ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ភាពយន្ត​ចាក់​បញ្ចាំងផលិតករ​ខ្វល់ខ្វាយខ្លាច​ខាត​ដ្បិត​ជំពាក់​ធនាគារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​រឿង «​កំពូល​ស៊យ​ឆ្លង​ភព​» ចាក់​បញ្ចាំង​នៅ​ថ្ងៃនេះ​ហើយ ខណៈ​ផលិតករ​កំពុង​ខ្វល់ខ្វាយ​ពី​រឿង​ជាប់បំណុល​ធនាគារ ។ ការ​ផលិត​ខ្សែភាពយន្ត​នេះ ផលិតករ​បាន​ខ្ចីប្រាក់​ពី​ធនាគារ​

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​រឿង «​កំពូល​ស៊យ​ឆ្លង​ភព​» ចាក់​បញ្ចាំង​នៅ​ថ្ងៃនេះ​ហើយ ខណៈ​ផលិតករ​កំពុង​ខ្វល់ខ្វាយ​ពី​រឿង​ជាប់បំណុល​ធនាគារ ។ ការ​ផលិត​ខ្សែភាពយន្ត​នេះ ផលិតករ​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ដោយ​ដាក់បញ្ចាំ​ប្លង់​ដី ។

ទន្ទឹម​ខ្សែភាពយន្ត​របស់​ខ្លួន​រឿង «​កំពូល​ស៊យ​ឆ្លង​ភព​» ចាក់​បញ្ចាំង លោក​តន់ វុ​ទ្ធី ចាងហ្វាង​ផលិតកម្ម​អូ​ហ្វ៊ី​ម ខ្វល់ខ្វាយ​ចំពោះ​ការ​ប្រមូលប្រាក់​ចំណូល​ត្រឡប់​មក​វិញ ។ ក្នុង​ការ​ផលិតភាព​យន្ត​នេះ​បាន​ចំណាយ​ទុន​អស់​ច្រើន​រហូត​ខ្ចី​ធនាគារ​ទៀត​ផង ។ លោក​តន់ វុ​ទ្ធី បញ្ជាក់​ថា ធនាគារ​គំរាម​រឹបអូស​យក​ដី​របស់​លោក​បើ​គ្មាន​ប្រាក់​សង​ទេ ។ ក្នុង​ស្ថានភាព​បែប​នេះ​ផលិតករ​ភាពយន្ត​រឿង «​កំពូល​ស៊យ​ឆ្លង​ភព​» អំពាវនាវ​ឱ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ស្នាដៃ​របស់​លោក ដើម្បី​លោក​មាន​លទ្ធភាព​សងបំណុល​ធនាគារ​វិញ ។
ភាពយន្ត​រឿង​«​កំពូល​ស៊យ​ឆ្លង​ភព​» មាន​គម្រោង​ធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃ​ទី​១៥ មីនា​មុន​ពេល​ចាក់​បញ្ចាំង​មួយ​ថ្ងៃ ដើម្បី​ជូនដំណឹង​ដល់​អ្នកគាំទ្រ​បានដឹង ប៉ុន្តែ​ផលិតករ​លោក​តន់ វុ​ទ្ធី មិន​បាន​ធ្វើ​ទេ ព្រោះ​ដើមទុន​លោក​តិច​ដោយ​បាន​ចំណាយ​លើ​ការ​ផលិត​អស់​ទៅ​ហើយ ។

គ្រា​ដែល​ភាពយន្ត​រឿង «​កំពូល​ស៊យ​ឆ្លង​ភព​» ចាប់ផ្ដើម​ផ្សព្វផ្សាយ​ឈុត ខ្លី​ៗ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក មាន​ព័ត៌មាន​ថា​នឹង​ធ្វើ​ពិធី​សម្ពោធ ។ ការ​អាក់ខាន​សម្ពោធ​វិញ​នោះ ត្រូវ​លោក​តន់ វុ​ទ្ធី និយាយ​ថា «​រឿង​របស់ខ្ញុំ​មិន​បាន​ធ្វើ​ពិធី​សម្ពោធ ដើម្បី​ជូនដំណឹង​ដល់​មហាជន​បានដឹង​ទេ ព្រោះ​ខ្ញុំ​គ្មាន​លទ្ធភាព គឺ​អស់​ទុន​ពី​ខ្លួន​តែ​ម្ដង ។ នៅ​ពេល​ខ្ញុំ​គ្មាន​ទុន​ធ្វើ​ពិធី​សម្ពោធ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ទស្សនិកជន​បានដឹង​ជា​ព័ត៌មាន ខ្ញុំ​ពិតជា​មានការ​បារម្ភ​ខ្លាច​រឿង «​កំពូល​ស៊យ​ឆ្លង​ភព​» មិន​មាន​អ្នក​បានដឹង និង​មិនសូវ​មាន​បងប្អូន​ខ្មែរ​ទៅ​ជួយ​គាំទ្រ​ផង​ដែរ តែ​ធ្វើ​ម៉េច​បើ​ខ្ញុំ​គ្មាន​ជម្រើស ។

ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ​នេះ​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​លើក​ម្រាមដៃ​ដប់​សុំ​ឲ្យ​បងប្អូន​ខ្មែរ ជា​ពិសេស​យុវវ័យ​ដែល​តែង​ចូលរួម​គាំទ្រ​ភាពយន្ត​ខ្មែរ សូម​ចូលរួម​ជួយ​លើកទឹកចិត្ត​ខ្ញុំ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នោះ​» ។

តារា​សម្តែង​មួយ​ចំនួន​បាន​អំពាវនាវ​ដល់​សិល្បករ ពិសេស​ទស្សនិកជន​ឱ្យ​ចូលរួម​ជួយ​គាំទ្រ​ខ្សែភាពយន្ត​រឿង «​កំពូល​ស៊យ​ប្រចាំ​ភព​» ដើម្បី​កុំឱ្យ​ផលិតករ​ខាតបង់ ខណៈ​លោក​កំពុង​ជំពាក់​បំណុល​ធនាគារ ៕