ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ថា​គ្មាន​ពេល​និយាយ​ជាមួយ​បក្ស​តូចតាច ទុកវេលា​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដែល​ទើបតែ​ឡើង​ថ្មី​បាន​អះអាង​ថា លោក​គ្មាន​ពេល​ឆ្លើយឆ្លង​ជា

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដែល​ទើបតែ​ឡើង​ថ្មី​បាន​អះអាង​ថា លោក​គ្មាន​ពេល​ឆ្លើយឆ្លង​ជាមួយ​គណបក្ស​នយោបាយ​តូចតាច​ដែល​ទើប​បង្កើត​នោះ​ទេ ដោយ​ទុក​ពេលវេលា​ធ្វើ​គោលនយោបាយ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាចវិញ ។

លោក​កឹ​ម សុខា បាន​លើក​ឡើង​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្ទៃក្នុង​នូវ​គោលនយោបាយ​អាទិភាព​៥​ចំណុច​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ដល់​សកម្មជន​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា​នៅ​ទីស្នាក់ការ​គណបក្ស​ថា ចាប់ពី​ពេល​នេះ​ទៅ​ឈប់​រំលឹក​និយាយ​ពី​រឿង​អតីតកាល​កន្លង​មក ដោយ​ងាក​មក​ធ្វើការ​ប្រកួតប្រជែង​គោលនយោបាយ​វិញ ។ លោក​ថា លោក​គ្មាន​ពេល​សម្រាប់​ឆ្លើយ​តប​ជាមួយ​គណបក្ស​នយោបាយ​តូច​ៗ​ដែល​ទើប​បង្កើត​នោះ​ទេ ។ ដោយសារ​តែ​ដៃគូ​ប្រជែង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​មាន​តែ​គណបក្សកាន់អំណាច​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ ។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​ជា​ទស្សនៈ​របស់ខ្ញុំ ក្នុង​នាម​ជា​អ្នកដឹកនាំ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​យើង​នាំ​គ្នា​គិត និង​កសាង​អនាគតកាល​មួយ​ដ៏​ប្រសើរ​ជា​ជាង​ការ​អួត ឬ​ការ​បន្តុះបង្អាប់​គ្នា គាស់កកាយ​រឿង​អតីតកាល​។ ខ្ញុំ​យល់​ឃើញ​ថា ចំពោះ​មនុស្ស​ជំនាន់​នេះ ទោះបី​អ្នកនយោបាយ​ខំ​បង្ហាញ​នូវ​គុណសម្បត្ដិ​ពី​អតីតកាល​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ចង់​ដឹង​ថា តើ​បច្ចុប្បន្ន និង​ទៅ​អនាគត អ្នកនយោបាយ ឬ​អ្នកដឹកនាំ​នោះ​ធ្វើ​អ្វី ធ្វើ​យ៉ាងណា​ដើម្បី​អនាគត​ពួក​គេ និង​អនាគត​ប្រទេស​ជាតិ​របស់​គេ នេះ​ជា​ការ​ប្រកួត​គោលនយោបាយ​» ។

នៅ​ចំពោះ​មុខ​សកម្មជន​របស់​ខ្លួន​ប្រមាណ​ជា​២០០​នាក់ លោក​កឹ​ម សុខា បាន​ស្នើ​ដល់​សកម្មជន​ទាំងអស់​ឈប់​កកាយ​រឿង​អតីតកាល​មក ពិសេស​នោះ​រឿង​ថ្ងៃ​៧​មក​រា ដែល​គណបក្សកាន់អំណាច​តែងតែ​ប្រារព្ធ​ខួប​ជា​រៀង​រាល់​ឆ្នាំ ។ លោក​ថា រឿង​អតីតកាល​ត្រូវ​បាន​ប្រជា ជន​ដឹង​ឮ​អស់ហើយ ថា​អ្វី​ល្អ និង​អ្វី​អាក្រក់ ។

ចំពោះ​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ នៅ​ថ្ងៃ​ដដែល​នោះ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​លើក​ឡើង​ថា ជា​ការ​សន្យា​ខ្យល់ របស់​មេ​បក្ស​ប្រឆាំង​ផង​ដែរ ។
លោក សុខ ឥ​សាន ពន្យល់​ថា ខ្យល់​គឺ​មាន​ន័យ​ថា មើល​មិនឃើញ ស្ទាប​មិន​បាន ដូច្នេះ​សន្យា​ខ្យល់ គឺជា​ពាក្យ​សន្យា​ចោល ថា​ហើយ​មិន​បាន​ធ្វើ មិន​បាន​អនុវត្ត​តាម​ពាក្យ​និយាយ​នោះ ដើម្បី​ឲ្យ​ឃើញ​លទ្ធផល​ជាក់ស្តែង  ។

លោក​បញ្ជាក់​ថា នៅ​ក្នុង​រឿង​នយោបាយ អ្នកនយោបាយ​មួយ​ចំនួន​តែងតែ​ប្រើ​ពាក្យឃោសនា​ដោយ​សន្យា​ថា បើ​បោះ​ឆ្នោត​ឲ្យ​បក្ស​ខ្ញុំ បក្ស​ខ្ញុំ​នឹង​ជូន​នេះ ជូន​នោះ ជួយ​នេះ ជួយ​នោះ​។ សម្តី​បែប​នោះ​គ្រាន់តែ​ជា​វោហារសាស្ត្រ​ប៉ុណ្ណោះ មិនមែន​ជា​វត្ថុ​ដែល​បាន​សន្យា​នោះ​ទេ គឺ​មាន​តែ​ការ​និយាយ​សន្យា​ប៉ុណ្ណោះ ។ នេះ​ហើយ​ហៅ​ថា​សន្យា​ខ្យល់ ។ ឧទាហរណ៍ បក្ស​ប្រឆាំង​សន្យា​ថា បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​មក ខ្ញុំ​នឹង​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​១​លាន​ទាប​បំផុត ។ ពាក្យ​១​លាន​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ តែ​មិន​បាន​ធ្វើ​ជាក់ស្តែង​ដើ​ម្បី​ឲ្យ​បាន​១​លាន​នោះ​ទេ គឺ​គ្រាន់តែ​ថា​ហើយ ចោល​ទៅ ។ លោក​ថា ទន្ទឹម​នឹង​មានការ​សន្យា​នេះ ក៏​មានការ​ធ្វើ​ជាក់ស្តែង​បាន​លទ្ធផល​ពិត​ៗ​ដែរ ដែល​ករណី​នេះ គេ​មិន​ហៅ​ថា​សន្យា​ខ្យល់​ទេ ។ គឺថា​ហើយ​ធ្វើ​តែ​ម្តង ឬ​មួយ​មិន​ថា​ទេ តែ​មាន​ផែនការ​គិតគូរ​ដើម្បី​អនុវត្ត​ឲ្យ​បាន នេះ​ក៏​ចាត់​ទុក​ថា ជា​អ្នក​ធ្វើ​ដែរ មិនមែន​ជា​អ្នក​សន្យា​ខ្យល់​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ក៏​បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ និង​សមាជិក​បក្ស​របស់​ខ្លួន​កុំ​និយាយ​ពី​គូប្រកួត​ប្រជែង​ច្រើន​ពេក ព្រោះ​ធ្វើ​បែប​នេះ កាត់​បន្ថយ​ការ​បង្កជម្លោះ ដោយសារ​គូប្រកួត​មិនមែន​មាន​តែ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ទេ គឺ​នៅ​ទូ​ទាំង​ពិភពលោក ។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សុំ​បងប្អូន មិនបាច់​និយាយ​ពី​គេ​ច្រើន​ពេក​ទេ គិត​ពី​រឿង​យើង​វិញ ។ រឿង​គេ​មិនមែន​ដឹង​តែ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ទេ ពិភពលោក​ទាំងមូល​ដឹង​អស់ហើយ អ្នក​ណា​ជា​អ្នក​ណា ។ អ​ញ្ចឹ​ង​យើង​កុំ​រវល់ គេ​កើត​មកពីណា គេ​មក​ដល់​ណា​ហើយ គេ​នាំ​ទៅ​ណា​ទៀត គឺ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ពិភពលោក​ដឹង​ទាំងអស់ បើ​ដូច្នេះ​មិនបាច់​ទេ​»​។ លោក​បន្ត​ថា ដើម្បី​បន្ថយ​ការ​បង្កជម្លោះ យើង​អត់​ចង់​ឈ្លោះ​ទេ យើង​អត់​ត្រូវការ​ឈ្លោះ​ទេ យើង​ត្រូវការ​ធ្វើ​ដំណើរ​ទៅ​មុខ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ។

ពាក់ព័ន្ធ​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​នេះ​ដែរ លោក កឹ​ម សុខា ថ្លែង​ថា លោក​គ្មាន​ពេល​ជួបនឹង​គណបក្ស​នយោបាយ​តូច​ៗ​នោះ​ទេ ។ លោក​បញ្ជាក់​ថា សមាជិក​បក្ស​មិន​ត្រូវរ​វីរ​វល់​ឆ្លើយឆ្លង​ជាមួយ​អ្នក​ដែល​មិន​ទាន់​មាន​កម្រិត​ប្រកួត​ជាមួយ​បក្ស​នាំ​តែ​ខាត​ពេល​អត់​ប្រយោជន៍ ។ ជួនកាល​អ្នកខ្លះ ក្រុម​ខ្លះ គេ​ចេះ​តែ​ចង់​ឲ្យ​ខ្ញុំ​ឆ្លើយ​ជាមួយ​គេ ខ្ញុំ​វា​អត់​មាន​ពេល​ឆ្លើយ​ជាមួយ​ទេ ពីព្រោះ​មិនមែន​ជា​គូប្រកួត​»​។

លោក​បាន​គូសបញ្ជាក់​ទៀត​ថា ធម្មតា​គូប្រកួត​ត្រូវ​ឡើង​សង្វៀនមាន​តែ​១​គូ​ទេ បើ​រវល់​តែ​និយាយ​ជាមួយ​អ្នក​ក្រៅ​ច្រើន​ពេក ក្រែង​ភ្លាត់ស្នៀត បើចៀ​សបាន​គួរ​កុំ​រវល់​តែ​ម្តង ។ ជាមួយ​គ្នា​នោះ​ដែរ​ប្រធាន​បក្ស​ប្រឆាំង​លើក​ឡើង​ថា កាលពីដើម​ឡើយ​គណបក្ស​យើង អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ ពិបាក​រក​ពេល​ចេញ​ទៅ​ឃោសនា ពេល​ចុះ​ទៅ​ម្តង​ៗ​ខំ​ពន្យល់​ប្រជាពលរដ្ឋ​ដោយ​ចំណាយពេល​ច្រើន​។ លោក​ថា ឆាកនយោបាយ មិនមែន​ដូច​ឆាកល្ខោន​ទេ ឆាកនយោបាយ​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​ដណ្ដើម​អំណាច​គ្នា ៕​