ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សង្ស័យ​ពុល​ស្រាស​ផឹក​កំដរ​បុណ្យសព ស្លា.ប់​បន្តបន្ទាប់​3​នាក់ ដឹក​ចូល​ពេទ្យ​11​នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ នៅ​តំបន់​ដាច់​ស្រយាល​មួយ ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល

ខេត្តកំពង់ចាម ៖ នៅ​តំបន់​ដាច់​ស្រយាល​មួយ ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល ខណៈ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​ស្លាប់​បន្តបន្ទាប់​សង្ស័យ​ពុល​ស្រា បន្ទាប់​ពី​អ្នក​ភូមិ​ទាំងនោះ​ផឹកស្រា​កំដរ​បុណ្យសព ហើយ​ក៏​មាន​អ្នក​ភូមិ​ចំនួន​១១​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទាំង​វេលា​អធ្រាត្រ​ថ្ងៃ​ទី​១៨ មីនា ។ ដោយ​មានការ​អន្តរាគមន៍​ពី​គ្រូពេទ្យ បាន​ធ្វើ​ឱ្យ​អ្នក​ពុល​ស្រា​ដែល​នាំ​មក​សង្គ្រោះ​នោះ​បាន​ធូរស្រាល​និង​វិល​ទៅ​រក​សុខភាព​ជា​ប្រក្រតី​ឡើង​វិញ ។

លោក ភួង គី​ម​សាន អាយុ​៣៧​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា​ឪពុក​របស់​គាត់​ឈ្មោះ ភួង តាក់ អាយុ​៥៨​ឆ្នាំ បាន​ពិសា​ស្រាស​លក់​តាម​ផ្ទះ​តៀម​ដែល​គេ​បាន​លក់​នៅ​ក្នុងភូមិ​ក៏​ស្រវឹង​ធ្លាក់​ភ្នែក ។ លុះ​ពេល​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ហៅ​កូន​ៗ​ឱ្យ​កោសខ្យល់​ឱ្យ នៅ​តែ​មិន​បាន​ស្រួលខ្លួន​ទេ ហើយ​១​ម៉ោង​ក្រោយមក​ក៏​បាន​ហៅ​គ្រូពេទ្យ​ឯកជន​ឱ្យមក​ជួយ​ដាក់​សេរ៉ូម​ឱ្យ ក៏​មិន​មានការ​ប្រែប្រួល​សោះ ហើយ​កម្លាំង​ក៏​ចេះ​តែ​ថមថយ​ជា​លំដាប់ ។

លោក ភួង គី​ម​សាន ជា​កូន​បាន​ប្រាប់​បន្ត​ថា គាត់​ចេះ​តែ​ព្រួយបារម្ភ ក៏​បាន​ហៅ​គ្រូពេទ្យ​ម្នាក់​ទៀត​មក​ពិនិត្យ​មើល និង​បាន​ស្ទាប​ជីពចរ​ស្ទើរ​លែង​មាន​ចលនា​ហើយ​ភ្នែក​ទាំង​ពីរ​ឡើង​ល្អក់ ។ លុះ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ឪពុក​លោក​ក៏​ស្លាប់ ទើប​សង្ស័យ​ពុល​ស្រា ។ បន្ទាប់​មក​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ នៅ​យប់​នោះ​មាន​សាច់ញាតិ​ជិតខាង ជា​ច្រើន​នាក់​បាន​មក​ចូលរួម​បុណ្យសព ហើយ​ជា​ទម្លាប់​ក៏​បាន​ទិញ​ស្រាស​យក​មក​ផឹក​កំដរ​បុណ្យ និង​ទិញ​បន្ថែម​ទុក​៤​លី​ត្រ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា បាន​ដង្ហែ​សព​យក​ទៅ​បូជា ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ ម៉ិច ដែល​បាន​ហូប​ស្រា​នៅផ្ទះ​បុណ្យ​ក៏​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ក្អួតចង្អោរ​មិន​បាន​យក​ទៅ​សង្គ្រោះ​ទាន់​ទេ ក៏​បាន​ស្លាប់​នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ និង​មានការ​សង្ស័យ​ពុល​ស្រា​ដែរ ។ នៅ​កន្លែង​បូជាសព ក៏​មានការ​ទិញ​ស្រា​មក​ចែក​គ្នា​ផឹក​ម្នាក់​បន្តិច​ៗ ក្រោយមក​ឈ្មោះ ណា​ល់ ក៏​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​សង្ស័យ​ពុល​ស្រា ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី​តែ​ម្តង ។

ចំណែក​អ្នក​ផ្សេង​ទៀត ដែល​បានឃើញ​សភាព​បែប​នេះ ក៏​មាន​អារម្មណ៍​រន្ធត់​មិន​ស្រួល​តាម​គ្នីគ្នា នឹង​បាន​ប៉ាវ​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទាំង​យប់​ថ្ងៃ​ទី​១៧ មីនា រហូត​មក​ដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ឈ្មោះ ណា​ល់ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ក៏​បាន​ស្លាប់​ទៀត ។

ស្ត្រី​ឈ្មោះ ប៉ែន រក្សា ជា​អ្នក​សង្ស័យ​ពុល​ស្រា​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​បាន​ផឹក​ស្រាស​ចំនួន​២​កូន​កែវ​នៅ​ថ្ងៃ​ទី​១៦ មីនា នៅផ្ទះ​របស់​ខ្លួន​ដែល​គាត់​បាន​ទិញ​ពី​គេ​លក់​នៅ​ក្បែរ​ផ្ទះ ។

មួយ​ថ្ងៃក្រោយ​ពី​ផឹក គាត់​បាន​ក្អួត​និង​ស្រវាំងភ្នែក​ក៏​បានឱ្យ​ម៉ូតូឌុប​ជិះ​គ្នា​២​នាក់​នាំ​មក​កាន់​ពេទ្យ​ខេត្តមណ្ឌលគិរី នឹង​បាន​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដោយ​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ដើម្បី​បន្សាប​ជាតិពុល គាត់​បាន​មើលឃើញ​ជា​ធម្មតា​វិញ​លែង​ស្រវាំងភ្នែក ។ ស្ត្រី​រូប​នេះ​មាន​ប្តី​ឈ្មោះ ញឹ​ប ម៉ិច ដែល​ពុល​ស្រា​ស្លាប់​ត្រូវ​បញ្ចុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ដោយ​គាត់​មិន​បាន​នៅ​ធ្វើ​បុណ្យសព​ប្តី​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត យិ​ន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចំនួន​១១​នាក់​ដែល​បាន​សង្ស័យ​ពុល​ស្រា កំពុង​តែ​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត គឺ​ត្រូវ​បាន​លើកលែង មិន​តំរូវ​ឱ្យ​បង់ប្រាក់​នោះ​ទេ គឺ​មន្ទីរពេទ្យ​ជា​អ្នក​ចំណាយ​ទាំងអស់ ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

តាម​ប្រភព​ព័ត៌មាន​ពី​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃ​១៩ មីនា បានឱ្យ​ដឹង​ថា ទាក់ទិន​នឹង​ព័ត៌មាន​សង្ស័យ​ពុល​ស្រា​នេះ មិន​ទាន់​មានការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​នៅឡើយ​ទេ ដោយ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​ដុតដៃដុតជើង​ចុះ​ស្រាវជ្រាវ​ជុំវិញ​ការ​ស្លាប់​នេះ ៕