ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​នៅ​កម្ពុជា សិទ្ធិ​មនុស្ស​អាច​ល្អ​ជាង​ប្រទេស​មួយ​ចំនួន ព្រោះ​គ្មាន​ទោស​ប្រហារជីវិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧ បាន​រៀប​សន្និសីទ​ស្តី​ពី​«​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​» ។ សន្និសីទ​នេះ​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សាន់​វេ ដោយ​មានការ​ចូលរួម​ពី​លោកស្រី វ៉ា​ន់ ហ៊ី​លី តំណាង​ការិយាល័យ​ឧត្តមស្នងការ អ​.​ស​.​ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​តំណាង​សង្គម​ស៊ី​វិល សហជីព​មួយ​ចំនួន​ទៀត ។

​លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា លោក​បាន​ស្គាល់​គណបក្សនយោបាយ​មួយ​ចំនួន និង​សូម​ឲ្យ​បងប្អូន​ប្រុង​ប្រយ័ត្ន​ចំពោះ​គណបក្ស​នយោបាយ​(​បក្សប្រឆាំង​) ។ អ្នកខ្លះ​នៅ​ពេល​មិន​ទាន់​កាន់​អំណាចជា​ទ្រឹស្តី​ល្អ​ណាស់ តែ​ដល់​ពេល​ជាក់ស្តែង​យ៉ាងមេច ។ គណបក្ស​នោះ​(​សិទ្ធិ​មនុស្ស​)​ថា​គាំទ្រ​សិទ្ធិ​សម្តែង​មតិ​របស់​តំណាងរាស្ត្រ​តែ​ដេញ​តំណាងរាស្ត្រ ។

លោក​បាន​លើក​ឡើង​ថា កាលពី​លោក​នៅជាមួយ​គណបក្សប្រឆាំង​ត្រូវ​បាន​គេ​គំរាមកំហែងប៉ុន្តែ​នៅ​ពេល​មក​នៅ​ជាមួយ​គណបក្ស​កាន់​អំណា​ច គ្មាន​នរណា​គំរាម​ទេ ទោះ​លោក​នៅ​ក្នុង​គណបក្សប្រឆាំង​ក៏​គណបក្សកាន់អំណាច​មិន​ដែល​គំរាម​លោក​ដែរ​។

លោក កែវ រ៉េ​មី បន្ត​ថា មាន​សង្គម​ស៊ី​វិល​ខ្លះ​បាន​រិះគន់​ជេរ​ប្រមាថ​លោក នៅ​ពេល​ដែល​លោក​មក​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​លើក​ឡើង​ថា «​អស់លោក​មិន​ស្គាល់​គណបក្ស​ទាំងនោះ​ទេ មាន​តែ​ខ្ញុំ​ទេ​ដែល​ធ្លាប់​នៅ​ជាមួយ​អ្នក​ទាំងនោះ​បានដឹង ។ ពេល​នោះ​គេ​មិនបាន​គិត​ពី​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​ន​យោបាយ​នោះ​ទេ ។

លោក កែវ រ៉េ​មី ថ្លែង​ទៀត​ថា ដើម្បី​ធានា​បាន​សិទ្ធិ​ជា​មូលដ្ឋាន មាន​កត្តា​សំខាន់​គឺ សន្តិភាព ស្ថិរភាព​នយោបាយ ។ នៅ​ពេល​ណា​ប្រជាជន​គោរព​ច្បាប់ ការ​ដឹកនាំ​ប្រទេស​ក៏​ងាយស្រួល​។ ចំពោះ​ច្បាប់​ចរាចរណ៍​វិញ កាលណា​រាំងផ្លូវ​មិន​ឲ្យ​ធ្វើ​ដំណើរ​ត្រូវ​ជាប់គុក​។ យើង​ត្រូវ​អប់រំ​ពលរដ្ឋ​យើង​ឲ្យ​យល់​ដឹង​ពី​ច្បាប់ គោរព​ច្បាប់​ទាំងអស់​គ្នា ។
លោក កែវ រ៉េ​មី បញ្ជាក់​ថា «​យើង​ត្រូវធ្វើ​ច្បាប់​មួយ​ដែល​យើង​ទាំងអស់​គ្នា​គោរព​»​។

លោក​បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ក្រៅ​បន្ទប់ប្រជុំ​ថា គ្មាន​មនុស្ស​ណា​ល្អ​ទាំង​អស់នោះ​ទេ អ្នក​មិន​ទាន់​កាន់​អំណាច​នៅ​ពេល​ណា​កាន់​អំណាច​បាន​បន្តិច​អាច​វក់​នឹង​អំណាច ពេល​ហ្នឹង​មាន​អ្វី​មក​ទប់​បុគ្គល​នេះ គឺ​មាន​តែ​ច្បាប់ ។

នៅ​ពេល​អ្នកកាសែត​សួរ​ថា លោក គឹ​ម សុខ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​មិន​ទុក​ពេល​សូ​ម្បី​មួយ​ថ្ងៃ​រក​មេធាវី​ក៏​អត់​ផង ? លោក​បាន​អះអាង​ថា វា​ប្រហែលជា​ទាក់ទង​នឹង​នីតិវិធីតុលាការ​រឿង​បន្ទាន់​តែ​មិន​ខុសច្បាប់​ទេ ។

លោក កែវ រ៉េ​មី លើក​ឡើង​ថា បើ​លោក​គឹ​ម សុខ គ្មាន​មេធាវី គឺ​រូប​លោក​អាច​រក​មេធាវី​ជួយ​ដល់​គាត់​បាន ។ ប៉ុន្តែ​វា​ជា​បញ្ហា​ស្មុគស្មាញ​បន្តិច ហើយ​លោក​ធ្វើ​ការងារ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ណាស់​អាច​ថា យើង​ជ្រៀតជ្រែក​តុលាការ​។ ចំពោះ​ប្រទេស​មួយ​ចំនួន មាន​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​កម្ពុជា ។ លោក​បន្ត​ថា​ ៖ «​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​ល្អ​ជាង​ប្រទេស​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​» ។ ទោះបីជា​យ៉ាងណា យើង​មាន​ភាពល្អ​ជាងគេ គ្មាន​ទោស​សម្លាប់​មនុស្ស ។

ចំណែក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​លើក​ឡើង​ក្នុង​សន្និសីទ​ថា​៖ ការិយាល័យ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៣​រសៀល ហើយ​ការ​រាប់​សន្លឹក​ឆ្នោត​នឹង​ត្រូវធ្វើ​នៅ​ទីនោះ​តែ​ម្តង ។ ឯកសារ​ដែល​បម្រើ​ឲ្យ​ការងារ​បោះ​ឆ្នោត​បាន​តែ​២​ទេ ដែល​កាលពីមុន​មាន​ចំនួន​១២ ក្នុង​នោះ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​សម្រាប់​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះ​ឆ្នោត ។ គ​.​ជ​.​ប បាន​ចុះ​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ដើម្បី​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះ​ឆ្នោត ។

លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា គ​.​ជ​.​ប បាន​ត្រៀម​ជា​ស្រេច​រៀបចំ​ដាក់ កៅអី​តំណាង​ក្រុមប្រឹក្សា​នៅ​តាម​ឃុំ​-​សង្កាត់​ចំនួន​១១.៥៧២​កៅអី នៅ​តាម​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស ។ លោក​សូម​ឲ្យ​សាធារណជន​តាមដាន​ឲ្យ​ជាប់​នូវ​នីតិវិធី​របស់ គ​.​ជ​.​ប និង​ស្វាគមន៍​ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ក្តី​ស្រឡាញ់​។

នៅ​ពេល​សួរ​ថា រាល់​លិខិត​ស្នាម​ពេល​ឃោសនា ឬ​សារ​ទាំងឡាយ គ​.​ជ​.​ប ត្រូវ​ពិនិត្យ​សារ​នោះ ឬ​ស្ថាន​ប័ន​ណា ? លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា សំណួរ​នេះ​ចង់​សំដៅលើ​សារ​របស់​គណបក្ស​នយោបាយ​មួយ​នោះ​ដែល​មិន​បាន​ដាក់​មក គ​.​ជ​.​ប ដើម្បី​ពិភាក្សា​គ្នា​នោះ​ទេ​។ គ​.​ជ​.​ប មិន​បាន​យក​ករណី​នេះ​មក​ពិភាក្សា​ចំពោះ​សារ​ដែល​គណបក្ស​បាន​លើក​ឡើង​ដ៏​ចម្រូងចម្រាស​នា​ពេល​ថ្មី​ៗ​នេះ​ទេ ។

លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា ការ​ឃោសនា គណបក្ស​នយោបាយ និង​សង្គម​ស៊ី​វិល​អាច​ប្រើប្រាស់​សារបាន តែ​ត្រូវ​ដាក់​មក គ​.​ជ​.​ប ដើម្បី​ឆ្លង​យោបល់ សារ​ទាំងនោះ​អាច​ប្រឈម​នឹង​សាធារណជន ។

លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល បាន​លើក​ឡើង​ថា គោលការណ៍​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ និង​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា មិនមែន​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ណាមួយ​នោះ​ទេ ។ វា​មិនមែន​ជា​និយាម សមិទ្ធផល​របស់​គណបក្ស​ដែល​មាន​សំឡេង​ភាគច្រើន​នោះ​ទេ ។ វា​ជា​សមិទ្ធផល​នៃ​ការ​ស្រុះស្រួល​គ្នា​រវាង​គណបក្ស​ដែល​មាន​ជម្លោះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ យើង​បាន​រៀបចំ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស ។

លោក​បាន​លើក​ឡើង​ថា​ ៖ កិច្ចព្រមព្រៀង​ក្រុង​បា​៉​រី​ស​នេះ​មិនមែន​តែ​ភាគី​កម្ពុជា​នោះ​ទេ គឺ​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ជម្លោះ ស្រុះស្រួល​គ្នា​បង្កើត​ឲ្យ​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ ដោយ​សេរី​និង​យុត្តិធម៌  ។

លោក គល់ បញ្ញា បាន​លើក​ឡើង​ទៀត​ថា​«​យើង​បាន​ខិតខំ​ទាំងអស់​គ្នា ទាំង​គណបក្ស​នយោបាយ និង​ភាគី​ពាក់ព័ន្ធ​នានា​» ។ ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​អាច​មានការ​ប្រឈម ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

លោកស្រី​តំណាង​ការិយាល័យ​ឧត្តមស្នងការ អ​.​ស​.​ប ថ្លែង​ថា «​យើងខ្ញុំ​គ្រោង​រៀបចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជា​ហូរហែ​លើ​ប្រធានបទ​សម​ស្រប​មួយ​ចំនួន​ដូច​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​សន្និសីទ​នេះ ផ្អែក​លើ​ចំណេះដឹង​របស់​វាគ្មិន​មក​ពី​គ្រប់​ស្រទាប់​ជាន់ថ្នាក់ ។ លោកស្រី​បន្ថែម​ថា​ ៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ សូម​អញ្ជើញលោក លោកស្រី ឬ​តំណាង​ចូលរួម​ក្នុង​សន្និសីទ​នេះ ដែល​សង្ឃឹមថានឹង​មានការ​ពិភាក្សា​យ៉ាង​ផុលផុស​» ។

លោកស្រី​ថ្លែង​ទៀត​ថា នេះ​ជា​សន្និសីទ​ជា​សាធារណៈ និង​ចាត់ទុកជា​លំ​ហាត់​ធ្វើការ​បូក​សរុប​លទ្ធផល​លើ​បញ្ហា​សំខាន់​ៗ​ខាង​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន ។ ដោយសារ​តែ​គោលបំណង​នៃ​សន្និសីទ​នេះ មាន​បញ្ចូល​ផ្នែក​អប់រំ​សាធារណៈ​កម្មវិធី​នេះ​បើកចំហ​សម្រាប់​សាធារណជន​ចូលរួម​បញ្ចេញយោបល់ ដែល​កន្លែង​មាន​កំណត់​និង​ទាមទារ​ឲ្យ​មានការ​ចុះ​ឈ្មោះ​ជា​មុន ៕