ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​មក​ពី​វិស័យ​ឯកជន​បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក​នៅ​កម្ពុជា ខណៈ​បញ្ហា​នេះ​ហាក់​មិនសូវ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​មក​ពី​វិស័យ​ឯកជន​បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក​នៅ​កម្ពុជា ខណៈ​បញ្ហា​នេះ​ហាក់​មិនសូវ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​ប្រជាជន​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា​ថា លោក​ចង់​ឲ្យ​រៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន និង​ថង់​ប្លា​ស្ទិ​ក​ពី​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ទីក្រុង​យើង ប្រទេស​របស់​យើង​ស្អាត និង​មាន​អនាម័យ​ល្អ​ប្រសើរ ព្រោះ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ហាក់បីដូចជា​ដេក​លក់ និង​មិន​យកចិត្តទុកដាក់​បញ្ហា​នេះ គួប​ផ្សំ​នឹង​ការ​យល់​ដឹង​ពី​បរិស្ថាន​របស់​ប្រជាជន​នៅ​មាន​កម្រិត​ផង​នោះ ធ្វើ​ឲ្យ​គំនរ​សំរាម និង​ថង់​ប្លា​ស្ទិ​ក​នៅ​រាយ​ប៉ាយ​តាម​ទី​សាធារណៈ​គ្រប់កន្លែង ។

លោក​បន្ត​ថា ជាមួយ​គ្នា​នេះ ក្រសួង​គួរ​លុប​បំបាត់​ក្រុមហ៊ុន​ទេសចរណ៍​ដែល​គ្មាន​អាជ្ញាប័ណ្ណ ព្រោះ​ក្រុមហ៊ុន​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​បាត់បង់​ជំនឿ​ចិត្ត ហើយ​ជា​លទ្ធផល​នឹង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​បាត់​ចំណូល​ជាតិ ។

លោក​បន្ត​ថា ៖ « អនាម័យ​មិនល្អ សណ្តាប់ធ្នាប់​មិនល្អ វា​នឹង​បាត់បង់​ភ្ញៀវ និង​បាត់បង់​ចំណូល​ជាតិ ហើយ​ភ្ញៀវ​មក​ទស្សនា​កម្ពុជា​ម្តង ពួក​គេ​នឹង​មិន​ត្រឡប់​មក​វិញ​ទេ » ។ លោក​បន្ត​ថា ៖ « លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​បើ​គ្មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ លទ្ធផល​ទទួល​បាន​ក៏​មិនល្អ​ប្រសើរ​ទេ » ។
លោក ហូ វ​ណ្ឌី បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​ទទួលខុសត្រូវ​នៅ​មូលដ្ឋាន​របស់​ខ្លួន ហើយ​ដើម្បី​សម្រេច​កិច្ចការ​នេះ​ទាមទារ​ឲ្យ​មាន​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក ដែល​ពង្រាយ​គ្រប់​ទីកន្លែង​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​រមណីយដ្ឋាន​នានា ។

រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងទេសចរណ៍ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជំរុញ​ការ​ប្រឡងប្រណាំង «​ចលនា​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​» ប៉ុន្តែ​ជា​លទ្ធផល ការ​ធ្វើ​អនាម័យ និង​កម្ចាត់​ថង់​ប្លា​ស្ទិ​ក​ទទួល​បាន​មាន​កម្រិត​នៅឡើយ ។ នៅ​ពេល​ថ្មី​ៗ​នេះ ក្រសួង​នឹង​ដាក់​ចេញ​ផែនការ​ប្រឡងប្រណាំង​ស្តង់ដា​រមណីយដ្ឋាន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា បញ្ហា​នេះ​សហព័ន្ធ និង​សមាគម​នានា​បាន​ធ្វើ​ការងារ​ច្រើន​រួច​មក​ហើយ ប៉ុន្តែ​សំរាម​ជា​រឿង​ទាំងអស់​គ្នា ត្រូវ​ធ្វើ​ទាំងអស់​គ្នា កុំ​បន្ទោស​រាជរដ្ឋាភិបាល កុំ​បន្ទោស​ក្រសួង ព្រោះ​សំរាម​កើត​ចេញពី​មនុស្ស ប៉ុន្តែ​សំណួរ​សំខាន់ តើ​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​ដាក់​ធុង​សំរាម​​គ្រប់គ្រាន់ និង​ដឹក​ចេញ​ទាន់​ពេលវេលា​ឬ​អត់ ? បើ​បាន​ដាក់​សម្ភារ​បរិក្ខារ​នានា​សម​ស្រប​ហើយ ប្រជាពលរដ្ឋ​មិន​អនុវត្ត រាជរដ្ឋាភិបាល​ត្រូវ​តែ​ចាត់វិធានការ ។

លោក​បន្ត​ថា ៖ « សំរាម​កើត​ពី​មនុស្ស ដូច្នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ហើយ​រាជរដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ ប្រសិនជា​មានការ​បំពាក់​ធុង រថយន្ត​ដឹក​សំរាម​គ្រប់គ្រាន់​ហើយ​ពួក​គេ​នៅ​តែ​មិន​អនុវត្ត » ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន ក៏​បាន​ត្អូញត្អែរ​ពី​បញ្ហា​សំរាម និង​ថង់​ប្លា​ស្ទិ​ក​ផង​ដែរ​ថា ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ធ្វើការ​មិន​បាន​ល្អ​ទេ ទោះបីជា​ប្រជាពលរដ្ឋ​បង់ប្រាក់​ជូន​ពួក​គេ​ប្រចាំខែ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​អាច​សំអាត​សំរាម និង​ថង់​ផ្ទា​ស្ទិ​កបាន​ល្អ​ប្រសើរ​ដែរ​។ លោក​បន្ត​ថា បើសិនជា​ប្រជាពលរដ្ឋ​មិន​បង់ប្រាក់​ជូន​ជា​រឿង​មួយ ប៉ុន្តែ​នេះ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​បង់ប្រាក់​ហើយ ប៉ុន្តែ​ធ្វើ​មិន​បាន​ស្អាត ពិតជា​មិន​គួរ​បែប​នេះ​ទេ ។

កាលពីដើម​ឆ្នាំ​នេះ សហ​ប្រធាន​ក្រុមការងារ​ទេសចរណ៍​ផ្នែក​ឯកជន លោក លូ ម៉េ​ង បាន​លើក​ឡើង​ថា សំរាម​ពិតជា​បញ្ហា​ធំ​មួយ​នៅ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​គួរតែ​យកចិត្តទុកដាក់ ព្រោះ​អ្នកទេសចរ​បរទេស​ភាគច្រើន នៅ​ពេល​ពួក​គេ​ឃើញ​សំរាម ពួក​គេ​ខ្លាច និង​មិន​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​នោះ​ទេ ។ ប្រសិនជា​ចង់​ទាក់ទាញ​អ្នកទេសចរ​ឲ្យ​បាន​ច្រើន ប្រជាពលរដ្ឋ​កម្ពុជា​គួរតែ​ភ្ញាក់រលឹក​ទាក់ទង​នឹង​បញ្ហា​នេះ ដើម្បី​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​បរិស្ថាន​ស្អាត ។

លោក​បន្ត​ថា ៖ « សំរាម​ពិតជា​បញ្ហា​ធំ​ណាស់​នៅ​កម្ពុជា វា​ជា​ជំងឺ​មួយ​ដែល​ត្រូវ​ព្យាបាល​បន្ទាន់​លើ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​បោះចោល​សំរាម កាក​សំណល់ និង​ថង់​ប្លា​ស្ទិ​ក​នៅ​គ្រប់​ទីកន្លែង » ។

លោក មាន ចាន់​យ៉ា​ដា អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​លើក​ឡើង​ថា ការងារ​ប្រមូល​សំរាម សាលា​រាជធានី​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ជា​អ្នក​ទទួលខុសត្រូវ និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី លើ​ការងារ​ប្រមូល ដឹក​ជញ្ជូន និង​បោសសម្អាត ប៉ុន្តែ​បើ​អាជ្ញាធរ​ខណ្ឌ​គ្មាន​លទ្ធភាព​ធ្វើ​ការងារ​នេះ ពួក​គាត់​អាច​លើក​សំណើ​មក​កាន់​រាជធានី ដើម្បី​រក​វិធានការ​ដោះស្រាយ ៕