ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​ប្រេង និង​ថាមពល​កកើត​ឡើង​វិញ​មាន​សភាព​យឺត

7 ឆ្នាំ មុន

ទីក្រុង​ហ៊ូ​ស្តុ​ន ៖ ប្រធាន​ក្រុមហ៊ុន​ថាមពល​ធំ​ៗ​ព្យាករ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​អាច​នឹង​បន្ត​ក្នុង​ឆ្នាំ​២០១៧ ហើយ​ឆាប់​ៗ​នេះ​នឹង​មាន​កំណើន​ប្រាក់​ចំណេញ​ប្រេង ខណៈ​ឧស្ម័ន​ធម្មជាតិ ធ្យូងថ្ម ថាមពលខ្យល់ និង​

ទីក្រុង​ហ៊ូ​ស្តុ​ន ៖ ប្រធាន​ក្រុមហ៊ុន​ថាមពល​ធំ​ៗ​ព្យាករ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​អាច​នឹង​បន្ត​ក្នុង​ឆ្នាំ​២០១៧ ហើយ​ឆាប់​ៗ​នេះ​នឹង​មាន​កំណើន​ប្រាក់​ចំណេញ​ប្រេង ខណៈ​ឧស្ម័ន​ធម្មជាតិ ធ្យូងថ្ម ថាមពលខ្យល់ និង​ថាមពល​កកើត​ឡើង​វិញ​ផ្សេង​ទៀត នឹង​បង្កើន​ប្រាក់​ចំណេញ​សុទ្ធ​ដល់​ក្រុមហ៊ុន​យល់​ដឹង​ពី​បរិស្ថាន ។

ក្នុង​អំឡុង​សន្និសីទ CERAweek ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន IHS Markit នៅ​ថ្ងៃ​ទី​៦-១០ មីនា ក្នុង​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ ប្រធាន​ក្រុមហ៊ុន និង​ទីភ្នាក់ងារ​ថាមពល​ធំ​ៗ​ជា​ច្រើន​បាន​បញ្ចេញ​ការ​យល់​ឃើញ​នា​ពេល​អនាគត ។

កាលពីដើម​ស​ប្តា​ហ៍​នេះ អគ្គលេខាធិការ​អង្គការ OPEC លោក Mohammad Sanusi Barkindo និង​លោក Fatih Birol នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ បាន​លើក​ឡើង​ពី​សំណួរ​ទាក់ទង​នឹង​តម្លៃ​ថាមពល​ប្រេង ។

លោក Barkindo ថ្លែង​ថា ៖ « យើង​មាន​គម្រោង​ប្រៀបធៀប​ទស្សនៈ​ទីផ្សារ ។ ខ្ញុំ​យល់​ស្រប​ជាមួយ​លោក Birol ដើម្បី​បំបែក​របាំង​រវាង​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់ ។ យើង​បាន​សម្រេចចិត្ត​មិន​ត្រឹមតែ​បង្កើត​ទំនាក់ទំនង​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​បង្កើត​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​សហគមន៍​ពិភពលោក​ផង​ដែរ » ។

លោក Birol បាន​លើក​ឡើង​នៅ​ថ្ងៃ​ចន្ទ​ថា ទីផ្សារ​ប្រេង​កំពុង​កើនឡើង ប៉ុន្តែ​មាន​សភាព​យឺត ដោយ​តម្រូវការ​ប្រេង​មិន​កើនឡើង​ដល់​កំពូល​ទេ  ។

ក្រុមហ៊ុន​ប្រេង​បាន​មក​ជុំ​គ្នា​នៅ​ទីក្រុង Vienna កាលពី​ខែធ្នូ ដោយ​ចាប់ផ្តើម​អនុវត្ត​ផែនការ​រយៈពេល​៦​ខែ​លើ​ការ​ប្តេជ្ញា​កែតម្រូវ​ការ​ផ្គត់ផ្គង់​ឲ្យ​បាន​១,៨​លាន​បារ៉ែល ។

លោក Barkindo ឱ្យ​ដឹង​ថា ចំនួន​នេះ​មានដំណើរ​ការ​ល្អ មុន​ពេល​ការ​ពិនិត្យ​ឡើង​វិញ​នៅ​ខែកុម្ភៈ ។ លោក​ថ្លែង​ថា ៖ « វា​ប្រែប្រួល​យឺត​ៗ​នឹង​អាច​មាន​កាន់តែ​ច្រើន​នា​អនាគត ។ នៅ​ខែកក្កដា​ឆ្នាំ​នេះ យើង​នឹង​ដឹង​ថា តើ​នឹង​សម្រេច​កិច្ចព្រមព្រៀង​នៅ​ក្រុង Vienna ឬ​យ៉ាងណា » ។

លោក Birol បន្ត​ថា ទីផ្សារ​ប្រេង​ថ្ម​សែ​ល (Shale oil) របស់​សហរដ្ឋអាមេរិក​មានដំណើរ​ការ​ល្អ​ដូច​ប្រទេស​កា​ណា​ដា និង​ប្រេ​ស៊ី​ល​ដែរ​។ ចំណែក​ដំណើរការ​ក្នុងឆ្នាំនេះ​ហាក់​មិនសូវ​ជោគជ័យ​ខ្លាំង​ទេ ។ សហរដ្ឋអាមេរិក​កំពុង​បង្កើន​សមត្ថភាព​ផលិត​ដល់​២%​នៃ​តម្រូវការ​សកល ហើយ​ការ​វិនិយោគ​ត្រូវធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពន្យារពេល ។

លោក Barkindo បន្ថែម​ថា ក្នុង​ឆ្នាំ​២០៤០ ឧស្សាហកម្ម​នេះ​នឹង​ត្រូវការ​ថវិកា​១០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​បំពេញតម្រូវការ ។ ទោះបីជា​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​មិន​បាន​ត្រៀមខ្លួន​ចូលរួម​ក្នុង OPEC ក៏​បណ្តា​ប្រទេស​ផលិត​ប្រេង​ទាំង​២៤​បាន​ជួប​គ្នា​នៅ​ទីក្រុង Vienna ដើម្បី​ពិភាក្សា​ពី​តម្លៃ​ប្រេង​ជាមួយ​ដៃគូ​ដឹកនាំ​ដោយ​រុ​ស្ស៊ី ។ លោក​ថា ៖ « យើង​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​វិស័យ​ប្រេង​ដែល​មាន​សក្តានុពល​សម្រាប់​រក្សា​ស្ថិរភាព » ។

លោក Birol បន្ត​ថា ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ប្រេង​ចាំបាច់​ត្រូវ​បំពេញតម្រូវការ​ឲ្យ​ទាន់​ពេល ខណៈ​រថយន្ត​អគ្គិសនី​នឹង​ជ្រៀតចូល​ឧស្សាហកម្ម​រថយន្ត ក៏​ដូច​ជា​រថយន្ត​ដឹក​ទំនិញ​ក្នុង​តំបន់​អាស៊ី​មាន​តម្រូវការ​១​ភាគ​៣​នៃ​ទីផ្សារ​ប្រេង ។ លោក​ថា ៖ « យើង​នៅ​តែ​ឃើញ​កំណើន​ក្នុង​ទីផ្សារ​ប្រេង ប៉ុន្តែ​សារ​មួយ​សម្រាប់​ឧស្សាហកម្ម​ប្រេង​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន គឺ​ការ​វិនិយោគ » ។

លោក Birol បន្ថែម​ថា ពិភពលោក​កំពុង​ឈាន​ចូល​យុគសម័យ​មាស​នៃ​ឧស្ម័ន និង​ប្រេង​ថ្ម​សែ​ល ដែល​មាន​កំណើន​ជាង​៤៥០% ហើយ​វា​កំពុង​ជំនួស​ការ​ប្រើប្រាស់​ធ្យូងថ្ម​នៅ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ជា​ច្រើន​ដែល​ចង់​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​។ លោក​ថា ៖ « ថាមពល​កកើត​ឡើង​វិញ​ផ្តោត​សំខាន់​លើ​អគ្គិសនី ។ ថាមពល​កកើត​ឡើង​វិញ គឺ​មិនមែន​ជា​ប្រេងឥន្ធនៈ​សម្រាប់​ពួក​អ្នកមាន​ទៀត​ទេ​។ ចិន​ជា​ប្រទេស​លេខ​១ ដែល​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ខណៈ​ឥណ្ឌា​កំពុង​ឈាន​ទៅ​កាន់​ចំណុចកណ្តាល​នៃ​ការ​ប្រើប្រាស់​ថាមពលប្រេង » ៕​