ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ជាង​មក​ផ្សារ កម្ទេច​ភ្លើង​ធ្លាក់​ចំ​ធុង​ប្រេង ឆេះ​ទូក​នេសាទ​មួយ​គ្រឿង

7 ឆ្នាំ មុន

ខេត្ដកោះកុង ៖ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ មីនា ទូក​នេសាទ​មួយ​គ្រឿង បាន​ឆាបឆេះ​ខណៈ​ពេល​ម្ចាស់​ទូក​បាន​ហៅ​ជាង​មក​ផ្សារ​បំពង់​សឺ​ម៉ាំ​ង​ម៉ា​ស៊ី​ន​ទូក​ដែល​ពុក​និង​ធ្លាយ

ខេត្ដកោះកុង ៖ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ មីនា ទូក​នេសាទ​មួយ​គ្រឿង បាន​ឆាបឆេះ​ខណៈ​ពេល​ម្ចាស់​ទូក​បាន​ហៅ​ជាង​មក​ផ្សារ​បំពង់​សឺ​ម៉ាំ​ង​ម៉ា​ស៊ី​ន​ទូក​ដែល​ពុក​និង​ធ្លាយ ហើយ​កម្ទេចភ្លើង​ធូបផ្សារ​បាន​ធ្លាក់​ទៅ​ចំ​ធុង​ប្រេង​បង្ក​ឱ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ា​ង​សន្ធោសន្ធៅ​តែ​ម្តង ។

តាម​មន្ដ្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​ឆេះ​ទូក​នេសាទ​នេះបាន​កើតឡើង​នៅ​ភូមិ​១ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង និង​មាន​ម្ចាស់​ទូក​ឈ្មោះ សៀង លេ​ក ជា​មន្ត្រី​ប៉ូលិស​ជើង​ទឹក​នៃ​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក និង​មានមុខរ​បរជា​ថៅកែ​ទូក​នេសាទ មាន​ទីលំនៅ​កន្លែង​កើតហេតុ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដំបូង​ឡើយ​ទូក​ខាងលើ​បាន​ឆាបឆេះ​នៅ​ខាងក្រោយ​ផ្ទះ តែ​ដោយ​ខ្លាច​អណ្តាតភ្លើង​រាលដាល​ឆេះ​ដល់​ផ្ទះ កម្មករ​ដែល​ជា​ជាង​ផ្សារ បាន​នាំ​គ្នា​រុញ​ទូក​នោះ​ឱ្យ​ចេញ​ផុត​ឆ្ងាយ​ពី​មាត់ច្រាំង ហេតុនេះ​ទូក​ក៏​ចេះ​តែ​អណ្តែត​រសាត់​តាម​ចរន្តទឹក​ហូរ​ឆ្ងាយ​ទៅ​ៗ​រហូត​ទាល់តែ​ទូក​ឆេះ​អស់ គ្មាន​សមត្ថកិច្ច​ណា​អាច​ជួយ​ពន្លត់​បាន​ឡើយ ។ 

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ថា ទូក​ដែល​ឆេះ​ខាងលើ​នេះ ជា​ទូក​នេសាទ​ប្រភេទ​ទូក​ភ្លើង ។ ទូក​នេះ​សម្រាប់​តែ​បើកភ្លើង​រាប់រយ​អំ​ពូ​ល​ចោល​ទៅ​ក្នុង​សមុទ្រ សម្រាប់​ហៅ​ត្រី​សមុទ្រ​មក​លេង​ភ្លើង បន្ទាប់​មក​គេ​យក​ទូក​អួន​មក​ព័ទ្ធ​ចាប់​ត្រី​ដែល​មក​រោម​លេង​ភ្លើង​នោះ​តែ​ម្តង ។ ក្នុង​ទូក​អួន​មួយ​គ្រឿង ត្រូវ​មាន​ទូក​ភ្លើង​ពី​៥​ទៅ​៨​គ្រឿង​សម្រាប់​បំភ្លឺ​ពេល​រាត្រី​ហៅ​ត្រី ហើយ​ទូក​អួន​បន្ត​ព័ទ្ធ​ចាប់​យក​ត្រី​តាម​ទូក​ភ្លើង​ពី​មួយ​ទៅ​មួយ ដែល​នេះ​ជា​ប្រភេទ​របរ​នេសាទ​ជំនាន់​ថ្មី ។

ប្រភព​បាន​បន្ត​ថា ទូក​ប្រភេទ​នេះ​មាន​តម្លៃ​ប្រមាណ​ពី​៦​ទៅ​៨​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រឿង តែបើ​ទូក​អួន​វិញ​មាន​តម្លៃ​ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ​ឯណោះ ដែល​ការ​ធ្វើ​នេសាទ​បែប​នេះ​អាច​នឹង​ហិនហោច​ធនធាន​មច្ឆជាតិ​ក្នុង​សមុទ្រ​យ៉ាង​ឆាប់រហ័ស​បំផុត ៕