ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន​ប្រកាស​ជំហរ​គាំទ្រ​គោលនយោបាយ​ផ្លូវ​1​ខ្សែក្រវាត់​1

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​ចិន និង​កម្ពុជានៅ​ថ្ងៃ​ទី​៩ ខែមីនា បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ពីកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ដែលជា​មិត្តភក្តិ​នឹង​គ្នា​ដ៏​យូរលង់

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​ចិន និង​កម្ពុជានៅ​ថ្ងៃ​ទី​៩ ខែមីនា បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ពីកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ដែលជា​មិត្តភក្តិ​នឹង​គ្នា​ដ៏​យូរលង់ ក្នុង​នាម​ជា​ដៃគូ​យូរអង្វែង​តាំងពី​ដើម​រហូត​បច្ចុប្បន្ន និង​ទៅ​អ​នាគត ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ស្យុ​ងប៉​(Xiong Bo) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ពេលលោក​ចូលរួម​ប្រគល់​សម្ភារ​ការិយាល័យ​និងរថយន្ត​១​គ្រឿង ដល់​ក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ​ដែល​មាន​ទឹកប្រាក់សរុប​ប្រមាណ​១៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក នៅ​ទីស្តី​ការ​ក្រសួង ។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​ថា ប្រទេស​កម្ពុជា​និង​ចិន បាន​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ដៃគូ​ក្នុង​ការ​ការពារ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ជួយ​ពង្រឹង​វិបុលភាព​ពិភពលោក ។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​និង​ចូលរួម​ប្រជុំ​សំខាន់​ៗ​ផង​ដែរ ក្នុង​នោះ​សម្តេច ហ៊ុន សែន សម្តេច ហេង សំ​រិ​ន និង​សម្តេច សាយ ឈុំ បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​នៅ​ចិន ។

លោក​ទេស​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា ក្នុង​ឆ្នាំ​២០១៦ ក្រសួងការបរទេស​កម្ពុជា​បាន​ទទួល​សម្ភារ​ការិយាល័យ​ពី​រដ្ឋាភិបាល​ចិន ហើយ​សម្ភារ​ទាំងនោះ​ក៏​បាន​ឆ្លើយ​តប​នឹង​តម្រូវ​របស់​ក្រសួង​ក្នុង​ការ​ពង្រឹង​ការងារ​ប្រចាំ​ថ្ងៃ ។ ឆ្នាំ​២០១៦ ក៏​ជា​ឆ្នាំ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។ ពេល​នោះ ព្រះមហាក្សត្រ​បាន​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ចិន និង​ប្រធានាធិបតី​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ខែតុលា និង​មាន​ឯកសារ​ចំនួន​៣១​ត្រូវ​បាន​ចុះហត្ថលេខា ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សម្ភារ​ការិយាល័យ​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រគល់​ដល់​ក្រសួងការបរទេស​កម្ពុជា​រួម​មាន រថយន្ត​ចំណុះ​៤១​កៅ​១​គ្រឿង កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​យួ​ដៃ ម៉ាស៊ីន​ព្រី​ន​ធ័​រ ទឹក​ថ្នាំ ម៉ាស៊ីនថតចម្លង សរុប​គិត​ជា​ទឹកប្រាក់​ប្រមាណ​១​លាន​យាន់ គឺ​ប្រហែល​១៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​ឆ្នាំ​២០១៦ រដ្ឋាភិបាល​ចិន បាន​ផ្តល់​ជំនួយ​ឥត​សំណង​១.២០០​លាន​យាន់ និង​ឥណទាន​សរុប​ចំនួន​២៩០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា ។

លោក ស្យុ​ង ប៉ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ថា «​យើង​ធ្វើ​សហប្រតិបត្តិការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ និង​សហការ​គ្នា​ល្អ​ប្រសើរ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី តំបន់​និង​អន្តរជាតិ ដែល​បាន​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​២​ឲ្យ​អភិវឌ្ឍន៍​ទៅ​មុខ រក្សា​បាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​»​។

លោក​ឯកអគ្គរដ្ឋទូត ថ្លែង​ទៀត​ថា ប្រទេស​កម្ពុជា​ជា​សមាជិក​អាស៊ាន​ដ៏​សំខាន់ ។ ជា​ពិសេស​នៅ​ឆ្នាំ​២០១៧​នេះ ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​សម្របសម្រួល​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៃ​អង្គ​ការពា​ណិ​ជ្ជា​ពិភពលោក (WTO) ។ នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ប្រទេស​ចិន​សង្ឃឹម​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ដើរតួ​នាទី​សំខាន់​ក្នុង​តំបន់​និង​លើ​ឆាក​អន្តរជាតិ ។

លោក​ឯកអគ្គរដ្ឋទូត ថ្លែង​ថា «​ឆ្នាំ​២០១៧​ជា​ឆ្នាំ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​យើង​ទាំង​២» ។ ទំនាក់ទំនង​ចិន​និង​កម្ពុជា នឹង​ប្រឈម​ទៅ​នឹង​កាលា​នុ​វ​ឌ្ឍ​ភាព​ថ្មី​ៗ ហើយ​ប្រទេស​យើង​ទាំង​២​នឹង​ជំរុញ​អញ្ជើញ​ថ្នាក់ដឹកនាំ​ឲ្យ​បំពេញ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ​ដោយ​ឥត​ឈប់​ឈរ ដើម្បី​នាំ​មក​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន​ជូន​ដល់​ប្រជាជន​ប្រទេស​ទាំង​២ ។

លោក​ឯកអគ្គរដ្ឋទូត​បន្ត​ថា «​យើងខ្ញុំ​កំពុង​រង់ចាំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វេទិកា​កំពូល​អន្តរជាតិ​ស្តី​ពី «​ផ្លូវ​១​ខ្សែក្រវាត់​១» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចិន​ក្នុង​ខែឧសភា ឆ្នាំ​២០១៧​ខាងមុខ ។ ស្ថានទូត​ចិន​នៅ​កម្ពុជា បន្ត​សហប្រតិបត្តិការ​ជាមួយ​ក្រសួងការបរទេស​កម្ពុជា រួម​គ្នា​អភិវឌ្ឍន៍​នូវ​គំនិត​ឯកភាព​គ្នា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២ ។ កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការ​បរ​ទស​នៃ​ប្រទេស​ទាំង​២ ស្តី​ពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​សភាពការណ៍​ថ្មី ដើម្បី​រួមចំណែក​ក្នុង​ការ​ជំ​រុ​ញ្ច​ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា​ឲ្យ​អភិវឌ្ឍន៍​ទៅ​មុខ​បន្ថែម​ទៀត ៕