ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ភ្លើង​ទើប​គ្មាន​ផ្សែង លោក សម រ​ង្ស៊ី ថា មាន​អ្នក​មួលបង្កាច់​លោក​និយាយ​ពី​គ្រួសារ​សម្តេច​តេ​ជោ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា មាន​អ្នកនយោបាយ​មួយ​រូប​បាន​មួលបង្កាច់​លោក​ក្នុង​គោលបំណង​វាយប្រហារ​

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី  អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា មាន​អ្នកនយោបាយ​មួយ​រូប​បាន​មួលបង្កាច់​លោក​ក្នុង​គោលបំណង​វាយប្រហារ​គណបក្ស សង្គ្រោះ​ជាតិ ដោយ​ថា​លោក​បាន​និយាយ​ពី​គ្រួសារ​សម្តេច​តេ​ជោ ហ៊ុន សែន ។

លោក សម រ​ង្ស៊ី សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​រឿង​ដែល​គេ​ប្រឌិត​ដើម្បី​មួលបង្កាច់​ខ្ញុំ ក្នុង​គោលបំណង​វាយប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ ។ មាន​អ្នកដឹកនាំ​ខ្លះ​មាន​ចរិត​ថោកទាប មិន​គិតគូរ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ទេ តែ​ពូកែ​ចំណាយពេល​លបមើល​គេ លួច​ស្តាប់​គេ និង​លួច​ថត​សំឡេង​គេ​យក​ទៅ​កាត់ត ដើម្បីលាតត្រដាង​រឿង​ឯកជន​របស់​អ្នក​ដទៃ ទោះជា​រឿង​ទាំងនោះ​ជា​រឿង​កំប៉ិកកំប៉ុក អត់​មាន​ទាក់ទង​ផលប្រយោជន៍​ជាតិ​អ្វី​សោះ​ក៏​ដោយ ។ ថ្មី​ៗ​នេះ មាន​អ្នកដឹកនាំ​ម្នាក់​បាន​ចោទប្រកាន់ថា ខ្ញុំ​បាន​និយាយ​ពី​រឿង​ឯកជន​របស់​គ្រួសារ​គាត់​»​។

លោក​គូសបញ្ជាក់​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា ចំពោះ​រឿង​គ្រួសារ​អ្នក​ដទៃ ដែល​ជា​រឿង​ឯកជន​របស់​គេ ខ្ញុំ​មិន​ដែល​ចាប់អារម្មណ៍ ឬ​យកចិត្តទុកដាក់​ទេ សូ​ម្បី​តែ​បន្តិច​ក៏​គ្មាន​ដែរ ហើយ​ខ្ញុំ​មិន​ដែល​យក​រឿង​បែប​នេះ​ទៅ​និយាយ​ម្តងណា​ឡើយ ជាមួយ​នរណា​ឡើយ ទោះជា​រឿង​នោះ​ពិត​ឬ​ក៏​មិន​ពិត​ខ្ញុំ​មិន​រវល់​ទេ ។ តែ​អ្នកដឹកនាំ​ខាងលើ​នោះ ប្រើ​អំណាច​របស់​ខ្លួន​ដើរ​សម្លុត​គេ​សម្លុត​ឯង ឲ្យ​មួលបង្កាច់​ខ្ញុំ ថា​ខ្ញុំ​បាន​និយាយ​ពី​រឿង​គ្រួសារ​គាត់​ក្នុង​កិច្ចប្រជុំ​មួយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ។ រួច​ទៅ​គេ​យក​ការ​ចោទប្រកាន់​នេះ ធ្វើ​ជា​លេស​ដើម្បី​រករឿង​ខ្ញុំ និង​វាយប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ​»​។

លោក សម រ​ង្សុ​ី លើក​ឡើង​ទៀត​ថា បើ​សួរ​អ្នក​ដែល​គេ​បង្ខំ​ឲ្យ​មួលបង្កាច់​ខ្ញុំ​នោះ ឲ្យ​គាត់​បញ្ជាក់​ថា តើ​ខ្ញុំ​បាន​និយាយ​ដូចដែល​គេ​មួលបង្កាច់​នោះ​នៅ​ថ្ងៃ​ណា នៅ​ទីកន្លែង​ណា ក្នុង​ឱកាស​ជួប​ប្រជុំ​អ្វី ហើយ​មាន​នរណា​ខ្លះ​ទៀត​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ ហើយ​ដែល​បានឮ​ដែរ​នូវ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ដូចដែល​គេ​មួលបង្កាច់​នោះ គឺ​គាត់​មិន​អាច​បញ្ជាក់​បានទេ ពីព្រោះ​រឿង​នេះ​ជា​រឿង​ដែល​គេ​ប្រឌិត​ទាំងស្រុង ក្នុង​គោលបំណង​គ្រាន់តែ​រករឿង​ខ្ញុំ និង​វាយប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ តាម​វិធី​ថោកទាប​បំផុត ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា លោក សម រ​ង្ស៊ី បាន​ប្រកែក​ញ៉ា​ញ​ថា ខ្លួន​មិន​ដែល​បាន​និយាយ​ពី​រឿង​ឯកជន ដែល​ធ្វេ​ី​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេច​ក្តិ​ថ្លៃថ្នូរ​របស់​គ្រួសារ​សម្តេច​តេ​ជោ ហ៊ុន សែន នោះ​ទេ ។

លោក​បញ្ជាក់​ថា «​ជា​ក្រឹត្យក្រម​ធម្មជាតិ បើ​គ្មាន​ភ្លើង ក៏​គ្មាន​ផ្សែង​ដែរ ។ បញ្ហា​នេះ​មិន​អាច​ប្រកែក​បានជា​ដាច់ខាត ។ យើង​នៅ​ចង​ចាំ​មិន​ភ្លេច​ទេ​ថា កន្លង​ទៅ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​បាន​សរសេរ​លិខិត​បដិសេធ​ម្តង​ជា​ពីរ​ដង​មក​ហើយ ដោយ​ថា​ខ្លួន​ថ្កោលទោស​ចំពោះ​ជន​ណាដែល​បាន​និយាយ​បរិហារកេរ្តិ៍​ថា​គ្រួសារ​សម្តេចតេ​ជោ​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​វៀតណាម ។ ម្យ៉ាងទៀត មាន​ព័ត៌មាន​សម្ងាត់​ពីមន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​បាន​រាយការណ៍មក​សម្តេច​តេ​ជោ​ថា សម រ​ង្ស៊ី បាន​និយាយ​ច្បាស់​ក្នុង​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ឝ​ណ​បក្ស​ប្រឆាំង​ថា សម រ​ង្ស៊ី និយាយ​រឿង​នេះ​មែន ដែល​ជា​ព័ត៌មាន​ច្បាស់​ការណ៍​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន ។ ហេតុនេះ​ហើយ បានជា​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​សម្តេច​តេ​ជោ​»​។

លោក សុខ ឥ​សាន បន្ត​ថា ហេតុនេះ​បញ្ហា​នេះ​ពិតជា​បាន​កើត​មាន​ឡើង​មែន ដោយសារ សម រ​ង្ស៊ី ដែល​តែងតែមាន​គំនិត​មិនល្អ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន តាំងពី​ដើម​រៀង​មក មិន​អាច​ប្រកែក​បាន​ទ្បើ​យ ។ លោក​ថា ជាទម្លាប់ សម រ​ង្ស៊ី មិន​ដែល​ចេះ​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​ខុសឆ្គង​របស់​ខ្លួន​ទេ មុខ​ក្រាស់ណាស់ ។ ការ​ពិត​មិន​អាច​លាក់បាំង​បានជា​ដាច់ខាត ៕