ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​ព្រាង​គោលនយោបាយ​សម្រាប់​វិស័យ​វាយនភ័ណ្ឌ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​មាន​សុខដុម​នី​យ​កម្ម​ក្នុង​វិស័យ​វាយនភ័ណ្ឌ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​សេចក្តី​ព្រាង​គោលនយោបាយ​ថ្មី​មួយ​ទាក់ទង​នឹង​វិស័យ​វាយនភ័ណ្ឌ​កម្ពុជា ដើម្បី​ឲ្យ​វិស័យ​នេះ​

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​មាន​សុខដុម​នី​យ​កម្ម​ក្នុង​វិស័យ​វាយនភ័ណ្ឌ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​សេចក្តី​ព្រាង​គោលនយោបាយ​ថ្មី​មួយ​ទាក់ទង​នឹង​វិស័យ​វាយនភ័ណ្ឌ​កម្ពុជា ដើម្បី​ឲ្យ​វិស័យ​នេះ​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព ។

លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​កាត់ដេរ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៥ មីនា ថា ក្នុង​បរិបទ​កម្ពុជា​កំពុង​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ប្រទេស​វៀតណាម មី​យ៉ា​ន់​ម៉ា និង​បង់​ក្លា​ដែ​ស និង​ភាព​មិនសូវ​រឹង​មាំ​ផ្នែក​ផលិតកម្ម រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​រៀបចំ​គោលនយោបាយ​ថ្មី​មួយ​ទាក់ទង​នឹង​វិស័យ​វាយនភ័ណ្ឌ​សម្រាប់​ឆ្នាំ​២០១៨-២០២៦ ។

លោក​ថ្លែង​ថា ៖ « សេចក្ដី​ព្រាងគោលនយោបាយ​នេះ​ធ្វើ​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​តាម​ផែនការ​គោលនយោបាយ​នឹង​បញ្ចប់សេចក្តី​ព្រាង​នៅ​ខែមិថុនា​ខាង​មុខ ព្រោះ​សម្តេច​តេ​ជោ គាំទ្រ​ឲ្យ​មានការ​រៀបចំ​គោលនយោបាយ​នេះ​ឲ្យ​បាន​លឿន » ។

លោក​បន្ត​ថា ៖ « វិស័យ​អ្វីមួយ​ត្រូវ​មាន​គោលនយោបាយ​ច្បាស់លាស់​ថា យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ណា និង​ចង់​សម្រេច​គោលដៅ​បែប​ណា និង​ដើម្បី​ការពារ​ហានិភ័យ​ដែល​អាច​កើត​មាន​ចំពោះ​មុខ » ។

លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បន្ត​ថា ប្រសិនជា​មាន​ហានិភ័យ​កើត​មាន​ឡើង តើ​អ្នក​ក្នុង​វិស័យ​នេះ​ត្រូវធ្វើ​អ្វី​ដើម្បី​ទប់ស្កាត់ ព្រោះ​យើង​មិន​អាច​ធ្វើ​អ្វីមួយ​ដោយ​គ្មាន​ផែនការ​នោះ​ទេ។

បច្ចុប្បន្ន សមាគម​រោងចក្រ​កាត់ដេរ​មាន​រោងចក្រ​ផលិត​សម្លៀក​បំពាក់​ចំនួន​៥៣០ និង​រោងចក្រ​កាត់ដេរ​ស្បែកជើង​ចំនួន​៦០ ដែល​បាន​និង​កំពុង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​៦០​ម៉ឺន​នាក់ ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ថ្លែង​ថា ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​អាស្រ័យ​លើ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន ខណៈ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​បាន​ដាក់​ចេញ​កាលពី​ចុងឆ្នាំ​២០១៥ ក៏​ដំណើរការ​ដោយ​ល្អ​ប្រសើរ ដែល​គោ​លន​យោ​យ​បាយ​នេះ​បាន​ផ្តល់​ការ​លើកទឹកចិត្ត​យ៉ាងច្រើន​ដល់​វិនិយោគិន​មក​វិនិយោគ​នៅ​កម្ពុជា ។

លោក​បន្ត​ថា ការ​បណ្តុះបណ្តាល​នឹង​ធ្វើ​ឲ្យ​ផលិតភាព​របស់​កម្មករ​កើនឡើង ដោយ​បច្ចុប្បន្ន​នេះ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កើតឡើង​ច្រើន ដែល​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម ។ លោក​បន្ត​ថា នៅ​ពេល​ណា​ប្រាក់បៀវត្ស​កម្មករ​កើនឡើង ធ្វើ​ឲ្យ​ផលិតភាព​កើនឡើង​ផង​ដែរ ព្រោះ​អ្នក​រកស៊ី បើ​ពួក​គេ​មិន​ចំណេញ ពួក​គេ​ក៏​មិន​មក​រកស៊ី​នៅ​កម្ពុជា​ដែរ ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិថ្លែង​ថា ក្នុង​វិស័យ​កាត់ដេរ​មានការ​ប្រទាក់ ក្រឡា​គ្នា​រវាង​វិនិយោគិន អ្នកបញ្ជា​ទិញ និង​កម្មករ ដែល​ភាគី​ទាំង​បី​នេះ​មិន​ទាន់​មានការ​វេញ​ចូល​គ្នា​ជា​ធ្លុង​មួយ​នៅឡើយ ដោយ​កម្មករ​ចង់បាន​ប្រាក់ខែ​ច្រើន ថៅកែ​ចង់​ចំណេញ​ច្រើន ហើយ​អ្នកបញ្ជា​ទិញ​ចង់បាន​តម្លៃថោក ។ ដូច្នេះ ការ​ធ្វើ​គោលនយោបាយ​ទាក់ទង​នឹង​វិស័យ​វាយនភ័ណ្ឌ​មាន​គោលដៅ​ធ្វើ​យ៉ាងណា ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​បី​ផ្នែក​នេះ​មាន​សុខដុម​នី​យ​កម្ម​ជាមួយ​គ្នា ។

លោក​បណ្ឌិត​បន្ត​ថា ៖ « គោលនយោបាយ​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​នេះ​មានការ​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព និង​អាច​ការពារ​ហានិភ័យ​បាន ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង » ៕