ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ដ​ខ្មែរ​10​រឿង​នឹង​ចូល​ទីផ្សារ​អន្ដរជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្មែរល្បី​ៗ​ចំនួន​១០​រឿង​នឹង​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ Hong Kong Filmart 2017 ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៦ ខែមីនា ឆ្នាំ​២០១៧ ។

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្មែរល្បី​ៗ​ចំនួន​១០​រឿង​នឹង​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ Hong Kong Filmart 2017 ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៦ ខែមីនា ឆ្នាំ​២០១៧ ។

ខ្សែភាពយន្ត​ទាំង​១០​រឿង​នោះ​ត្រូវ «​ពូ​ព្រហ្ម​» ជ្រើសរើស​ចូល​ទីផ្សារ​អន្តរជាតិ គឺ​រឿង​«​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» ដឹកនាំ​ដោយ​លោក​សុខ វិសាល ។ រឿង «​វិកលចរិត​ដឹកនាំ​» ដោយ​លោក​ហ៊ុយ យ៉ា​ឡេ​ង ។ រឿង​«​ស្នេហ៍​ស្វ័​យ​គុណ​បួន​» ដឹកនាំ​ដោយ​កញ្ញា​សុធា អ៊ី​ណេ​ស ។ រឿង «Jailbrak ឬ​ការពារ​ឧក្រិដ្ឋជន​» ដឹកនាំ​ដោយ​លោក​ជី​មី​ហេ​ន​ឌឺ​សុ​ន ។ រឿង​«​ស្នេហ៍​សិស្ស​ច្បង​» ដឹកនាំ​ដោយ​សុខ ល​ក្ខិ​ណា ។ រឿង​«​ខូចចិត្ត​» ដឹកនាំ​ដោយ​លោក​មង្គល ។ រឿង «​នារី​វេទមន្ត​» ដឹកនាំ​ដោយ​លោក​ជី​មី ហែ​ន​ឌឺ​សុ​ន ។ រឿង​«​មេ​កប់​ស៊េរី​» ដឹកនាំ​ដោយ​ឆ​ន ឆដា​ភក្ត្រ ។ រឿង «​កំណប់​ឪ​ខ្ញុំ​» ដឹកនាំ​ដោយ​ឆ​ន ឆដា​ភក្ត្រ ។ រឿង «3.5» ដឹកនាំ​ដោយ​លោក​ឆាយ បូ​រ៉ា។

បើ​តាម​លោក​ស៊ុំ ស៊ី​ថែ​ន អ្នកចាត់ការ​ទូទៅ​របស់ «​ពូ​ព្រហ្ម​» ឱ្យ​ដឹង​ថា ភាពយន្ត​ទាំង​១០​រឿង​នោះ គឺ​សុទ្ធសឹងតែ​ជា​រឿង​មាន​កម្រិត​អន្តរជាតិ អាច​ចូល​ទីផ្សារ​អន្តរជាតិ​បាន ។ ម្យ៉ាងទៀត​ភាពយន្ត​ទាំងនោះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​នា​ពេល​ដាក់​បញ្ចាំង​កន្លង​មក ។ «​ឆ្នាំ​នេះ​យើង​ជឿជាក់​ថា ភាពយន្ត​ខ្មែរ​យើង​នឹង​កាន់តែ​ល្អ​ជាង​ឆ្នាំ​មុន ព្រោះ​មក​ទល់​ពេល​នេះ​មាន​គេ​ចរចា​ទិញ​រឿង​យើង​រួច​ហើយ ដោយ​មិន​ទាន់​យក​ទៅ​ដាក់​បញ្ចាំង​ផង ។

សម្រាប់​ឆ្នាំ​ទី​២ ដែល​ភាពយន្ត​ខ្មែរ​ចូល​ទៅ​កាន់​ទីផ្សារ Hong Kong Filmart គឺ​ទីផ្សារ​នេះ​យល់ព្រម​បញ្ចាំងភាពយន្ត​ខ្មែរ​២​រឿង​ជា​លក្ខណៈ​ទីផ្សារ​អន្តរជាតិ (International Market Screening) គឺ​៖ Jailbreak: ឬ «​ការពារ​ឧក្រិដ្ឋជន​» និង «​ស្នេហ៍​ស្វ័​យ​គុណ​៤» ។ ការ​បញ្ចាំង​បែប​នេះ មាន​លក្ខណៈ​អំណោយផល​ច្រើន​ដល់​ការ​លក់ ដោយសារ​អ្នក​ចាប់អារម្មណ៍​ទិញ​អាច​ទស្សនា​រឿង​បាន​ទាំងមូល និង​សម្រេច​តម្លៃ​បាន​ភា្ល​ម​ៗ» ។

លោក ហ៊ុយ យ៉ា​ឡេ​ង ផលិតករ​និង​ចាងហ្វាង​ផលិតកម្ម មា​តុ​ចក្រ​ហ្វីល​ម៍ ម្ចាស់​ភាពយន្ត​រឿង «​វិកលចរិត​» សប្បាយ​រីករាយ ដែល​​ភាពយន្ត​របស់​លោក​អាច​ចូល​ទីផ្សារ​អន្តរជាតិ​ម្ដងទៀត បន្ទាប់​ពី​ទទួល​បាន​ពាន​នៅ​មហោស្រព​ភាពយន្ត​ចិន​កាលពី​ពេល​កន្លង​មក ។

លោក​ហ៊ុយ យ៉ា​ឡេ​ង និយាយ​ថា «​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍ Hong Kong Filmart មាន​អំណោយផល​ខ្លាំង​សម្រាប់​ផលិតករ​ដូច​ជា​រូប​ខ្ញុំ រួម​នឹង​វិស័យ​ភាពយន្ត​ខ្មែរ​ទាំងមូល ព្រោះ​អី​កន្លែង​ហ្នឹង​គឺជា​កន្លែង​ចែកចាយ​កុន​ធំ​ទី​២​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក​» ។

Hong Kong Filmart ២០១៧ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ ខែមីនា នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន ។ Hong Kong Filmart ជាទី​ផ្សារ​ធំ​បំផុត​នៅ​ទ្វីបអាស៊ី សម្រាប់​ឧស្សាហកម្ម​កម្សាន្ត​។ កម្មវិធី​លើក​ទី​២០ កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ​ទាក់ទាញ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ពិព័រណ៍​ជាង​៨០០​ពី​៣០​ប្រទេស និង​អ្នក​ទស្សនា​ជាង​៧៣០០​នាក់​មក​ពី​៦០​ប្រទេស ។

ផលិតករអ្នក​ចែកចាយ វិនិយោគិន និង​ជំនាញការ​ភាពយន្ត ល្បី​ៗ​លើ​ឆាក​អន្តរជាតិ ប្រើ Filmart ដើម្បី​សម្ពោធ​ការ​ផ្សព្វផ្សាយ ភ្ជាប់​បណ្តាញ​ជាមួយ​ក្រុមហ៊ុនធំ​ៗ​ក្នុង​វិស័យ​នេះ ក៏​ដូច​ជា​ចរចា​ការ​លក់ដូរ ផ្សេង​ៗ​លើ​ស្នាដៃ ឬ​គម្រោង​របស់​ពួក​គេ ៕