ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​6​ទៅ​7​ម៉ឺន​នាក់​នឹង​ចូលរួម​បុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង​ចុងខែ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​រំពឹង​ថា មនុស្ស​ចន្លោះ​ពី​៦​ទៅ​៧​ម៉ឺន​នាក់​នឹង​ចូលរួម​កម្សាន្ដ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង ដែល​នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​២៦ មីនា ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​រំពឹង​ថា មនុស្ស​ចន្លោះ​ពី​៦​ទៅ​៧​ម៉ឺន​នាក់​នឹង​ចូលរួម​កម្សាន្ដ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង ដែល​នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​២៦ មីនា ខាង​មុខ​នេះ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង​ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មីនា ម្សិលមិញ​ថា ខេត្តស្ទឹងត្រែង​មាន​មនុស្ស​រស់នៅ​តិច ដូច្នេះ​លោក​មិន​រំពឹង​ថា មាន​មនុស្ស​ច្រើន​ទៅ​ចូលរួម​ពិធីបុណ្យ​នេះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​នៅ​ជុំវិញ​នេះ អាច​នឹង​មក​ចូលរួម ដោយសារហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​នៅ​តំបន់​ភូមិភាគ​ឦសាន​កាន់តែ​ងាយស្រួល ។ លោក​បន្ត​ថា ប្រតិភូ​សិល្បៈ​មក​ពី​ប្រទេស​វៀតណាម និង​ឡាវ​នឹង​មក​ចូលរួម​សម្តែង​សិល្បៈ វប្បធម៌​របស់​ពួក​គេ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ បន្ថែម​លើ​ព្រឹត្តិការណ៍​កីឡា និង​សិល្បៈ ដែល​កម្ពុជា​បាន​រៀបចំ​ជា​ច្រើន​ទម្រង់ ។

លោក​ថ្លែង​ថា ៖ « គោលដៅ​នៃ​ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ភូមិភាគ​ឦសាន ដែល​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​កម្ពុជា ដោយ​សារ​ខេត្ត​នេះ​មាន​អន្លង់​ផ្សោត ទឹកធ្លាក់​សុភ​មិត្រ និង​តំបន់​សត្វ​ស្លាប​កម្រ​ជាដើម » ។ លោក​បន្ត​ទៀត​ថា ៖ «​ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​ផ្សព្វផ្សាយ និង​សហការ​ជាមួយ​ប្រទេស​​ឡាវ ក្នុង​ក្របខ័ណ្ឌ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ព្រោះ​ខេត្តស្ទឹងត្រែង​ជា​ចំណុចប្រសព្វ​ដ៏​សំខាន់​សម្រាប់​ខ្សែ​ទស្សនកិច្ច​ចេញពី​វត្ត​ភូ មក​កាន់​ខេត្តស្ទឹងត្រែង ភ្ជាប់​ទៅ​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប » ។

បច្ចុប្បន្ន មាន​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ជា​ច្រើន បាន​ឆ្លងកាត់​តាម​បណ្តាញ​ខ្សែ​ទស្សនកិច្ច​នេះ  តាម​រយៈ​ការ​ភ្ជាប់​ខេត្តស្ទឹងត្រែង​ឆ្ពោះ​មក​កាន់​ខេត្តក្រចេះ ទៅ​ទស្សនកិច្ច​នៅ​តំបន់​អន្លង់​ផ្សោត និង​ងាក​មក​កាន់​ខេត្តស្ទឹងត្រែង​ភ្ជាប់​ជាមួយ​ខេត្តកំពង់ធំ ព្រះ​វិហារ និង​ខេត្តសៀមរាប ពោល​គឺ​នៅ​តាម​បណ្តាញ​ផ្លូវ​នេះ​មាន​ខ្សែ​ទស្សនកិច្ច​ជា​ច្រើន​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ប្រទេស​ឡាវ និង​កម្ពុជា ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​នៅ​តាម​បណ្តាញ​ផ្លូវជាតិ​ត​ភ្ជាប់​តំបន់​នេះ​មាន​ទេសភាព​ល្អ​ធ្វើ​ឲ្យ​ភ្ញៀវ​គ្មាន​ការ​ធុញទ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទេ ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​បញ្ជាក់ ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា ថ្លែង​ថា ពិធី បុណ្យ​ទន្លេ​ជា​ផលិតផល​ទេសចរណ៍​ល្អ​មួយ ព្រោះ​វា​នឹង​ជួយ​ដល់​សហគមន៍​ទេស​ចរណ៍ និង​ទាក់ទាញ​ទេសចរណ៍​ខេត្ត​ចំនួន​៥ ទៅ​៦​នៅ​ជុំវិញ​ខេត្ត​ឲ្យ​មានការ​ចាប់អារម្មណ៍​ព្រឹត្តិការណ៍​នេះ ។

លោក​បន្ត​ថា រមណីយដ្ឋាន​ទេសចរណ៍​នៅ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ ប៉ុន្តែ​តំបន់​មួយ​ចំនួន​មិន​ទាន់​កែ​ច្នៃ និង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ ដោយសារ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ គ្មាន​ថវិកា​សម្រាប់​វិនិយោគ​ឬ​កែ​ច្នៃ​អ្វី​បាន គួប​ផ្សំ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ខេត្ត​-​ស្រុក​ដេក​លក់​ទៀត គឺ​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​មួយ​ចំនួន​រៀបចំ​មិន​បាន​ល្អ​តាម​ស្តង់ដា​សុវត្ថិភាព​ម្ហូបអាហារ អនាម័យ ហើយ​បញ្ហា​សំរាម​កំពុង​ក្លាយជា​កង្វល់​ដ៏​ធ្ងន់ធ្ងរ​មួយ ។

លោក​បន្ថែម​ថា តំបន់​ភូមិភាគ​ឦសាន​ពិតជា​បាន​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ ដែល​ភ្ញៀវ​ទេសចរ​អាច​ចេញពី​ទីរួមខេត្ត​មណ្ឌលគិរី កាត់​តាម​ស្រុក​កោះ​ញែក មក​កាន់​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​មាន​កម្រិត​នៅឡើយ ដោយសារ​ភាព​គ្មាន​សណ្តាប់ធ្នាប់​នៃ​ការ​ធ្វើ​ដំណើរ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ភ្ញៀវ​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរ​បរទេស ៕