្ស​នយោបាយ គ​.​ជ​.​ប នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជីបេក្ខជន​នៃ​គណបក្ស​នយោបាយ​នៅ​ពេល​បញ្ចប់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ស្ថាពរ ។ ដើម្បី​ឲ្យ​ដឹង​ថា តើ​គណបក្ស​នយោបាយ​ដែល​ចុះបញ្ជី​បេក្ខជន​គ្រប់​ឃុំ​-​សង្កាត់ ទទួល​បាន​ម៉ោង​ផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន​ប៉ុន្មាន​នាទី ហើយ​គណបក្ស​នយោបាយ​ដែលមិន​បាន​ចុះបញ្ជី​បេក្ខជន​គ្រប់​ឃុំ​-​សង្កាត់​ត្រូវ​ទទួល​បាន​ម៉ោង​ផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លូ​ន​ប៉ុន្មាន​នាទី ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ នា​ឆ្នាំ​២០១៧​នេះ មាន​គណបក្ស​នយោបាយ​ចំនួន២ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​របស់​ខ្លួន​គ្រប់​ឃុំ​-​សង្កាត់​ទាំង​១.៦៤៦​ទូ​ទាំង​ប្រទេស គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​ដែរ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បេក្ខភាព​ជា​ស្ត្រី​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ ។

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ គ​.​ជ​.​ប  បាន​ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​មក​ពី​គណបក្ស​នយោបាយ​ចំនួន​១២ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៤៥ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ។

មន្ដ្រី​នាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា អះអាង​ថា គ​.​ជ​.​ប បាន​ជ្រើសរើស​មន្ត្រី​ជាង​៩​ម៉ឺន​នាក់ ដើម្បី​ឱ្យ​ចុះ​សង្កេតការណ៍​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំងអស់​ចំនួន​១.៦៤៦​នៅ​ទូ​ទាំង​ប្រទេស ហើយ​អ្នក​សង្កេតការណ៍​ពី​អង្គការ​សង្គម​ស៊ី​វិល​វិញ​ឮ​ថា​មាន​ជាង​២​ម៉ឺ​ន​នាក់ ។ លោក​បញ្ជាក់​ថា ការងារ​ដែល គ​.​ជ​.​ប កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន គឺ​រៀបចំ​ឱ្យ​គណ​ប​ក្យ​នយោបាយ​ចុះ​ឃោសនា​រក​សន្លឹក​ឆ្នោត​ដែល​មាន​រយៈពេល​១៤​ថ្ងៃ ហើយ​គ្រប់​គណបក្ស​ទាំងអស់ អាច​ហែ​ក្បូន​ឃោសនាបោះឆ្នោត​ក្នុង​មួយ​គណបក្ស​មាន​តែ​ពីរ​ដង​ប៉ុណ្ណោះ ៕