ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ដឹក​ផ្លែស្វាយ​តាម​ម៉ូតូ​យក​ទៅ​លក់ ត្រូវ​ខាង​វៀតណាម​មិន​ឲ្យ​ចូល​នាំ​គ្នា​ចត​ម៉ូតូ​ពេញ​ផ្លូវ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផ្លែស្វាយ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ត្រូវ​ភាគី​ខាង​វៀតណាម​ឃាត់​មិន​ឲ្យ​ចូល​ក៏​នាំ​គ្នា​ចត​ម៉ូតូ​រាប់រយ​គ្រឿង​ពាសពេញ​ផ្លូវ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផ្លែស្វាយ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ត្រូវ​ភាគី​ខាង​វៀតណាម​ឃាត់​មិន​ឲ្យ​ចូល​ក៏​នាំ​គ្នា​ចត​ម៉ូតូ​រាប់រយ​គ្រឿង​ពាសពេញ​ផ្លូវ បណ្តាល​ឲ្យ​កកស្ទះ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក រយៈពេល​ជាង​២​ម៉ោង​ទើប​នាំ​គ្នា​ដកថយ​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​ទាំងអស់​គ្នា​សុទ្ធតែ​ជា​អ្នក​រស់នៅ​ក្នុង​ឃុំ​ក្អម​សំណ​នេះ ហើយ​មានមុខ​របរ​ដឹក​ផ្លែស្វាយ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​គ្រាន់​បាន​សល់​ប្រាក់​ចំណេញ​បន្តិចបន្តួច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ តែ​បែរជា​ត្រូវ​ភាគី​ខាង​សមត្ថកិច្ច​វៀតណាម​ឃាត់​មិន​ឲ្យ​ពួក​គាត់​នាំ​កសិផល​របស់​ខ្មែរ​ចូល​ ដោយ​អះអាង​ថា មាន​សារធាតុ​គីមី​។

រីឯ​ទំនិញ​គ្រប់​ប្រភេទ​ដូច​ជា ផ្លែ​ឈើ ទឹកកក ថែម​ទាំង​ទូក​បូម​ខ្សាច់​របស់​ជនជាតិ​វៀតណាម​ឡើង​មក​បូម​រហូត​ចូល​ដល់​ដី​ខ្មែរ​ដោយ​សេរី មិន​ដែល​មាន​ឃើញ​មាន​សមត្ថកិច្ច​អាជ្ញាធរ​ពាក់​ព​ន្ធ័​នៃ​ច្រក​ទ្វារ​មួយ​នេះ​សហការ​គ្នា​ទប់ស្កាត់​នោះ​ទេ​។ ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ភាគី​សមត្ថកិច្ច​ខាង​វៀតណាម​បាន​ឃាត់​ពួក​គាត់​មិន​ឲ្យ​នាំ​ផ្លែស្វាយ​ទៅ​លក់​នៅ​ប្រទេស​គេ​នេះ​រយៈពេល​មួ​យស​ប្តា​ហ៍​ហើយ រហូត​ធ្វើ​ឲ្យ​ផ្លែស្វាយ​របស់​ពួក​គាត់​ទុំ​រលួយ​ខូចខាត​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ទើប​ពួក​គាត់​មួរ​ម៉ៅ​ក្តៅក្រហាយ​នាំ​គ្នា​ចត​ម៉ូតូ​ទុក​ចោល​ពេញ​ផ្លូវ​តែ​ម្តង​។

ពលរដ្ឋ​បញ្ជាក់​ទៀត​ថា កន្លង​មក​ពួក​គាត់​ខ្លះ​គ្រាន់តែ​ដឹក​ស្វាយ​ចូល​ទៅ​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់​ឃាត់​ចាក់​ផ្លែស្វាយ​របស់​ពួក​គាត់​ចោល ហើយ​ថែម​ទាំង​យក​កាំភ្លើង​ភ្ជង់​គំរាម​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​រត់​ចោល​ម៉ូតូ រហូត​ដល់​តែ​សមត្ថកិច្ច​ខាង​ខ្មែរ​យើង​ចូល​ទៅ​ដោះស្រាយ​បង់លុយ​ឲ្យ​ភាគី​វៀតណាម​អស់​ចំនួន​៣​លាន​ដុ​ង ទើប​ឲ្យ​ម៉ូតូ​មក​វិញ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​ម៉ូតូ​ពួក​គាត់​៣​គ្រឿង​ទៀត​មិន​ទាន់​ដោះស្រាយ ដោយសារ​អត់​លុយ​បង់​ឲ្យ​គេ​។ ទោះ​យ៉ាងណា​ប្រជាពលរដ្ឋ​ទាំងនោះ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ច្រកព្រំដែន​មួយ​នេះ ពិសេស​លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល​មេត្តា​ជួយ​រក​ដំ​ណេះ​ស្រាយ​ជូន​ពួក​គាត់​ផង​។

បន្ទាប់​ពី​ពលរដ្ឋ​ខឹង​ខាង​ភាគី​វៀតណាម​បិទ​មិន​ឲ្យ​ម៉ូតូ​ដឹក​ផ្លែស្វាយ​របស់​ពួក​គាត់​ចូល​ចត​ម៉ូតូ​ពេញ​ផ្លូវ​បាន​រយៈពេល​ប្រហែល​២​ម៉ោង ទើប​គេ​ឃើញ​លោក សុទ្ធ​សា​វឿ​ន ប្រធាន​ស្នាក់​ការ​ប្រចាំ​ច្រក​ទ្វារ​ក្អម​សំណ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រក​មួយ​នេះ​ចុះ​ទៅ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ដោយ​សន្យា​ថា នឹង​ចូល​ទៅ​ជួប​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ភ្លាម​ៗ ទើប​ពួក​គាត់​ធូរ​កំហឹង​ព្រម​រំសាយ​បែកផ្លូវ​គ្នា​។ លោក​ប្រធាន​ស្នាក់​ការ​បន្ត​ទៀត​ថា ពាក់​ព​ន្ធ័​រឿង​នេះ​រូប​លោក​ក៏​បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ចូល​ទៅ​ដោះស្រាយ​ជាមួយ​ភាគី​វៀតណាម​ច្រើន​លើក​ច្រើន​សារ​ហើយ តែ​គេ​លើក​ឡើង​ថា​ផ្លែ​ឈើ​របស់​យើង​មាន​ជាតិ​គីមី​។

ចំពោះ​ការ​នាំ​ចូល​ទំនិញ​របស់​ជនជាតិ​វៀតណាម លោក​ប្រធាន​ស្នាក់​ការ​ប្រាប់​ថា ធ្វើ​មិន​បាន​ដោយសារ​មានការ​យោគយល់​គ្នា​រវាង​ឃុំ និង​ឃុំ ស្រុក និង​ស្រុក ខេត្ត និង​ខេត្ត កាលណា​យើង​ធ្វើ​នាំ​ឲ្យ​ប៉ះពាល់​។ ប្រជាពលរដ្ឋ បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​លោក ល​ក្ខ័ សុ​គុណ មេឃុំ​ក្អម​សំណ​ថា អ​ស្ថិរភាព​ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតតែ​ពី​ផលប្រយោជន៍​រឿង​ប៉ុណ្ណឹង ហើយ​មិនឃើញ​ចេញ​មុខ​ជួយ​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទេ​៕