ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបក្រុម​បច្ចេកទេស​ក្រៅ​សាលា ​ច្នៃ​គ្រាប់បែក​សងសឹក​សត្រូវ

7 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ ក្រុម​អ្នកបច្ចេកទេស​ក្រៅ​សាលា​វ័យក្មេង​ចំនួន​៥​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៧​និង​១៨ ខែមីនា

ខេត្ដបាត់ដំបង ៖ ក្រុម​អ្នកបច្ចេកទេស​ក្រៅ​សាលា​វ័យក្មេង​ចំនួន​៥​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៧ ​និង​១៨ ខែមីនា ក្រោយ​ពី​មានការ​សង្ស័យ​ថា ពួក​គេ​បាន​កែ​ច្នៃ​គ្រាប់បែក​ដែល​ផ្សំ​ឡើង​ពី​រំសេវ​ផាវ​និង​ដុំ​ថ្ម ហើយ​ជិះ​ម៉ូតូ​យក​ទៅ​បោក​បង្ក​ជា​សំឡេង​លាន់​ដូច​រន្ទះ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ដង្គត់​ថ្នង់ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់ បាន​ឲ្យ​ដឹង​ថា អ្នកបច្ចេកទេស​ក្រៅ​សាលា​វ័យក្មេង​ទាំង​៥​នាក់​នេះ​មាន ៖
១-​ឈ្មោះ អុ​ន ផា​នេ​ត អាយុ​១៨​ឆ្នាំ ជា​អ្នកបញ្ជា
២-​ឈ្មោះ អ៊​ន សុភាព ហៅ​ពៅ អាយុ​១៩​ឆ្នាំ ជា​អ្នក​ច្នៃ
៣-​ឈ្មោះ សុំ ចាន់​រ៉ុ​ង ហៅ​ញ៉ា​ញ់អាយុ​១៥​ឆ្នាំ ជា​អ្នក​ច្នៃ
៤-​ឈ្មោះ ហៀ​ប ថា​នុ​ន អាយុ​១៣​ឆ្នាំ ជា​អ្នក​បង្រៀន​គេ​ឲ្យ​ចេះ​ច្នៃ​បន្ត
និង៥-​ឈ្មោះ ម៉េ​ត ភារៈ អាយុ​១៦​ឆ្នាំ កំពុង​រៀន​តាម​គេ ។ ពួក​គេ​ទាំងអស់​គ្នា​ជា​សិស្ស រស់នៅ​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត ថ្លែង​ថា ករណី​នេះ​ផ្ដើម​ចេញពី​ពលរដ្ឋ​ម្នាក់​ប្រទះ​ឃើញ​ថង់​ខ្មៅ​មួយ​ច្រក​ដុំ​ថ្ម​នៅ​ក្បែរ​របង​ផ្ទះ​គាត់​កាលពីដើម​ខែមីនា ហើយ​គាត់​យក​ទៅ​បោះចោល​ស្រាប់តែ​ផ្ទុះ​លាន់​ដូច​គ្រាប់បែក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។ ក្នុង​ពេល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា មាន​ក្មេង​ប្រុស​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​យក​គ្រាប់បែក​ច្នៃ​បែប​នេះ​ទៅ​បោក​នៅ​ក្នុងភូមិ​ថ្មី ឃុំ​តា​គ្រាម បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​ត្រូវ​កម្លាំង​ប្រជា​ការពារ​ចាប់​ឆែក​ឃើញ​គ្រាប់បែក​ច្នៃ​១​គ្រាប់​ទៀត ក៏​យក​ទៅ​ប្រគល់​ឲ្យ​មន្ត្រី​នគរបាល​ប៉ុ​ស្ដ៏ តែ​ជន​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​រត់គេច​បាត់​ភ្លាម​ៗ​ដែរ ។

លោកស្នងការ​រង ជេ​ត វណ្ណ​នី បញ្ជាក់​ថា ពេល​នោះ​លោកស្នងការ​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន និង​កម្លាំង​នគរបាល​ស្រុក​បាណ​ន់ ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​ក្រុម​កែ​ច្នៃ​គ្រាប់បែក​បាន​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​១៧​និង​១៨ ខែមីនា រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង ។

ក្រោយ​ពី​ឃាត់ខ្លួន​បាន ក្រុម​អ្នកបច្ចេកទេស​ក្រៅ​សាលា​វ័យក្មេង​ទាំង​៥​នាក់​នេះ បាន​ឆ្លើយថា ពួក​ខ្លួន​ពិតជា​បាន​កែ​ច្នៃ​គ្រាប់បែក​នេះ​មែន​។
ក្រុម​នេះ​និយាយ​ថា ការ​ច្នៃ​គ្រាប់បែក​នេះ គឺ​គ្រាន់​ទុក​សម្រាប់​បោក​គំរាម​គូសត្រូវ​របស់​ខ្លួន ហើយ​ការ​បំផ្ទុះ​កន្លង​មក​គ្រាន់តែ​ជា​ការ​សាកល្បង​កម្លាំង​ផ្ទុះ​តែ​ប៉ុណ្ណោះ ។

ក្រុម​នេះ​បាន​បង្ហាញ​ពី​បច្ចេកទេស​នៃ​ធាតុ​ផ្សំ​ក្នុង​ការ​កែ​ច្នៃ​គ្រាប់បែក ដោយ​និយាយ​ថា ពួក​គេ​បាន​យក «​រំសេវ​ផាវ​គ្រាប់បែក​៥​គ្រាប់ ដុំ​ថ្ម​ប៉ុន​ៗម្រាមដៃ​១​ក្ដាប់​លាង​ទឹក​ហាលថ្ងៃ​ឲ្យ​ស្ងួត រួច​យក​រុំ​ស្រោប​ថង់​៣​ជាន់ និង​រុំ​ស្កុ​ត​ខ្មៅ​ពី​ក្រៅ​ឲ្យ​តឹង​ណែន​ល្អជា​ការ​ស្រេច​» ។ ប៉ុន្តែ​ពួក​គេ​នៅ​មិន​ទាន់​ទម្លាយ​អំពី​ប្រភព​ដែល​បាន​ហាត់រៀន​វិធីសាស្ត្រ​កែ​ច្នៃ​គ្រាប់បែក​នេះ​នៅឡើយ​ទេ ដែល​សមត្ថកិច្ច​កំពុង​សួរនាំ ។

លោកស្នងការ​រង ជេ​ត វណ្ណ​នី ក៏​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​សួរនាំ សមត្ថកិច្ច​ក៏​បាន​ឲ្យ​ពួក​គេ​ធ្វើ​សាកល្បង​ដែរ ។ លោក​និយាយ​ថា ក្រោយ​ពី​បង្ហាញ​របៀប​ផលិត​គ្រាប់បែក​ច្នៃ​រួច​ហើយ ពួក​គេ​បាន​យក​ទៅ​បោក​នៅ​ក្បែរ​ថ្នល់ គឺ​វា​បាន​ផ្ទុះ​ឡើង​មាន​សំឡេង​ដូច​គ្រាប់បែក​ពិតប្រាកដ​ដែរ ។ មន្ត្រី​ជំនាញ​បាន​សាកសួរ​ពួក​គេ មុន​ពេល​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត ៕