ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​លក់រាយ​ធំ​ជាងគេ​នៅ​ថៃ នឹង​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​លក់រាយ​ធំ​ជាងគេ​នៅ​ប្រទេស​ថៃ នឹង​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ថយ​ចុះ​៦% កាលពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​លក់រាយ​ធំ​ជាងគេ​នៅ​ប្រទេស​ថៃ នឹង​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ថយ​ចុះ​៦% កាលពី​ឆ្នាំ​មុន ។

លោក ណាត់​តា​វុ​ធ ប៉ូ​ទី​សារ៉ូ ឯកអគ្គ រាជទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ មីនា ថា ក្រុមហ៊ុន​លក់រាយ​ធំ​ជាងគេ​នៅ​ប្រទេស​ថៃ ឈ្មោះ Central Group នឹង​ចូល​មក​បោះទុន​វិនិយោគ​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ ព្រោះ​តំណាង​ក្រុមហ៊ុន​បាន​សិក្សា​ពី​ទីតាំង​សម្រាប់​សាងសង់​រួច​ហើយ ។ ទីតាំង​ផ្សារ​ទំនើប​នេះ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​មួយ ដែល​លោក​មិន​ទាន់​បញ្ចេញ​ឈ្មោះ និង​ចាប់ផ្តើម​សាងសង់​ពេល​ណា​នៅឡើយ​ទេ ។

ឯកអគ្គរាជទូត​ថៃ​រូប​នេះ​បន្ត​ថា លោក​មាន​មោទនភាព​ក្នុង​អាណត្តិ​ការទូត​នៅ​កម្ពុជា ខណៈ​លោក​បាន​ជួយ​កៀងគរ​វិនិយោគិន​ថៃ​ជា​ច្រើន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ។ លោក​បន្ត​ថា តាម​រយៈ​ការ​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​នេះ លោក​សង្ឃឹមថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កើនឡើង ។

ក្រុមហ៊ុន Central Group មានមុខ​ជំនួញ​ធំ​ៗ​ជា​ច្រើន​ដូច​ជា ផ្សារ​ទំនើប​ថៃ ផ្សារ​ទំនើប BigC មជ្ឈមណ្ឌល​ប៉ា​តា​យ៉ា រ៉ូ​ប៊ី​ន​សុ​ន និង​មជ្ឈមណ្ឌល​សណ្ឋាគារ​ផ្លា​ហ្សា​ជាដើម ។ ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់​ចំណេញ​១០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន កើនឡើង​១៣% ធៀប​នឹង​ឆ្នាំ​២០១៥ ។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​មុន ស្មើ​ទឹកប្រាក់​៥.៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ថយ​ចុះ​៦%​ធៀប​នឹង​ឆ្នាំ​២០១៥ ដោយ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ មាន​ទឹកប្រាក់​៩៣៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ការ​នាំ​ចូល​របស់​ថៃ​មក​កម្ពុជា ស្មើ​៤.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

អ្នក​នាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE CAMBODIA ថ្លែង​ថា ផ្សារ​ទំនើប​នៅ​កម្ពុជា​នៅ​តែ​មានឱកាស​រីក​ចម្រើន ដោយសារ​ទីផ្សារ​នេះ​មាន​កម្លាំង​ទិញ​កើនឡើង ហើយ​ចំនួន​ផ្សារ​ទំនើប​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ស្តង់ដា​អន្តរជាតិ គឺ​មាន​កម្រិត​នៅឡើយ ។ អ្នក​នាង​បន្ត​ថា ជាមួយនឹង​ការ​កើនឡើង​នូវ​ទំហំ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ វិនិយោគិន​ផ្សារ​ទំនើប​ក្នុងស្រុក​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ឌី​សាញ និង​រៀបចំ​ប្រព័ន្ធ​លក់​ឲ្យ​មាន​ភាព​ទាក់ទាញ​ជាង​មុន ដើម្បី​បញ្ចៀស​ការ​បិទទ្វារ ។
អ្នក​នាង​បន្ថែម​ថា ទំហំ​ផ្សារ​ទំនើប​នៅ​កម្ពុជា ធៀប​នឹង​មនុស្ស​ម្នាក់​នៅ​មាន​ចំនួន​ទាប​នៅឡើយ​បើ​ធៀប​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម ៕