ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គឹ​ម សុខ មិន​និយាយ​ជាមួយ​ចៅក្រម​ស៊ើប​សួរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ពន្ធនាគា​ព្រៃ​ស

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ពន្ធនាគា​ព្រៃ​ស នាំ​ខ្លួន​លោក គឹ​ម សុខ អ្នកវិភាគ​នយោបាយ និង​ជា​អ្នក​តាមដាន​កិច្ចការ​សង្គម ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ពាក់​ពន្ធ​ការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ យក​មក​សាកសួរ​ឡើង​វិញ ។

សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើប​អង្កេត​នៅឡើយ​ទេ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក គឹ​ម សុខ នៅ​តែ​ប្រកាន់​ជំហរ​មិន​និយាយ មិន​ឆ្លើយ​នូវ​អី្វ​រាល់​សំណួរ​របស់​លោក​ចៅក្រម​ស៊ើបសួរ ។ ឥរិយាបថ​របស់​លោក​នេះ មិនមែន​តែ​លើក​នេះ​ទេ តាំងពី​ពេល​ចាប់ខ្លួន​ទាំង​នៅ​ដំណាក់កាល​តំណាង​អយ្យការ ក៏​ដូច​ជា​ខាង​ចៅក្រម​ដែរ ពោល​គឺ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​ពី​លោក គឹ​ម សុខ ជា​ផ្លូវការ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ទោះជា​យ៉ាងណា​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ដោយ​អាណត្តិ​ឲ្យ​លោក គឹ​ម សុខ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា​ថា ក្នុង​នាម​លោក​ជា​មេធាវី​ការពារ​ក្តី លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​លោក​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង ដើម្បី​សុំ​ពន្យារពេល​ក្នុង​ការ​ឲ្យ​នាំ​កូនក្តី​របស់​លោក​មក​សាកសួរ​នៅ​ព្រឹក​នេះ ដោយសារ​រូប​លោក​ជាប់រវល់​នៅ​សាលាឧទ្ធរណ៍ មិន​បាន​ទៅ​ស្តាប់​ចម្លើយ ឬ​ក៏​អាច​ថា មិន​បាន​នាំ​កូនក្តី​ជូន​លោក​ចៅក្រម​សាកសួរ​តាម​នីតិវិធី​នោះ​ទេ ។

លោក​មេធាវី ជួង ជូ​ងី បាន​ប្រាប់​តាម​ទូរស័ព្ទ​ទៀត​ថា ការ​ស្នើ​សុំ​លោក​ចៅក្រម​ពន្យារពេល​នោះ មិន​បាន​ជោគជ័យ​ទេ ដូច្នោះ​ហើយ​បានជា​អនុរក្ស​ពន្ធនាគារ នាំ​កូនក្តី​លោក​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការ​បង្គាប់​របស់​លោក​ចៅក្រម​ស៊ើប​សួរ ។

គួរ​បញ្ជាក់​ថា លោក​មេធាវី ជួង ជូ​ងី មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ​លោក​គឹ​ម សុខ អ្នកវិភាគ​នយោបាយ និង​តាមដាន​កិច្ចការ​សង្គម កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មីនា បាន​ថ្លែង​ឲ្យ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​លើ​បណ្តឹងសុំ​ឲ្យ​កូនក្តី​លោក​បាន​នៅ​ក្រៅ​ឃុំ ពោល​គឺ​មិន​សម្រេច​ឲ្យ​មានការ​ដោះ​លែង​លោក គឹ​ម សុខ កូនក្តី​របស់​លោក​ឡើយ ។

លោក​មេធាវី បន្ត​ថា បើ​ទោះបី​សាលាដំបូង​សម្រេច​បែប​នេះ​ក៏​ដោយ លោក​បាន​ឯកភាព​ជាមួយ​កូនក្តី​ហើយ និង​ដាក់​ពាក្យបណ្តឹង​ថ្មី​មួយទៀត​ទៅ​តុលាការ​ជាន់​កណ្តាល (​សាលាឧទ្ធរណ៍​) ដើម្បី​ឲ្យ​មានការ​ដោះ​លែង​កូនក្តី​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។ ពាក្យបណ្តឹង​នោះ​លោក​បាន​ដាក់​ចូល​សាលាឧទ្ធរណ៍​រួច​ហើយ នៅ​រង់​ចាំតែ​សភា​ស៊ើប​សួរ​សម្រេច ដែល​មាន​ជំនឿ​ថា សាលាឧទ្ធរណ៍​ពិតជា​ត្រូវ​បាន​ដោះ​លែង​កូនក្តី​របស់​លោក តាម​អង្គហេតុ​ក្នុង​ពាក្យបណ្តឹង​នោះ ។

កាលពី​ថ្ងៃ​ទី​២ មីនា លោក​ចៅក្រម​ស៊ើបសួរ រស់ ពិ​សិ​ដ្ផ បាន​ចេញ​ដីកា​សម្រេច​មិន​ដោះ​លែង​លោក គឹ​ម សុខ ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ ដោយ​រួម​មាន​លោក សៀង សុខ ព្រះរាជអាជ្ញា​រង បាន​ចុះហត្ថលេខា​លើ​ដីកា​សម្រេច​នោះ​ផង​ដែរ ។

យោង​ទៅ​លើ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​លោក គឹ​ម សុខ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ទើប​បានជា​នៅ​ថ្ងៃ​ទី​៦ មីនា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​សម្រេច​នេះ ។

លោក គឹ​ម សុខ ដែល​ជា​អ្នកវិភាគ​នយោបាយ និង​តាមដាន​កិច្ចការ​សង្គម ដែល​តែងតែ​ធ្វើ​បទ​សម្ភាសន៍​តាម​វិទ្យុ​អា​ស៊ី​សេរី និង​វិទ្យុ VOA បាន​រង​នូវ​បណ្ដឹង​ពី​មេធាវី​តំណាង​ដោយ​អាណត្ដិ​សម្ដេច​តេ​ជោ​ហ៊ុន សែន ចំពោះ​ការ​ចោទ​ថា រាជរដ្ឋាភិបាល​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ លោក​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា ៤៩៤ មាត្រា ៤៩៥ និង​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។ លោក គឹ​ម សុខ ត្រូវ​បាន​ឃុំខ្លួន​ចាប់ពី​ពេល​នោះ​មក ដូច្នោះ​ហើយ​បានជា​មេធាវី​ការពារ​ក្តី ស្វះស្វែង​តាម​ផ្លូវច្បាប់​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ៕