ប្រជា​កសិករ​សម្រុក​នាំ​គ្នា​ដាំ​ម្រេចព្រោះតែតម្រូវការ​ទីផ្សារ​


ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន​ដំណាំ​ម្រេច​ត្រូវ​បាន​ប្រជា​កសិករ​នៅ​តាម​តំបន់​មួយ​ចំនួន​សម្រុក​ដាំ​ដុះ​យ៉ា​ង​មមាញឹក ព្រោះតែ​ដំណាំ​មួយ​នេះ​កំពុង​មាន​ទីផ្សារ ។ ទោះបីជា​យ៉ាង​ណា​ដំណាំ​នេះ ក្រៅពី​ទាមទារ​នូវ​បច្ចេកទេស​ដាំ​ដុះ​ និង​ការ​ថែទាំ​ហើយ ក៏​ត្រូវការ​ពឹងផ្អែក​លើ​អាកាសធាតុ​ផង​ដែរ ​សម្រាប់​ការ​លូតលាស់​របស់​វា ប្រសិនបើ​អាកាសធាតុ​ប្រែប្រួល វា​នឹង​ធ្វើ​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ ឬ​ងាប់​ដើម​តែ​ម្ដង ។ ប៉ុន្តែ​សម្រាប់​ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ដាំ​ម្រេច បើ​ទោះបី​តម្លៃ​ម្រេច​ត្រូវ​បាន​ពួក​គាត់​ថា ធ្លាក់​ថ្លៃ​ជាង​មុន​ច្រើន និង​ជួប​បញ្ហា​ម្រេច​មាន​ជំងឺ​ខ្លះ​ក៏​ដោយ ។

ប្រជា​កសិក​ម្នាក់​នៅ​ស្រុក​ពេ​ជ្រា​ដា លោក សៅ សាន បាន​និយាយ​ថា តម្លៃ​ម្រេច​នា​ពេល​បច្ចុប្បន្ន​លក់​បាន​ត្រឹមតែ​២២.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ឈ្មួញ​ទិញ​តម្លៃ​ទាប​ជាង​ឆ្នាំង​មុន​ៗ​។ លោក​បន្ត​ទៀត​ថា ឆ្នាំ​មុន​ឈ្មួញ​ដើរ​ទិញ​ក្នុង​តម្លៃ​ជាង​៣០.០០០​រៀល​១​គីឡូក្រាម​។ គាត់​ថា​ម្រេច​របស់​គាត់​ខូច​អស់​ជិត​១.០០០ជន្លង់ ដោយសារ​ប្រែ​ប្រួល​អាកាសធាតុ បង្ក​ឱ្យ​មាន​ជំងឺផ្សិត និង​ងាប់​ដើម ។ លោក សៅ សាន បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ដំណាំ​ម្រេច​ត្រូវ​ប្រើ​ពេល​ចំនួន​៣​ឆ្នាំ​ទើប​ទទួល​បាន​ផល ហើយ​ដំណាំ​​ម្រេច​នេះ​ច្រើន​ជួប​បញ្ហា​ជំងឺ​ផ្សេង​ៗ​នៅ​ឆ្នាំ​ទី​២ តែបើ​ចូល​ឆ្នាំ​ទី​៣​ហើយ​គឺ​លែង​អី​ហើយ ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក លឹ​ម ស្រេង បាន​ឲ្យ​ដឹង​ថា តម្លៃ​ម្រេច​ពិតជា​មានការ​ធ្លាក់​ចុះ​ច្រើន​មែន​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ។ លោក​បញ្ជាក់​ថា នៅ​ខេត្តមណ្ឌលគិរី​ឈ្មួញ​ដើរ​ទិញ​ក្នុង​តម្លៃ​២២.000​រៀល​ក្នុង​១​គីឡូក្រាម ខុស​ពី​ឆ្នាំ​មុន​ៗ​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​៣២.០០០​រៀល​។ លោក​ថា តម្លៃ​ម្រេច​ធ្លាក់​ចុះ ដោយសារ​មានការ​ប្រកួតប្រជែង​គ្នា​ផ្នែក​ទីផ្សារសេរី ដែល​តម្លៃ​ម្រេច​ធ្លាក់​ចុះ​ជាស​កល មិនមែន​ធ្លាក់​ថ្លៃ​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​អះអាង​ថា ក្នុង​ខេត្តមណ្ឌលគិរី​នៅ​ឆ្នាំ​២០១៧​នេះ មានការ​កើនឡើង​ជិត​៤០​បើ​ធៀប​នឹង​ឆ្នាំ​មុន​ដោយ​លោក​បញ្ជាក់​ប្រាប់​ថា ផ្ទៃដី​ដាំ​ម្រេច​ឆ្នាំ​២០១៧ មាន​ចំនួន​៧០២​ហិ​កតា​កើនឡើង​២៣០​ហិ​កតា​ដោយ​តួលេខ​កាលពី​ឆ្នាំ​២០១៦​មាន​ត្រឹមតែ​៤៧២​ហិ​កតា ។ លោក​បាន​បញ្ជាក់​ថា ពលរដ្ឋ​នៅ​តែ​បន្ត​ដាំ​ម្រេច​ទោះបី​ជួប​ការ​ប្រឈម​នឹង​បញ្ហា​ម្រេច​មាន​ជំងឺ​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ក៏​ដោយ ។

កន្លង​មក​ខាង​មន្ទីរ​កសិកម្ម​បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម​ចុះ​មក​ធ្វើការ​វាយតម្លៃ​ពី​បញ្ហា​ប្រឈម​នានា ព្រមទាំង​បាន​អញ្ជើញ​អ្នកជំនាញ​នៅ​ប្រទេស​ជិតខាង​មក​ជួយ​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ និង​ការ​ថែទាំ ហើយ​បាន​នាំ​កសិករ​ដាំ​ម្រេច​ទៅ​កាន់​ប្រទេស​វៀតណាម​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាមួយ​កសិករ​ខាង​វៀត​ណា​ម​ផង​ដែរ ៕

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ