ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២០​នាក់​ត្រូវ​បាន​ទៅ​បំភ្លឺ​នៅ​សាលាខេត្ត សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មនុស្ស​ចំនួន​២០​នាក់​ហើយ​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ទប់​ស្តា​ត់បទ​ល្មើស​ព្រៃឈើ ហៅ​ទៅសួរ​បំភ្លឺ​នៅ​សាលាខេត្ត

ខេត្តមណ្ឌលគិរី ៖ មនុស្ស​ចំនួន​២០​នាក់​ហើយ​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ទប់​ស្តា​ត់បទ​ល្មើស​ព្រៃឈើ ហៅ​ទៅសួរ​បំភ្លឺ​នៅ​សាលាខេត្ត មាន​ទាំង​ពី​ទាហាន​ព្រំដែន នគរ​ព្រំដែន និង​មន្ត្រី​ជំនាញ​បរិស្ថាន មាន​ទាំង​មេ មាន​ទាំង​កូន ហៅ​ទាំងអស់​ឲ្យ​តែ​ជាប់​សង្ស័យ​រឿង​ព្រៃឈើ​។ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ មីនា ២០១៧ មាន​រយៈពេល​៣​ស​ប្តា​ហ៍​កន្លង​ទៅ ហើយ ដែល​ប្រតិបត្តិការ​ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ព្រំដែន​ពីលើ​មេឃ ត្រូវ​បាន​បង្ក្រាប មិន​ចាប់​ពីលើ​មេឃ​យ៉ាង ម៉េច បើ​ជិះ​ម៉ូតូ​ឡាន ឬ​ដើរទៅ​ចាប់​ពួក​ឈ្មួញ​ផ្អើល​រត់​ចែក​ជើង​គ្នា​អស់ មុន​ពេល​កម្លាំង​ទៅ​ដល់​គោលដៅ​មុន​រហូត អ៊ីចឹង មាន​តែ​ជិះ​កន្ទុំរុយ​បី​គ្រឿង​ហោះ​ទៅ​ចាប់​ទើបបាន​ខ្លះ​។

ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​ទើប​ប្តូរ​ឈ្មោះ​ពី​តំបន់​អភិរក្ស​ជីវ ចម្រុះ​សីមា ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​វិសាលភាព​ប្រមាណ​ជាង​២០​ម៉ឺន​ហិ​កតា ជាប់​ខេត្តក្រចេះ ជាប់​ទល់ដែន​យួន ត្រូវ​គេ​កាប់​ជាង​២០​ឆ្នាំ​ហើយ ប្រហែល​ជិត​រលាយ​អស់​ឆាប់​ៗ បើ​នៅ​តែ​មាន​មន្ត្រី​ពុក​រលួយ​នៅ​ធ្វើការ​កន្លែង​អស់ទាំង​នោះ មិនមែន​ពុក​ផុយ ពុក​រលួយ​តែ​ម្នាក់​ពីរ​នាក់​នោះ​ទេ គឺជា​ខ្សែ ជា​ប្រព័ន្ធ​តែ​ម្ដង​។ នៅ​តាម​ព្រំដែន​មាន ទាហាន​ការពារ​ព្រំដែន មាន​នគរបាល​ការពារ​ព្រំដែន នៅ​ក្នុង​ព្រៃ​មាន​មន្ត្រី​បរិស្ថាន​ជា​អ្នក​ការពារ​។ ប៉ុន្តែ​បែរជា​មាន ជនជាតិ​យួន​ប្រាំពីរ ប្រាំបី​នាក់ ចូល​ទៅ​កាប់​ឈើ​ពេញ​ដែនជម្រកសត្វព្រៃ មាន​ទាំង​ពី​ឡាន​កែ​ច្នៃ​បង្កុង ដំរី​ទឹកធំ​ៗ ដឹកឈើ ហ៊ុ​ប ដឹកឈើ​យក្ស ដឹកឈើ​របស់​ខ្មែរ រាប់​ពាន់​ម៉ែត្រគូប​ឆ្លង​ដែន​ចូល​ដី​យួន​ធ្វើ​មិនដឹង​។

នៅ​ពេល​សួរ​មន្ត្រី​ប្រចាំការ​នៅ​តាម គោលដៅ​កើត​បទល្មើស បាន​ត្រឹម​នាំ​គ្នា​ឆ្លើយ​ថា មិនដឹង មិន​មានអី​ផង កុំ​ចេះ​តែ​ថា ប្រយ័ត្ន​គេ​ប្តឹង​។ លុះ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៧ ថ្មី​ៗ​នេះ កន្ទុំរុយ​បី​គ្រឿង​ហោះ​ទៅ​ចាប់​ដល់​កន្លែង ទើប​នាំ​គ្នា​ធ្វើ​ភ្នែក​ស្លឺ ភ្នែក​ស ឆ្លើយ​ដាក់​អ្នក​នេះ ឆ្លើយ​ដាក់​អ្នក នោះ​យករួចខ្លួន​។ ចំណែក​មេ​នគរបាល​វរៈ​ព្រំដែន​ម្នាក់​នោះ ត្រូវ​គេ​ខ្សឹបខ្សៀវ​ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា មិន​ត្រឹម​ទទួល សំណែន​ម៉ឺន​ៗ​ដុល្លា​នោះ​ទេ ថែម​ទាំង​ដាក់​រណា​យន្ត ដាក់​ឡាន​កែ​ច្នៃ​របស់​ខ្លួនឯង ចូល​ទៅ​អារ​កាប់ ជ្រៀក ដឹក​ជញ្ជូន យក​លុយ​ដាក់​ខោ​ប៉ៅ​ខ្លួន​ថែម​ទៀត​ផង​។ ចំណែក​មន្ត្រី​យោធា​ចំនួន​៧​នាក់ និង​មន្ត្រី​នគរបាល​ចំនួន​១១​នាក់ ដែល​ថ្នាក់​ជាតិ​កោះហៅ​ទៅ​សួរនាំ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជា​លទ្ធផល​ក្នុង​ចំណោម កងកម្លាំងប្រដាប់អាវុធ​ទាំងនេះ មាន​មន្ត្រី​ខ្លះ​នឹង​ប្រឈម​មុខ​តុលាការ ខណៈ​ខ្លះ​ទៀត​ត្រូវ​បាន​អប់រំ និង​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ផ្សេង​។

សមត្ថកិច្ច​ខេត្តមណ្ឌលគិរី បាន​លួច​បង្ហើប​ថា ការ​កោះហៅ​មន្ត្រី​យោធា និង​នគរបាល​ទាំងនោះ​យក​ទៅ​សួរនាំ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤-១៥-១៦ ខែមីនា ឆ្នាំ​២០១៧ ហើយ​នៅ​ថ្ងៃនេះ​អាច​នឹង​បន្ត​នីតិវិធី​បន្ត​ទៀត ដែល​ពួក​គេ​សង្ស័យ​មានការ​ជាប់​ពាក់ព័ន្ធ រឿង​បទល្មើស ព្រៃឈើ​នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។ មន្ត្រី​យោធា​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃឈើ ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ហៅ​មក​សួរនាំ​រួម​មាន​៖ លោក ឯម សុង​ហ៊ួ មាន​តួនាទី​ជា​មេ​(​ខ​) និង​ជា​មេ​ប៉ុស្តិ៍​របៀង​ការពារ​ព្រំដែន​អូរ​ហ៊ុ​ច​, លោក កើត វេហា ជា​មន្ត្រី​, លោក ឡាយ សា​វី ជា​មន្ត្រី​, លោក​លី ឆេ​ង​លី​ម ជា​មន្ត្រី​, លោក ទា ខៃ​ម៉េ​ង មាន​តួនាទី​ជា​មេ «​គ​៣»​។

បន្ទាប់​ពី​សួរនាំ​មន្ត្រី​ខាងលើ​រួច គណៈកម្មការ​បាន​កោះហៅ មន្ត្រី​យោធា​ចំនួន​២​រូប​ទៀត នៅ​ថ្ងៃ​ដដែល​ដើម្បី​សួរនាំ គឺ​លោក ហ៊ឹ​ម សុ​ផាត និង​លោក យិ​ន ចាន់​ទី មេបញ្ជាការ​យោធា​វរៈ ការពារ​ព្រំដែន​គោក​លេខ​១០៣ ជា​លទ្ធផល​ពុំ​ទាន់​មាន​ប្រភព​ណា​ទម្លាយ​ឲ្យ​ដឹង​ថា បានជា​ផ្លែផ្កា​យ៉ាងណា​នោះ​ឡើយ​។ ដោយឡែក មន្ត្រី​នគរបាល​ចំនួន​៩​រូប អាច​ទំ​ង​ជា​ធ្វើការ​អប់រំ​ណែនាំ និង​ផ្ទេរ​ឲ្យ​ទៅ​កាន់​ទីកន្លែង​ផ្សេង ខណៈ​មន្ត្រី​នគរបាល ចំនួន​២​រូប​ទៀត មាន​តួនាទី​ជា​ប្រធាន​ច្រករបៀង​ការពារ​ព្រំដែន​ប៉ុស្តិ៍​អូរ​ហ៊ុ​ច និង​ប៉ុស្តិ៍​អូរ​ជុំ អាច​ប្រឈម​ជាមួយ​ច្បាប់​។

សូម​រំលឹក​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​មួយ ករណី នៅ​ប៉ុស្តិ៍​អូរ​ហ៊ុ​ច ជាប់​ព្រំដែន​របស់​ប្រទេស​វៀតណាម ក្នុងស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដោយ​រឹបអូស​បាន​ឈើ ប្រភេទ​សុ​ក្រំ គគីរ ផ្ចឹក​ចំនួន​១៤៥​កំណាត់ ចាប់​បាន​រថយន្ត បង្កុង ចំនួន​៨​គ្រឿង រណា​យន្ត​០១​គ្រឿង ម៉ូតូ​០៥​គ្រឿង ដែល​នៅ​ពេល​នោះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគា ខេត្តមណ្ឌលគិរី​៕