ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ NOCC ព្រមាន​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​បើ​មិន​រីក​ចម្រើន​នៅ​ឆ្នាំ​2020​នឹង​ត្រូវ​ដក​ចេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ឱកាស​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ និង​បន្ត​អាណត្តិ​ឆ្នាំ​២០១៧-២០២១ របស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ មីនា កន្លង​មកនេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ឱកាស​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ និង​បន្ត​អាណត្តិ​ឆ្នាំ​២០១៧-២០២១ របស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ មីនា កន្លង​មកនេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​គឺជា​ឆ្នាំ​ធ្វើ​កំណែទម្រង់​វិស័យ​កីឡា ហើយ​បើ​ដល់​ឆ្នាំ​២០២០​បើ​សហព័ន្ធ​កីឡា​ណា​មិន​មានការ​រីក​ចម្រើន​ទេ​នោះ នឹង​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឡើយ ។

លោក​អគ្គលេខាធិការ NOCC មាន​ប្រសាសន៍​ថា នៅ​សល់​តែ​៦​ឆ្នាំ​ទៀត​ទេ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​មក​ដល់​ហើយ ។ លោក​ក៏​មានការ​ព្រួយបារម្ភ​ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗដែល​មិន​ទាន់​មាន​ភាពរឹងមាំ​ខាង​ផ្នែក​បច្ចេកទេស ដូច្នេះ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជំរុញ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​តែ​រួម​គ្នា​បំបាត់​ឱ្យ​អស់​នូវ​ភាព​អសកម្ម​ទាំងឡាយ​ដែល​នៅ​សេសសល់ និង​ធ្វើ​កំណែទម្រង់​ឱ្យ​បាន​ស៊ីជម្រៅ រួម​គ្នា​គិត រួម​គ្នា​ធ្វើការ កុំ​គិតតែ​ពី​បង្កជម្លោះ​ផ្ទៃក្នុង ។ លោក​បន្ត​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​តែ​មាន​ឆ​ន្ទះ​យ៉ាង​ខ្លាំង​ក្នុង​ការ​គិតគូរ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ។ ដូច្នេះ សហព័ន្ធ​កីឡា​នីមួយ​ៗ​មិន​ត្រូវ​ធ្វើការ​ដោយ​បក្សពួក​និយម​ឡើយ ត្រូវ​តែ​គិតគូរ​ពី​ផលប្រយោជន៍​រួម​ដើម្បី​ភាព​រីក​ចម្រើន ។

ដោយឡែក​ចំពោះ​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាណត្តិ​ថ្មី​២០១៧-២០២១​នេះ លោក​ឧកញ៉ា​រ័​ត្ន សា​ខន ដែល​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ចាស់​ត្រូវ​បាន​ជ្រើសតាំង​ឱ្យធ្វើ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​ជា​បន្ត​ទៀត និង​មាន​សមាជិក​៨​រូប​ទៀត គឺ​លោក សុខ វិសាល អនុប្រធាន កញ្ញា​តែ លី​ដា អគ្គលេខាធិការ លោក
ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​រង លោកស្រី ប៊ូ កា​និ​យ៉ា អគ្គ​ហិ​រញ្ញឹក លោក​តែ សុខ​ហុង សមាជិក លោក រស់ ជាតិ សមាជិក លោក​តេ​ង សំណាង សមាជិក និង​លោក​Lee Sang Mook សមាជិក ។

សមាជិក​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាណត្តិ​ថ្មី​នេះ ត្រូវ​បាន​គេ​រិះគន់​ថា ភាគច្រើន គឺជា​អ្នក​ដែល​គ្មាន​បទ​ពិសោធន៍ និង​បច្ចេកទេស​ប្រភេទ​កីឡា​វាយកូនឃ្លីលើតុ​បន្តិច​ណា​សោះ មាន​តែ​ប្រធាន​ម្នាក់​គត់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​អភិវឌ្ឍ​កីឡាវាយកូនឃ្លីលើតុ​ឱ្យ​មានការ​រីក​ចម្រើន ។ លោក​ក៏​ចង់បាន​មន្ត្រី​នៅ​ក្នុង​សហព័ន្ធ​ដែល​ហ៊ាន​ធ្វើ​ពលិកម្ម ដើម្បី​ជំរុញ​ឱ្យ​វិស័យ​កីឡាវាយកូនឃ្លីលើតុ​មានការ​រីក​ចម្រើនដែរ ។ ប៉ុន្តែ បើ​តាម​ការ​វាយតម្លៃ​ពី​មហាជន​មួយ​ចំនួន សមាជិក​ប្រតិបត្តិ​សហព័ន្ធ​អាណត្តិ​ថ្មី​នេះ​ចាប់តាំងពី​អនុប្រធាន​រហូត​ដល់​សមាជិក​ពិសេស​អគ្គលេខាធិការ​ប្រហែលជា​យ៉ាប់​ជាង​មុន​ទៀត​មើលទៅ ៕