ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ឃោសនា​បោះ​ឆ្នោត​ ត្រូវគណ​បក្ស​គោរព​ឱ្យ​បាន​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នា​ពេល​ខាងមុខ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ស្នើ​ដល់​

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នា​ពេល​ខាងមុខ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ស្នើ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ គោរព​បទបញ្ជា នី​តី​វិធី​ឲ្យ​បាន​តឹង​រ៉ឹ​ង ។ ជាមួយ​គ្នា​នេះ គ​.​ជ​.​ប បាន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​នីមួយ​ៗ ហែរ​ក្បួន​ទ្រង់ទ្រាយ​ធំ​តែ​២​លើក​ប៉ុណ្ណោះ គិត​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១០​យប់ ។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​តួនាទី និង​ការ​ទទួលខុស​ត្រូវ​របស់ គ​.​ជ​.​ប​. ក្នុង​ការ​គ្រប់គ្រង​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​សណ្ឋាគា​ឡឺ​រ៉ូយ៉ា​ល់ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា​ថា «​ក្នុង​រយៈពេល​១៤​ថ្ងៃ គណបក្ស​នយោបាយ​នីមួយ​ៗ​អាច​ដង្ហែ​ក្បួន​បាន​តែ​២​លើក ហើយ​ការ​ឃោសនា​ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ សម្រាក​២​ម៉ោង​គឺ​ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​២​រសៀល ។

លោក​ថ្លែង​ថា «​ទោះបីជា​មានការ​ស្នើ​សុំ​កែសម្រួល​ពេលវេលា​ណាមួយ​ក្តី ក៏ គ​.​ជ​.​ប មិន​អាច​ធ្វើ​តាម​សំណើសុំ​បាន​ទេ​ព្រោះថា ពាក់ព័ន្ធ​នឹង​សីលធម៌ ពាក់ព័ន្ធ​នឹង​សណ្តាប់​ធ្នាប់​​សាធារណៈ យើង​មិន​អាច​ធ្វើ​ដោយសារ​ការ​បោះ​ឆ្នោត​យើង​រំខាន​ដល់​សេចក្តីសុខ​ប្រជាពលរដ្ឋ​នោះ​ឡើយ​» ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា «​សម្រាប់​ការ​ឃោសនាបោះឆ្នោត​លើក​នេះ គ​.​ជ​.​ប​បាន​ចែង​នីតិវិធី​យ៉ាង​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​ធ្វើយុទ្ធនាការ​របស់​គណបក្ស​នយោបាយ ។ មាន​ទាំង​បទ​ប្បញ្ញត្តិ​តាម​មាត្រា​ច្បាស់លាស់ ប្រសិនបើ​គណបក្ស​នយោបាយ​និង​អាជ្ញាធរ​មានការ​អធ្យាស្រ័យ​គ្នា​នោះ​នឹង​មិន​មានរឿង​អ្វីកើតឡើង​ទេ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រសិនបើ​មានការ​ចឹ​ញ្ចឹ​ម​ចិត្ត​យកឈ្នះ​ចាញ់​នោះ​បញ្ហា​នឹង​កើត​មាន​ឡើង ។ អីុចឹ​ង​បញ្ហា​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​គោរ​ពា​បទបញ្ជា និង​នីតិវិធី​នៃ​ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ទាំងអស់​គ្នា​» ។

លោក​ថ្លែង​ថា ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​២០ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧ ។