នាពេលថ្មីៗនេះអ្នករៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ និងកីឡាប៉ារ៉ាឡាំពិកបាន និយាយថា ត្រូវការជំនួយគាំទ្រពីក្រុមហ៊ុន ឬសិស្សដើម្បីបង្កើតកម្មវិធី«App»នៅលើទូរស័ព្ទដៃ ដើម្បីជាជំនួយក្នុងផ្នែកព័ត៌មានដែលទាក់ទងនឹងកីឡាអូឡាំពិក ។
សេចក្តីសម្រេចរបស់ក្រុមអ្នករៀបចំកីឡានេះ គឺជាផ្នែកមួយនៃការគ្រប់គ្រងការចំណាយក្នុងកម្មវិធីដោយប្រើប្រាស់ជំនួយពីវិស័យឯកជន និងដើម្បីឈរលើគោលការណ៍ទស្សនវិស័យរបស់អ្នកជំនាញថា ប្រទេសជប៉ុនបង្អួតនូវបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ខ្លួនក្នុងឱកាសនៃការប្រារព្ធកីឡាអូឡាំពិករដូវក្តៅនេះ ។
លោក Takeshi Tachi ប្រធានផ្នែកសេវាបច្ចេកវិទ្យាសម្រាប់កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០បាននិយាយថា វាមានការងារច្រើនណាស់ដែលត្រូវបំពេញក្នុងនាមជាគណៈកម្មាធិការរៀបចំកីឡា ។ យើងចង់បង្កើនចំនួនមនុស្សដែលចង់ចូលរួមជាមួយក្លឹបអ្នកគាំទ្រ ។
អ្នករៀបចំកីឡាសង្ឃឹមថា អ្នកប្រើប្រាស់Appទាំងអស់ឱ្យចូលកៀកជាមួយនឹងកីឡាតាមរយៈព័ត៌មាន និងលទ្ធផលនានាស្តីពីទីកន្លែងដែលកីឡាបានប្រារព្ធពីមុន លើសពីនេះក៏ត្រូវដាក់បញ្ចូលនូវកម្មវិធីដែលមានមុខងារថ្មីបន្ថែមទៀត ដូចជាផែនទីបង្ហាញពីទីតាំងមានម្លប់ ទីតាំងលក់ភេសជ្ជៈនិងព្យាករពីពេលវេលាដែលត្រូវរង់ចាំនៅកន្លែងទិញអាហារជាដើម ។
ពួកគេក៏កំពុងពិភាក្សាពីប្រព័ន្ធកម្មវិធីមួយដែលត្រូវភ្ជាប់ជាមួយគណនេយ្យក្នុងកម្មវិធី បណ្តាញសង្គមដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដូចបានទទួលបទពិសោធពិតទាក់ទងនឹងការរត់កាន់គប់ភ្លើង ។
ជាចុងក្រោយលោកTachiនិយាយថា យើងសង្ឃឹមថា នឹងអាចឈានដល់ការបង្កើតក្របខណ្ឌការងារសម្រាប់ការអភិវឌ្ឍមួយឱ្យបានឆាប់រហ័ស ដើម្បីឱ្យអ្នកដែលបានចូលទស្សនាកីឡាអូឡាំពិកមានភាពងាយស្រួលក្នុងពេលពួកគេទស្សនា ៕
ចែករំលែកព័តមាននេះ