ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជួញដូរ​ថ្នាំ​ញៀន​៤​នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់​ទៅ​កាន់​តុលាការ

ខេត្តបាត់ដំបង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃ​ទី​២០ មីនា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់ នៅ​ក្នុង​ក្រុង​បាត់ដំបង​។ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មាន ទី​១-​ឈ្មោះ សេង ធី​សា ហៅ​ចិន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អង់ សង្កាត់​អូរ​ចា ទី​២-​ឈ្មោះ លី​ម រ៉ូ​ហ្សា ហៅ​យ៉ា អាយុ​៣១​ឆ្នាំ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ទី​៣-​ឈ្មោះ ម៉ៅ វិចិត្រ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃ​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច និង​ទី​៤-​ឈ្មោះ ម៉ៅ សូ​នី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក​។

ពួក​គេ​ត្រូវ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ករណី​ផ្សេង​ៗ​គ្នា កាលពី​ថ្ងៃ​ទី​១៨ និង​១៩ ខែមីនា ខណៈ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ការ​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នេះ មន្ត្រី​ជំនាញ​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE(​ម៉ា​ទឹកកក​) សរុប​ចំនួន​១,៤៦​ក្រាម សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន​ទៀត ដែល​ជា​វត្ថុ​តាង​។ ជាមួយនឹង​វត្ថុ​តាង​ខាងលើ​នេះ ជនសង្ស័យ​ទាំង​៤​នាក់​បាន​សារភាព​ទទួលស្គាល់​ថា វត្ថុ​តាង​ទាំងនេះ​ពិតជា​របស់​ខ្លួន​មែន​។

ក្រុម​នេះ​បាន​និយាយ​ថា ពួក​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ទាំងនេះ​យក​មក ដើម្បី​ប្រើប្រាស់​ខ្លួនឯង​ផង និង​លក់ដូរ​បន្ត​ផង​។​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក ស៊ា​ន សុ​ណា​ល់ បាន​និយាយ​ថា ជន​ទាំង​៤​នាក់​នេះ ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន ដែល​មន្ត្រី​ជំនាញ​តែង​តាម​ឃ្លាំមើល​សកម្មភាព​ពួក​គេ​ជា​ប្រចាំ​រហូត​ដល់​ពេល​នេះ​ទើបត្រូវ​ឃាត់ខ្លួន ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ លោក​ប្រធាន​ការិយាល័យ​រូប​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​សួរនាំ និង​ការ​សាង​សំណុំរឿង ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​បញ្ជូន​ជន​ទាំង​៤​នាក់​នេះ ទៅ​កាន់​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២០ មីនា​នេះ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​៕