ចិន​នឹង​មិន​បន្ទាប​តម្លៃ​ប្រាក់​យន់​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ឡើយ


ទីក្រុង​ប៉េ​កាំ​ង ៖ លោកនាយក​រដ្ឋមន្ត្រី Li Keqiang បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន​នឹង​មិន​បន្ទាប​តម្លៃ​ប្រាក់​យន់​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ទេ ។

« កាលពី​ឆ្នាំ​មុន ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​អន្ដរជាតិ​បាន​ប្រែប្រួល​មួយ​ចំនួន ហើយ​រូបិយប័ណ្ណ​សំខាន់​ៗ​បាន​ធ្លាក់​ថ្លៃ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក » ។ នេះ​បើ​យោង​តាម​លោក Li បាន​ប្រាប់​សន្និសីទកាសែត​មួយ បន្ទាប់​ពី​បិទ​សម័យប្រជុំ​សភា​ប្រចាំឆ្នាំ ។

លោក​បន្ថែម​ថា ឱកាស​នៃ​ការ​ធ្លាក់​ថ្លៃ​ប្រាក់​យន់​របស់​ចិន​ធៀប​នឹង​ប្រាក់​ដុល្លារ គឺ​មាន​តិចតួច​ណាស់ ។

លោក​លើក​ឡើង​ថា ប្រទេស​ចិន​គ្មាន​បំណង​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ទេ ដោយសារ​វា​គ្មាន​ផល​ល្អ​សម្រាប់​ការ​ផ្លាស់​ប្តូរ ឬ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រសើរ​ឡើង​ឡើយ​។ ប្រទេស​ចិន​ក៏​មិន​ចង់​ចូលរួម​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ណាមួយ​ដែរ ព្រោះ​វា​មិនល្អ​សម្រាប់​ស្ថិរភាព​ប្រព័ន្ធ​ពាណិជ្ជកម្ម និង​រូបិយប័ណ្ណ​អន្តរជាតិ ។

ចិន​នឹង​បន្ត​ជំរុញ​ឱ្យ​អត្រា​ប្តូរ​ប្រាក់​របស់​ខ្លួន​មាន​កំណែទម្រង់​ទៅ​មុខ និង​អនុវត្ត​តាម​ប្រព័ន្ធ​គ្រប់គ្រង​អត្រា​ប្តូរ​ប្រាក់​ដែល​ប្រែប្រួល​តាម​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ ។

លោក Li បន្ត​ថា យើង​អាច​ថែរក្សា​ស្ថិរ ភាព​អត្រា​ប្តូរ​ប្រាក់​យន់​បាន​ទូលំទូលាយ​ក្នុង​កម្រិត​សម​ហេតុផល និង​មាន​លំនឹង ដោយសារ​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​មាន​សុវត្ថិភាព ។ លោក​ថា ៖ « ដូច្នេះ យើង​ជឿជាក់​ថា ប្រទេស​ចិន​នឹង​អាច​បន្ត​រួមចំណែក​ដល់​ស្ថិរភាព​ប្រព័ន្ធ​រូបិយប័ណ្ណ​សកល » ។

លោក​បន្ថែម​ថា ប្រទេស​ចិន​មាន​ប្រាក់​បម្រុង​បរទេស​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភព លោក ដែល​គ្រប់គ្រាន់​ដើម្បី​បង់ប្រាក់​ការ​នាំ​ចូល និង​សងបំណុល​ក្រៅប្រទេស​រយៈពេល​ខ្លី​។ លោក​ថា ៖ « ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ចិន គឺ​ច្រើន​លើស​ស្តង់ដា​អន្តរជាតិ​ទៅ​ទៀត » ។

« ប្រាក់​យន់​មាន​វត្តមាន​រឹង​មាំ​នៅ​ក្នុង​ប្រព័ន្ធ​រូបិយប័ណ្ណ​អន្តរជាតិ ខណៈ​អត្រា​ប្តូរ​ប្រាក់​យន់​នៅ​តែ​មាន​ស្ថិរភាព » ។ នេះ​បើ​យោង​តាម​លោក Li ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ