វៀតណាម​ជំរុញ​ឱ្យ​ការពារ​ឧស្សាហកម្ម​ផលិត​រថយន្ត​ក្នុងស្រុក


ប្រទេស​វៀតណាម ៖ ចំនួន​ប្រជាជន​ថ្នាក់​កណ្តាល និង​ការ​ធ្លាក់​ចុះ​ពន្ធ​នាំ​ចូល​រថយន្ត គឺជា​កត្តា​ជំរុញ​ពីក្រោយ​ទីផ្សារ​រថយន្ត​របស់​វៀតណាម ។

ក្រុម​អ្នក​បង្កើត​គោលនយោបាយ​វៀតណាម​កំពុង​ស្វែងរក​មធ្យោបាយ​ការពារ​ឧស្សាហកម្ម​រថយន្ត​ក្នុងស្រុក ដើម្បី​ប្រឆាំង​នឹង​គូប្រជែង​ពី​បរទេស ។ នេះ​បើ​យោង​តាម​ឯកសារ​ផ្លូវការ​ចេញផ្សាយ​ដោយ​ការិយាល័យ​រដ្ឋាភិបាល ។

ឧស្សាហកម្ម​រថយន្ត​របស់​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដោយសារ​ទីផ្សារ​ក្នុងស្រុក​បើកចំហ​ដល់​ដៃគូ​ប្រជែង​ពី​បរទេស ។

ក្រសួងពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨ រថយន្ត​ដំឡើង​ក្នុងស្រុក​អាច​ថ្លៃ​ជាង​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ជិតខាង​២០% ដូច​ជា ថៃ និង​ឥណ្ឌូ​ណេ​ស៊ី ខណៈ​ពន្ធ​នាំ​ចូល​រថយន្ដ​របស់​វៀតណាម​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត នឹង​ត្រូវ​កាត់​បន្ថយ​ដល់​សូន្យ ខណៈ​បច្ចុប្បន្ន​ស្មើ​៥០% ។

រដ្ឋាភិបាល​បាន​ស្នើ​សុំ​មន្ត្រី​ពាណិជ្ជកម្ម ត្រូវ​សម្លឹង​មើល​មធ្យោបាយ​ទប់ស្កាត់​កំណើន​នៃ​ការ​នាំ​ចូល​រថយន្ត ។

ទន្ទឹម​នឹង​នេះ ក្រសួង​ហិរញ្ញវត្ថុ​នឹង​ពិនិត្យ​លើ​ពន្ធ​នាំ​ចូល​រថយន្ត និង​ពិនិត្យ​ប្រភព​ដើម​របស់​រថយន្ត​ដើម្បី​ទប់ស្កាត់​ការ​គេចពន្ធ ។

ក្រុម​អ្នក​បង្កើត​គោលនយោបាយ​វៀតណាម ក៏​មាន​គម្រោង​លៃ​តម្រូវ​ពន្ធ​នាំ​ចូល​គ្រឿងបន្លាស់​រថយន្ត ដែល​គ្មាន​លក់​លើ​ទីផ្សារ​ក្នុងស្រុក​ផង​ដែរ ។

ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​កំណត់​គោលដៅ​ផលិត​រថយន្ត គឺជា​ឧស្សាហកម្ម​នាំមុខ ដែល​អាច​ជួយ​វៀតណាម​ឈាន​ទៅ​កាន់​សង្វា​ក់​ផលិតកម្ម​ជាស​កល ។

ទោះជា​យ៉ាងណា ប្រទេស​នេះ​នៅ​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​រថយន្ត​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​ដាក់​សម្ពាធ​ទៅ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក ។

វៀតណាម​បាន​នាំ​ចូល​រថយន្ត​ចំនួន​១៥.២៧០​គ្រឿងក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ កើនឡើង​៣៥%​ពី​មួយ​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ទិន្នន័យ​គយ ។

តាម​ស្ថិតិ​ផ្លូវការ​បង្ហាញ​ថា ការ​កើនឡើង​នៃ​ការ​នាំ​ចូល​នេះ គឺ​ដោយសារ​ប្រជាជន​វៀតណាម​ប្តូរ​ពី​ការ​ជិះ​ម៉ូតូ​មក​រថយន្ត​វិញ ហើយ​រថយន្ត​នាំ​ចូល​ជាង​ពាក់កណ្ដាល​ជា​ប្រភេទ​រថយន្ត​ខ្នាត​កណ្តាល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ