រាជធានីភ្នំពេញ ៖ កម្ពុជាជាប្រទេសកសិកម្ម ប៉ុន្ដែអ្វីដែលនៅតែជាចម្ងល់របស់សាធារណជននោះ គឺយើងកំពុងនាំចូលបន្លែ និងសាច់ពីប្រទេសជិតខាងយ៉ាងសន្ធឹកសន្ធាប់ ហាក់ដូចជាពុំទាន់មានគោលនយោបាយជួយទ្រទ្រង់កសិករក្នុងស្រុកនៅឡើយ ។ ជារៀងរាល់ថ្ងៃ កម្ពុជាបាននាំចូលបន្លែ និងសាច់ពីប្រទេសជិតខាងយ៉ាងច្រើន ជាពិសេសពីវៀតណាម ខណៈបន្លែ និងផ្លែឈើរបស់ប្រទេសនេះ ត្រូវបានប្រទេសមួយចំនួននៅអាស៊ី លែងអនុញ្ញាតឱ្យនាំចូល ដោយសារតែមានផ្ទុកសារធាតុគីមីខ្ពស់ ។ ដោយឡែក ចំពោះកម្ពុជាវិញបាននាំចូលច្រើន ជាពិសេស បន្លែ និងសាច់ ខណៈកសិករខ្មែរផលិតបានហើយ ប៉ុន្តែគ្មានទីផ្សារឬតម្លៃទាប។ ជាក់ស្ដែង កសិករខ្មែរដាំល្ពៅបានផលច្រើនតែតម្លៃទាប ដែលមិនអាចឱ្យពួកគាត់ទទួលចំណូលស្មើថ្លៃដើមវិញ (កម្លាំងពលកម្ម និងថ្លៃជីជាដើម) ។
កាលពីពេលថ្មីៗនេះ កសិករនៅជាយដែនដែលដាំត្រសក់បានផលល្អហើយសង្ឃឹមថា នឹងចំណេញច្រើន ប៉ុន្តែអ្វីដែលពួកគាត់រំពឹងទុកនោះ ត្រូវបានរលាយទៅវិញ ដោយសារតែតម្លៃត្រសក់ខ្មែរធ្លាក់ចុះស្ទើរមិនគួរឱ្យជឿ ។ ក្រៅពីត្រសក់មានតម្លៃទាបហើយនោះ ស្រាប់តែឮដំណឹងថា ស្ពៃក្ដោបដែលកសិករខំដាំបានផលហើយធ្លាក់ថ្លៃសឹងហៅលែងឮ ដោយមិនដឹងមូលហេតុ ។ បើនៅតែបែបនេះ តើកសិករមានកម្លាំងឯណាដាំដុះបន្លែសម្រាប់ប្រជាពលរដ្ឋខ្មែរទៀតនោះ ។ ដូចនេះ មានតែបន្តនាំចូលទាំងយើងមិនដឹងថា តើបន្លែ និងផលិតផលនាំចូលពីប្រទេសជិតខាងប្រើគីមីកម្រិតណា ខណៈដែលក្រសួងកសិកម្មចង់ឲ្យមានកន្លែងត្រួតពិនិត្យ បែរជាមានអ្នករារាំងទៅវិញ ។ ចំណែករបស់ដែលខ្មែរផលិតបាន និងមានប្រភពជាក់លាក់ ហេតុអ្វីប្រជាពលរដ្ឋខ្មែរ១៦លាននាក់ មិនសូវមានអ្នកគាំទ្រ ឬរង់ចាំតែរបស់នាំចូល ទើបគិតថា មានសុវត្ថិភាព ? ។
ជារឿយៗ បណ្ដាសារព័ត៌មានក្នុងស្រុកតែងចុះផ្សាយពីការចាប់បានផលិតផលហួសគុណភាព និងផ្ទុកសារធាតុគីមីខ្ពស់ពីប្រទេសជិតខាងយកមកដុតកម្ទេចចោល តែក៏មិន
ដែលឃើញចាប់អ្នកនាំចូលទាំងនោះមកពិន័យឲ្យបានធ្ងន់ធ្ងរម្ដងណាឡើយ បើទោះបីដឹងថាទំនិញខូចគុណភាពទាំងនោះកំពុងយាយីអាយុជីវិតប្រជាជនខ្មែរក៏ដោយ ។
យ៉ាងណាក៏ដោយ ការចាប់បាននេះក៏ជាការប្រសើរបំផុតមួយដែរ តែចុះបើចាប់មិនបានវិញ វាទៅជាយ៉ាងណា ? ហើយផ្សាររាប់រយរាប់ពាន់ទៀតនៅកម្ពុជាដែលកំពុងដាក់លក់ចំណីអាហារ សុទ្ធតែល្អឬយ៉ាងណា ?
យោងតាមអង្គការសេដាក ក្នុងមួយឆ្នាំៗកម្ពុជាបាននាំចូលបន្លែប្រមាណ៨០%ពីប្រទេសជិតខាង ខណៈកម្ពុជាអាចផលិតបានប្រមាណតែ២០%ប៉ុណ្ណោះសម្រាប់ផ្គង់ផ្គង់ក្នុងស្រុក ។
ចំណែកប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅតាមផ្ទះស្ទើរតែលែងមានទៅហើយ ព្រោះការចំណាយលើចំណី និងប្រាក់ចំណូលមិនសមតុល្យនឹងគ្នា ដោយសារជ្រូកមានតម្លៃទាប ។ លោកថា ៖ « កសិករដែលចិញ្ចឹមជ្រូកពីមុនមកនោះ ពេលនេះបានបោះបង់ចោលបណ្ដើរៗហើយ ព្រោះចំណាយច្រើន តែដល់ពេលប្រមូលផល ពេលចាប់ បែរជាធ្លាក់ថ្លៃដោយសារជ្រូកនាំចូលពីបរទេសមានតម្លៃទាប។ យើងក៏ត្រូវគិតផងដែរ ជ្រូកនាំចូលសព្វថ្ងៃនេះ មិនមែនសុទ្ធតែជ្រូកល្អៗនោះទេ ជួនកាលជ្រូកឈឺ គេយកមកចាក់ចោលនៅយើង អីចឹងហើយតម្លៃក៏ត្រូវតែទាបដែរ ។ បើប្រៀបជាមួយជ្រូកក្នុងស្រុកយើង ដែលជាជ្រូកល្អលក់តម្លៃដូចគេម្ដេចនឹងកើតទៅ » ។
លោកបន្តថា បច្ចុប្បន្ន ការឱ្យច្បាប់នាំចូល មិនច្រើនទេ តែការនាំចូលដោយគេចពន្ធ និងខុសច្បាប់ ទើបវាច្រើន ហើយក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះអីការនាំចូលខុសច្បាប់ គ្មានការត្រួតពិនិត្យត្រឹមត្រូវ មិនអាចដឹងថាជ្រូកនាំចូលមានជំងឺអី ឬដាក់ថ្នាំអីទេ ។ ដូចនេះហើយបានជាជ្រូកកសិករខ្មែរមួយចំនួនឈឺងាប់ម្ដងៗយ៉ាងច្រើន និងមិនអាចជួយសង្គ្រោះបាន ។
លោកបន្ថែមថា ថ្វីដ្បិតតែជ្រូកនាំចូលពីប្រទេសជិតខាងក៏ដោយ តែសាច់ជ្រូក និងជ្រូករស់មិនសមតុល្យសោះ ។ ជ្រូករស់របស់កសិករតម្លៃត្រឹមតែជាង៦ពាន់រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែសាច់ជ្រូកលក់លើទីផ្សារវិញមានតម្លៃជាង២ម៉ឺនរៀល ។ ចំណែកតម្លៃសាច់ជ្រូកនាំចូលក៏ប្រហែលសាច់ជ្រូកក្នុងស្រុកដែរ ហេតុអ្វីបានជាមិនទប់ស្កាត់ ឬរឹតបន្តឹងការនាំចូល ហើយឱ្យថ្លៃទៅលើជ្រូកក្នុងស្រុក ។ លោកថា ៖ « ខ្ញុំមិនចង់ឱ្យរាជរដ្ឋាភិបាលបិទការនាំចូលទាំងស្រុងទេ តែខ្ញុំសុំឱ្យកាត់បន្ថយដើម្បីឱ្យកសិករងាកមកចិញ្ចឹមជ្រូក ឬពង្រីករបរចិញ្ចឹមជ្រូកបន្ថែមដើម្បីរកចំណូលទ្រទ្រង់គ្រួសារ និងមិនចាំបាច់ធ្វើចំណាកស្រុក ។ បើសិនជានៅតែមានការនាំចូលកាន់តែច្រើន ថ្ងៃអនាគត កម្ពុជាលែងមានរបស់ក្នុងស្រុកហូបទៀតហើយ ហើយយើងក៏មិនដឹងរបស់ដែលគេនាំមកឱ្យយើងនោះមានគុណភាព ឬគ្មានគុណភាពដែរ » ។
លោកបញ្ជាក់ថា បច្ចុប្បន្ន ជ្រូកនាំចូលពីប្រទេសជិតខាង ក្នុងមួយថ្ងៃមានជាង១ពាន់ក្បាល ឬស្មើនឹងជាង១០០តោន ។ នេះមិនទាន់គិតពីការនាំចូលគេចពន្ធផង បើសរុបទៅជាង២០០តោនឯណោះ ក្នុងនោះនាំចូលពីវៀតណាមច្រើនជាងគេ ។ លោកបញ្ជាក់ថា ៖ « ដូចយើងបានដឹងហើយផលិតផលពីវៀតណាម ប្រទេសមួយចំនួនគេលែងអនុញ្ញាតឱ្យចូលហើយ ឬក៏ត្រូវពិនិត្យហ្មត់ចត់ទើបអនុញ្ញាតឱ្យចូល តែយើងនៅតែនាំចូលក្នុងទំហំច្រើនដដែល នេះជាបញ្ហាត្រូវគិតទាំងអស់គ្នា » ៕
ចែករំលែកព័តមាននេះ