ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

សិល្បៈ​និងវប្ប​​​ធម៌ » សិល្បៈ​និង​តារា

អ្នកស្រី សូ សា​វឿ​ន អាយុ​ជាង​៧០​ឆ្នាំ​ហើយនៅ​មិន​បោះបង់​អាជីព​ចម្រៀង

ដោយ ៖ ខាត់ សាមឿន   

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧ ម៉ោង ០៩:២៦   (20-03-2017 09:26)

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​សូ សា​វឿ​ន ម្ចាស់​បទ​ចម្រៀង​«​ស្ទឹង​សែន​ប៉ា​រី​ស​»​ដែល​បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​តែងតែ​មក​លេង​ប្រទេស​កំណើត​ជារឿយ​ៗ ។ ពេល​នេះ​អ្នកស្រី​សូ សា​វឿ​ន បាន​មក​លេង​ប្រទេស​កម្ពុជា​សា​ជា​ថ្មី ។

អ្នកស្រី​សូ សា​វឿ​ន នៅ​មាន​សុខភាព​រឹងប៉ឹង​ល្អ ហាក់​មិន​សក្តិ​សម​ទៅ​នឹង​វ័យ​ជាង​៧០​ឆ្នាំ​ទេ ចំណែក​ទឹកដម​សំឡេង​នៅ​តែ​ពីរោះ ។

ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នកស្រី​សូ សា​វឿ​ន ឱ្យ​ដឹង​ថា​អ្នកស្រី​មក​លេង​ប្រទេស​កម្ពុជា​ច្រើន​ដង​មក​ហើយ ។

មក​លេង​កម្ពុជា​លើក​នេះ អត់​ចាំ​ថា​ជា​លើក​បាន​ប៉ុន្មាន​ទេ ព្រោះ​តាំងពី​ឆ្នាំ​១៩៨៨​តែងតែ​មក​ជា រឿយ​ៗ ។ មក​លើក​នេះ គឺ​មក​កម្សាន្ត​ដូច​រាល់​ដងដោយ​មាន​អ្នក​នៅ​ក្នុងស្រុក​ម្នាក់​អាណិត​ស្រឡាញ់​អ្នកស្រី​បាន​អញ្ជើញ​អ្នកស្រី​មក​លេង​កម្ពុជា​ឱ្យ​សប្បាយ ។ «​អ្នក​ដែល​អញ្ជើញ​ខ្ញុំ​មក​ក្នុង​ន័យ​យល់​ថា​វ័យ​យើង​ហក់​ទៅ​មុខ ហើយ​ខ្ញុំ​ពិតជា​អរគុណ​ដល់​ម្ចាស់​កម្មវិធី​ដែល​ជួយ​ការងារ​មក​កម្សាន្ត​នេះ​ទាំងស្រុង​តែ​ម្តង ។ សម្រាប់​ការ​មក​លេង​មាតុភូមិ​នេះ គឺ​មក​កម្សាន្ត និង​ចូលរួម​កម្មវិធី ផ្សេង​ៗ​របស់​មិត្តភក្តិ​ព្រមទាំង​ការងារ​ជាក់ស្តែង​» ។

មាន​វ័យ​ជាង​៧០​ឆ្នាំ​ហើយ​ក្តី តែ​អ្នកស្រី​សូ សា​វឿ​ន ឱ្យ​ដឹង​ថា អ្នកស្រី​នៅ​តែ​ចូលរួម​ច្រៀង មិន​រា​ថយ​ទេ​ឱ្យ​តែ​គេ​ត្រូវការ  ។ ជាក់ស្តែង​នៅ​ស្រុក​បារាំង​គេ​នៅ​តែ​ហៅ​ច្រៀង​រាល់​កម្មវិធី​បុណ្យ​ទាន​ដូច​ជា​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ភ្ជុំបិណ្ឌ ឬ​កម្មវិធី​សប្បុរសធម៌ ផ្សេង​ៗ ។

ចំពោះ​អំឡុង​ពេល​មក​លេង​កម្ពុជា​នេះ បើសិនជា​ស្ថានីយទូរទស្សន៍​ណា​ហៅ​ច្រៀង អ្នកស្រី​សូ សា​វឿ​ន នឹង​ចូលរួម ។

អ្នកស្រី​សូ សា​វឿ​ន មាន​ពេល​ច្រើន​នៅ​កម្ពុជា​គឺ​ប្រហែលជា​៦​ខែ​ឯណោះ ។ អ្នកស្រី សូ សា​វឿ​ន មានកូន​៤​នាក់ ក្នុង​នោះ​ស្រី​១ ហើយ​អ្នកស្រី​ក្លាយ​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ដោយ​ស្វាមី​លាចាក​លោក​នេះ​កាលពី​ជាង​មួយ​ឆ្នាំ​មុន​នេះ ។ បទ​ចម្រៀង​ល្បី​របស់​អ្នកស្រី​សូ សា​វឿ​ន មាន​ដូច​ជា​បទ​«​ស្លៀក​ខ្យល់​ដណ្តប់មេឃ​» «​លលក​វា​យំ​» និង​បទ​«​ស្ទឹង​សែន​ប៉ា​រី​ស​»​ជាដើម ៕