ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាជីវកម្ម​ខ្នាត​តូច និង​មធ្យម​កូរ៉េ​មាន​បំណង​ចាប់​ដៃគូ​វិនិយោគ​សហគ្រាស​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាជីវកម្ម​ខ្នាត​តូច និង​មធ្យម​កូរ៉េ​មាន​បំណង​ចាប់​ដៃគូ​ជាមួយ​សហគ្រាស​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​កិច្ចព្រមព្រៀង​មួយ​ដែល​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា នៅ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច

រាជធានី​ភ្នំពេញ ៖ សាជីវកម្ម​ខ្នាត​តូច និង​មធ្យម​កូរ៉េ​មាន​បំណង​ចាប់​ដៃគូ​ជាមួយ​សហគ្រាស​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​កិច្ចព្រមព្រៀង​មួយ​ដែល​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា នៅ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ថ្លែង​បន្ទាប់​ពី​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៥ មីនា ថា សាជីវកម្ម​ខ្នាត​តូច និង​មធ្យម​កូរ៉េ មាន​បំណង​ជួយ​សម្របសម្រួល​វិនិយោគិន​ដែល​មាន​បំណង​ចង់​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​ធំ ជា​ពិសេស គឺ​ការ​ជំរុញ​គាំទ្រ​នាំ​ផលិតផល​ខ្មែរ​នៅ​ទីផ្សារ​កូរ៉េ ។ លោក​បន្ត​ថា សម្រាប់​កម្ពុជា​ជួយ​គាំទ្រ​ដល់​វិនិយោគិន​ពី​កូរ៉េ ដែល​មាន​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា ឬ​ចង់​ចាប់​ដៃគូ​សហការ​ជាមួយ​សហ គ្រាស​ក្នុងស្រុក និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាងណា ឲ្យ​ការ​ធ្វើ​អាជីវកម្ម​ប្រទេស​ទាំង​ពីរ​គ្រប់​ជ្រុងជ្រោយ ។

លោក លី​ម ជេ​អ៊ុ​ន (Lim  Chae-Un) ប្រធាន​សាជីវកម្ម​ខ្នាត​តូច និង​មធ្យម​កូរ៉េ បាន​ថ្លែង​បញ្ជាក់​ដែរ​ថា សហគ្រាស​កូរ៉េ​នឹង​ជួយ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ដល់​សមាជិក​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ហើយ​ពេល​នោះ អាច​ផលិត​ផលិតផល​ពាក់កណ្តាល​សម្រេច​ពី​កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ ។ លោក​បន្ត​ថា ភាគី​កូរ៉េ​បាន​រឹតចំណង​មិត្តភាព​រវាង​វិស័យ​ឯកជន​របស់​ប្រទេស​កម្ពុជា និង​បង្កើន​កិច្ចសហការ​សេដ្ឋកិច្ច​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​លើ​ផ្នែក​អាជីវកម្ម​ប្រទេស​ទាំង​ពីរ ។

ភាគី​ទាំង​ពីរ​នឹង​ផ្តោត​លើ​ការ​ធ្វើ​យ៉ាងណា ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អាច​ផលិត​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ និង​អស់​ថ្លៃដើម​ផលិត​ទាប ។ ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ធ្វើ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ពាក់កណ្តាល​សម្រេច​សម្រាប់​ផ្គត់ផ្គង់​ដល់​សហគ្រាស​កូរ៉េ​បាន ។

នៅ​កម្ពុជា​មាន​សហគ្រាស​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម​ចំនួន​ជាង​៥៣​ម៉ឺន​សហគ្រាស ក្នុង​នោះ​៩០%​ជា​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ប្រមាណ​១០%​ជា​សហ​គ្រាស​​ខ្នាត​មធ្យម និង​ខ្នាត​ធំ ៕