ធ្លាប់សង្កេតទេថា មនុស្សនៅក្បែរៗខ្លួនយើងមួយចំនួនមានតំណែងខ្ពស់ រហូតដល់អ្នកគ្រប់គ្រង ឬម្ចាស់កិច្ចការផ្សេងៗដែលមានប្រាក់ខែច្រើន ប៉ុន្តែនៅតែចាយវាយសឹងមិនដល់ចុងខែនិងមានបំណុលច្រើន។ ហេតុអ្វីបានជាបែបនេះ?
អត្ថបទនេះសរសេរចេញពីបទពិសោធន៍ជាទូទៅថា អ្វីដែលធ្វើឲ្យយើងនៅតែគ្មានសល់ប្រាក់ ខណៈមានប្រាក់ចំណូលច្រើនក្តី ។ មកសាកល្បងមើលថា អ្នកមានចំណុចណាខ្លះ ។
១-នៅពេលប្រាក់ខែកើនឡើង ក៏រកភារៈមកដាក់ខ្លួន ៖
អ្នកជាមនុស្សបែបនេះឬទេ នៅពេលប្រាក់ខែកើនឡើង ក៏រកបន្ទប់ជួលថ្មីដែលល្អជាងបន្ទប់ចាស់ និងឡើងថ្លៃបន្តិច ។ នៅពេលទទួលប្រាក់ Bonus ចុងឆ្នាំ បូកជាមួយប្រាក់ខែ ក៏យកទៅទិញរថយន្តដែលថ្លៃជាងមុន ។ មនុស្សភាគច្រើនគិតថា ពេលមានលុយដុំពីប្រាក់ Bonus ឬឡើងប្រាក់ខែ គឺចង់មានជីវិតប្រសើរឡើង ក៏ចាយវាយច្រើនឡើងដូចជា ចូលភោជនីយដ្ឋានញឹកញាប់ ឬទិញរបស់ Brands ។ ដូច្នេះ មិនថានឹងមានប្រាក់ប៉ុន្មាន ក៏អស់ដែរ ។
២-រស់នៅជាមួយបច្ចុប្បន្ន តែមិនសម្លឹងទៅអនាគត ៖
មនុស្សភាគច្រើនពេលជួបបញ្ហាពិបាកតែងមិនចង់ដោះស្រាយ គឺទុកចោលបាន ក៏ទុកចោល ដោយទ្រាំធ្វើពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាជា «រូបមន្តនៃភាពបាត់បង់» ព្រោះទម្លាប់នេះនឹងជាប់ទៅដល់រឿងប្រាក់កាសផងដែរ ។ នៅពេលចង់បានអ្វីក៏ទិញ ងាកចាយប្រាក់ដើម្បីបម្រើតម្រូវការបច្ចុប្បន្ន ប៉ុន្តែមិន បានមើលពីភាពរួមថា ពេលនេះ ប្រាក់របស់គេដូចម្តេច មានទ្រព្យសម្បត្តិប៉ុន្មាន បំណុលប៉ុន្មាន ប្រាក់សុទ្ធប៉ុន្មាន (បើសិនជាក្រុមហ៊ុន គឺឱនភាពថវិកា) ហើយក៏មិនដឹងថា សព្វថ្ងៃនេះ ប្រាក់ចំណូលតិចជាងការចំណាយ និងប្រាក់សន្សំត្រូវចំណាយរាល់ខែ ។
ត្រូវសម្លឹងឃើញថា នៅពេលចូលវ័យចាស់ គ្មានប្រាក់ចំណូល ឬមិនបានធ្វើការ យើងត្រូវមានប្រាក់ប៉ុន្មាន (ប្រាក់ចំណូលពីការវិនិយោគ ឬប្រាក់ដែលមិនបានធ្វើការងារ) ហើយប្រាក់នោះនឹងមកពីណា ។ បើសិនជាប្រាក់បានមកពីការវិនិយោគ ក៏ត្រូវដឹងថា ជាការវិនិយោគប្រភេទណា ត្រូវមានប្រាក់ដើមប៉ុន្មាន ហើយពីថ្ងៃនេះរហូតដល់ថ្ងៃនោះ ត្រូវសន្សំប្រាក់ដើម្បីធ្វើដើមទុនវិនិយោគយ៉ាងដូចម្តេច ។
៣-គិតថាថ្ងៃនេះមិនទាន់ប្រញាប់សន្សំប្រាក់៖
គិតថា នៅមិនទាន់យឺតពេល ហើយចាំបន្តិចទៀតទើបចាប់ផ្តើមសន្សំប្រាក់ក៏បាន ឬយើងអាយុនៅតិច សប្បាយជាមុនសិន ចាំមួយរយៈទៀតទើបចាប់ផ្តើមសន្សំប្រាក់ ឬវិនិយោគ។ អ្នកពិតជាគិតខុស ហើយអ្វីដែលគ្រប់គ្នាមិនដឹងនោះ គឺការចាប់ផ្តើមសន្សំប្រាក់លឿនជាងអ្នកដទៃត្រឹម៥ឆ្នាំ គឺអ្នកនឹងមានប្រាក់សន្សំដាច់ឆ្ងាយពីពួកគេ។ ទោះជាមិនបានសន្សំសម្រាប់វិនិយោគ ប៉ុន្តែទម្លាប់សន្សំ គឺជារឿងដ៏ល្អ ។
ការចង់បានអ្វីមួយ គួរដាក់ផែនការបង្កើតគោលដៅសន្សំប្រាក់ជាមុនសិន មុននឹងទិញសម្ភារនោះ ។ បែបនេះនឹងគ្មានភារៈ ហើយទោះជាការទិញដោយបង់រំលស់ ក៏ជាការបង់រំលស់មានភាពឆ្លាតដែរ ដូចជា សន្សំប្រាក់ដុំទៅវិនិយោគ ហើយយកការប្រាក់ទៅបង់រំលស់ផលិតផល គឺស្មើនឹងបានរបស់ Free ខណៈប្រាក់ដើមនៅគង់វង្ស ។
៤-មិនកត់ត្រាការចាយវាយ ៖
យើងតែងគិតថា ក្នុង១ខែ ខ្លួនត្រូវចាយវាយលើអ្វីខ្លះ ឯរឿងធំៗ ក៏មានមិនប៉ុន្មានរឿងដូចជា បង់រំលស់រថយន្តនិងលំនៅឋាន ថ្លៃបន្ទប់ ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃអាហារផ្សេងៗ គឺមិនចាំបាច់កត់ត្រាឡើយ ។
នេះជាការគិតខុស ព្រោះពេលខ្លះរឿងតូចតាចជាច្រើនរួមបញ្ចូលគ្នាធ្វើឲ្យមានថ្លៃចាយវាយខ្ពស់ ។ គួរតែសន្សំ ប៉ុន្តែយើងមិនបានធ្វើ ដោយសារវាតូចតាច រហូតដល់មិនដឹងខ្លួន និងចុងបញ្ចប់មិនដឹងថា ប្រាក់បាត់ទៅណាអស់ ប៉ុន្តែឆ្លើយតបមិនបាន និងគួរតែសន្សំពីណាល្អ ។
៥-បែងចែកមិនដាច់ថាអ្វីចាំបាច់ និងអ្វីជាការចង់បាន ៖
ថែមទាំងគ្មានគោលដៅលើសាច់ប្រាក់ ពេលខ្លះ ក៏ច្របូកច្របល់ ។ រឿងខ្លះគ្រាន់តែជាការចង់បាន ប៉ុន្តែគិតថា ចាំបាច់ ។ ពេលនេះរថយន្តខូចញឹកញាប់ ឬត្រូវផ្លាស់ប្តូរ [ចាំបាច់] ឬទូរស័ព្ទម៉ាកថ្មីចេញលក់ ត្រូវផ្លាស់ប្តូរទូរស័ព្ទ។ ចំណែកគោលដៅសាច់ប្រាក់ពាក់ព័ន្ធអ្វីនឹងចំណុចនេះ ? ការគ្មានគោលដៅសាច់ប្រាក់ ជាហេតុធ្វើឲ្យគ្មានអ្វីរារាំងការគិតរបស់ខ្លួនថា រឿងនេះចាំបាច់ ឬមិនទាន់ចាំបាច់ គឺទុកធ្វើនៅពេលក្រោយល្អជាង ។
តិចនិកនេះ គឺបើសិនជាអ្នកមានគោលដៅសាច់ប្រាក់ច្បាស់លាស់ អ្នកនឹងអាចទប់ចិត្ត ឬចៀសវាងបាន និងឆ្លងផុតពីតម្រូវការទាំងនេះ ដែលជាការពេញចិត្តត្រឹមរយៈពេលខ្លី ។ អ្នកនឹងព្រមលះបង់តម្រូវការខ្លះៗព្រោះគិតថា គោលដៅនៅឆ្ងាយ ។
វិធីសាស្ត្រនៃការដាក់ផែនការសាច់ប្រាក់ (និងគោលដៅក្នុងជីវិត) គឺសរសេរលើក្រដាស ហើយបិតនៅមុខកញ្ចក់តែងខ្លួន ឬទូសម្លៀកបំពាក់ ឬបិតនៅកន្លែងណាដែលឃើញរាល់ថ្ងៃ និងចងចាំក្នុងចិត្តដើម្បីឆ្ពោះទៅរកគោលដៅ ។
៦-មានបំណុលមិនប្រញាប់ទូទាត់ ៖
គិតថា នៅបង់រំលស់បាន ឬបង់រំលស់តាមពេលវេលាដែលគេកំណត់ ។ អ្នកធ្លាប់សង្កេតលើការបង់រំលស់ផ្ទះឬទេថា អត្រាការប្រាក់ថ្លៃជាងប្រាក់ដើម (ជាពិសេស រយៈពេលបង់រំលស់ដំបូង) ។ នៅពេលមានប្រាក់ដុំដូចជា ប្រាក់ Bonus ដែលគួរតែយកទៅបង់រំលស់បន្ថែម មនុស្សខ្លះមិនចាប់អារម្មណ៍ទេ បែរជាយកទៅទិញសម្ភារចាយវាយខ្ជះខ្ជាយទៅវិញ និងបង់ការប្រាក់បន្តទៀត ។
ដូច្នេះ បើមានប្រាក់ដុំពេលណា ចូរយកទៅសងបំណុលដែលមានការប្រាក់ខ្ពស់ជាមុនសិន និងឲ្យបានលឿនបំផុត ទោះបីជាគេបើកឱកាសឲ្យបង់រំលស់រយៈពេលយូរក្តី ។ ការបង់រំលស់នេះ គឺជាវិធីរកស៊ីរបស់ធនាគារ ឬម្ចាស់បំណុល ។
៧-Upgrade សម្ភារនៅជុំវិញខ្លួនជាប្រចាំ ៖
ស្ត្រីមួយចំនួនតែងចំណាយលើសម្លៀកបំពាក់ កាបូប ស្បែកជើង រហូតទាល់តែអស់ ដោយផ្គូផ្គងសម្ភារទាំងនេះជាមួយគ្នា ឬទិញតាមម៉ូដថ្មីជានិច្ច ។ តើបែបនេះនឹងសល់ប្រាក់ឬ ? ចំពោះបុគ្គលិកការិយាល័យ ទូរស័ព្ទម៉ូដថ្មីចេញមកមិនទាន់ គឺខ្វាយខ្វល់ដោយអាងថា ចូលចិត្តបច្ចេកវិទ្យា ឬសិក្សា ។
អ្នកត្រូវយកការចូលចិត្តរបស់ខ្លួនបង្កើតប្រាក់ មិនមែនយកការចូលចិត្តនោះដើម្បីចំណាយប្រាក់តែម្យ៉ាងទេ ។ វាគ្រោះថ្នាក់ណាស់ ព្រោះបច្ចុប្បន្ន បច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ឧបករណ៍ High-tech នានាចេញម៉ូដថ្មីបន្តបន្ទាប់ ។ វាជាការតាំងចិត្តរបស់អ្នកផលិត/អ្នកលក់ដើម្បីទាញលុយពីកាបូបអតិថិជន ៕
ចែករំលែកព័តមាននេះ