រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២០ មីនា ២០១៧នេះ បានបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ា ៣នាក់ និងស្ត្រីខ្មែរម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់។ ជនសង្ស័យទាំង៤នាក់ត្រូវបានកងកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៧ មីនា ឆ្នាំ ២០១៧ នៅក្នុងភូមិសាស្ត្រខណ្ឌពោធ៍សែនជ័យ ក្នុងនោះមានជនជាតិ នីហ្សេរីយ៉ា៣នាក់ និងស្ត្រីជាជនជាតិខ្មែរម្នាក់។
ជនសង្ស័យទាំង០៤នាក់នោះមាន ទី១.ឈ្មោះ ម៉ាទីន ឈីឌ័ អ័រគីរាហូ័រ ភេទប្រុស អាយុ២៦ឆ្នាំ ទី២.ឈ្មោះ សាន់ សាញ ភេទប្រុស អាយុ៣០ឆ្នាំ ទី៣.ឈ្មោះ ជីហ្គោហ្សី អាន់ឌ្រូ ភេទប្រុស អាយុ ៣៤ឆ្នាំ ទី៤.ឈ្មោះ លន់ គឹមលី ភេទស្រី អាយុ៣១ឆ្នាំ។ សារធាតុញៀនដែលសមត្ថកិច្ចដកហូតពីពួកជនសង្ស័យមានមេតំហ្វេតាមីនចំនួន២កញ្ចប់ធំ នៅរសៀលថ្ងៃដដែលនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរជនសង្ស័យ៕
ចែករំលែកព័តមាននេះ