ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុវណ្ណ​ឌឿ​ន ដល់​ថ្ងៃ​ប៉ះ​ឡាវ​យក​ខ្សែក្រវាត់​អន្តរជាតិ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៨ មីនា ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដល់​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជា​ផ្លូវការ​ហើយ ដោយ​កីឡាករ​កម្ពុជា​ឡុ​ង សុវណ្ណ​ឌឿ​ន និង

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៨ មីនា ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដល់​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជា​ផ្លូវការ​ហើយ ដោយ​កីឡាករ​កម្ពុជា​ឡុ​ង សុវណ្ណ​ឌឿ​ន និង​កីឡាករ​ឡាវ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​នេះ ។ សមាសភាព​ដែល​ឡើង​ប្រកួត​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ សុទ្ធតែ​បាន​អះអាង​ថា ត្រៀមខ្លួន​ម៉ត់ចត់​ដោយសារ​តែ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ចុង​ក្រោយ ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​តែ​ម្ដង​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​ទាំង​ខាង​កម្ពុជា និង​ខាង​បរទេស​សុទ្ធតែ​មាន​កម្រិត​ល្អ ហើយ​មើលទៅ​ម្នាក់​ៗ​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​ទាក់ទាញ​រៀងខ្លួន ។ កីឡាករ​កម្ពុជា និង​ឡាវ ២​រូប​រួម​មាន ជើង​ខ្លាំង ឡុ​ង សុវណ្ណ​ឌឿ​ន និង​កីឡាករ​ឡាវ Thav Uolan នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​នៅ​វគ្គ​ចុង​ក្រោយ ដើម្បី​ប្រជែង​គ្នា​ធ្វើ​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​បើក​ប្រកួត​អស់​ជា​ច្រើន​ខែ ។ ម្នាក់​ៗ​សុទ្ធតែ​ជឿជាក់​លើ​សមត្ថភាព​រៀងខ្លួន ដើម្បី​ឱ្យ​ការ​បើក​ប្រកួត​ឈាន​ដល់​គោលដៅ​រៀងខ្លួន ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា​សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ចង់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​ខា​រ៉ា​បាវ និង​ទទួល​បាន​ប្រាក់​លាន​អម​ដោយ​កិត្តិយស​មុខមាត់​។

ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​នៅ​វគ្គ​ចុង​ក្រោយ​នេះ​ទេ ដោយសារ​តែ​គូភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀម​ទុក​ពី​ចម្ងាយ​ដូច​គ្នា បើ​ទោះជា​ឡុ​ង សុវណ្ណ​ឌឿ​ន ក៏​ត្រូវ​ខាង​ខ្មែរ​ជឿ​ថា​បាន​កាន់​ខ្សែក្រវាត់ ហើយ​កីឡាករ​ឡាវ​ក៏​ត្រូវ​អ្នកដឹកនាំ​ជា​ជនជាតិ​ថៃ​អះអាង​ថា​នឹង​បាន​ខ្សែក្រវាត់​នោះ​ដូច​គ្នា ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា និង​ឡាវ ជើង​ខ្លាំង​២​រូប​ខាងលើ​នឹង​បើក​ឆាកប្រយុទ្ធ​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ ។ កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​Thav Uolan​ក្នុង​នាម​ជា​គូ​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ ។ កីឡាករ Thav Uolan  ធ្លាប់​ប្រកួត​៦៤​លើក ឈ្នះ​៦២​លើក និង​ចាញ់​២​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​៩៩​លើក ឈ្នះ​៨៤​លើក ចាញ់​១០​លើក និង​ស្មើ​៥​លើក ។ ក្រុម​អ្នកគាំទ្រ​បាន​យល់​ឃើញ​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ការ​ប្រកួត ដោយសារ​តែ​ផ្អែក​លើ​ប្រវត្តិ​ប្រកួត គឺ​កីឡាករ​កម្ពុជា​ល្អ​ជាង តែ​កីឡាករ​ឡាវ​ក៏​បាន​ប្រកាស​ថា​មិន​ខ្លាច​ចំពោះ​ប្រវត្តិ​នោះ​ដែរ បើ​ទោះជា​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន ម្ដង​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្ដី ។

នៅ​ថ្ងៃ​នោះ​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​ថៃ​២​នាក់​ជា​លក្ខណៈ​មិត្តភាព​ផង​ដែរ ។ កីឡាករ ឃី​ម ឌី​ម៉ា លោក ញាណ សុធី ថា គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Khon Krongthep  ។

ឆ្លងកាត់​ការ​ប្រកួត​កន្លង​មក កីឡាករ​រូប​នេះ​នៅ​មិន​ទាន់​ច្បាស់​ថា​នឹង​បាន​ឈ្នះ ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​គូប្រកួត​ដែល​បាន​ឡើង​ក្នុង​វគ្គ​នេះ​ក៏​សុទ្ធតែ​ខ្លាំង​មិនធម្មតា ។ លោក​ថា កីឡាករ​ថៃ ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៦២​លើក និង​ចាញ់​៧​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ដល់​៩១​លើក ឈ្នះ​៧១​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ទើប​លោក​រំពឹង​ថា​បទ​ពិសោធន៍​ល្អ​ជាង​របស់​កីឡាករ​កម្ពុជា​នៅ​តែ​ឈ្នះ​សម្រាប់​វគ្គ​នេះ ដោយសារ​តែ​ការ​ប្រកួត​នា​ពេល​កន្លង​មក​ធ្លាប់​បាន​ឈ្នះ​ផង​ចាញ់​ផង​ជាមួយ​ថៃ ។ ទោះបី​យ៉ាងណា គេ​នៅ​មិន​ទាន់​ប្រាកដ​ថា សមត្ថភាព​របស់​កីឡាករ​កម្ពុជា​នឹង​អាច​យកឈ្នះ​លើ​គូប្រកួត​នៅ​ថ្ងៃស្អែក​ទេ ក្នុង​ពេល​កីឡាករ​ថៃ​ក៏​មិនមែន​ធម្មតា​បែប​នេះ បើ​ផ្អែក​ទាំង​កម្លាំង បច្ចេកទេស និង​សមត្ថភាព​ក្នុង​ពេល​ប៉ះ​គ្នា​លើក​មុន ។ ម្នាក់​ៗ​បាន​ត្រឹម​ចាំ​មើល​ការ​ប្រកួត​មួយ​នេះ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ក៏​ចង់​ឈ្នះ​មិន​អាច​ចាញ់ ហើយ​កីឡាករ​ថៃ​ក៏​ចង់​ឈ្នះ​មិន​អាច​ចាញ់​ដូច​គ្នា ៕