ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ បដិសេធ​បណ្តឹងសាទុក្ខ​បុគ្គលិក​អា​ដ​ហុ​ក​ទាំង​4​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា បាន​សម្រេច​ប្រកាស​សាស​ដីកា​តម្កល់​សាលក្រម​សាលាដំបូង

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា បាន​សម្រេច​ប្រកាស​សាស​ដីកា​តម្កល់​សាលក្រម​សាលាដំបូង និង​សាលដីកា​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល លើ​បុគ្គលិក​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប ដែល​បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​ក្នុង​ករណី​ការ​បន្ត​ឃុំខ្លួន​រយៈពេល​៦​ខែ​ទៀត​របស់​ចៅក្រម​សាលាដំបូង​រាជធានី ។

កាលពី​ថ្មី​ៗ​កន្លង​មក​សាលាឧទ្ធរណ៍​ក៏​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ទុកជា​បានការ​ដដែល​គឺ​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​៦​ខែ​ទៀត ហេតុនេះ​ហើយ​បានជា​ជនជាប់ចោទ​បុគ្គលិក​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល ។ ចំណែក​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​ទេ ។

គួរ​រំលឹក​ថា ក្រុម​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់ ត្រូវ​បាន​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត ។

លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អា​ដ​ហុ​ក លោក ណៃ វង់​ដា អនុប្រធាន​សមាគម​អា​ដ​ហុ​ក និង​លោកស្រី
លឹ​ម មុន្នី មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង គុ​ជ គឹ​ម​ឡុ​ង ចោទ​ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។ ដោយឡែក​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។ ជាមួយ​គ្នា​នេះ លោក សឺ​ន សាលី ជា​មន្ត្រី​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផង​ដែរ ។

ការ​ចោទប្រកាន់​ជនជាប់ចោទ​លើ​បទល្មើស​សូកប៉ាន់​សាក្សី​ត្រូវ​បាន​កំណត់​ការ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។ ពួក​គេ​ទាំងអស់ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​បាន​បញ្ចុះបញ្ចូល ឬ​លួងលោម​នាង ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ មិន​ឲ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា ៕