ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់សោ​ព្រះ​វិហារ​បណ្ដេញ​ចៅអធិការ​រឿង​ប្រមូល​លុយ​ក្នុង​រណ្តៅ​សីមា

7 ឆ្នាំ មុន

ខេត្ដកំពត ៖ ពុ​ទ្ទ​បរិស័ទ​និង​គណៈកម្មការ​អាចារ្យវត្ត បាន​ចាក់សោ​ព្រះ​វិហារ​មិន​ឱ្យ​ព្រះសង្ឃ​ចូល​ដោយ​ចោទ​ថា ព្រះ​ចៅអធិការ​ប្រមូល​លុយ​អស់ពី​រណ្ដៅ​សីមា

ខេត្ដកំពត ៖ ពុ​ទ្ទ​បរិស័ទ​និង​គណៈកម្មការ​អាចារ្យវត្ត បាន​ចាក់សោ​ព្រះ​វិហារ​មិន​ឱ្យ​ព្រះសង្ឃ​ចូល​ដោយ​ចោទ​ថា ព្រះ​ចៅអធិការ​ប្រមូល​លុយ​អស់ពី​រណ្ដៅ​សីមា ។ អធិករណ៍​នេះ​បាន​កើតឡើង​នៅ​វត្ដ​តូប​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។ ទី​អារាម​នេះ​បាន​ធ្វើ​ពី​ធី​បុណ្យបញ្ចុះសីមា​រយៈពេល​៣​យប់​ទើប​រួចរាល់ ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៤ មីនា ។ តែ​នៅ​យប់​ថ្ងៃ​ទី​២ មីនា នោះ​ចៅអធិការ​ព្រះ​នាម ហ៊ុន ភៀន បាន​ប្រមូល​លុយ​នៅ​ក្នុង​រណ្ដៅ​សីមា និង​យប់​ទី​៣ មីនា យក​ជណ្ដើ​ចុះ​ប្រមូល​លុយ​ក្នុង​រណ្ដៅ​សីមា​បន្ត​ទៀត ។ ប៉ុន្ដែ​ពេល​នោះ​គណៈកម្មការ​អាចារ្យវត្ត និង​ពុទ្ធបរិស័ទ បាន​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​រណ្ដៅ​សីមា​ដែល​មាន​លុយ​នៅ​ក្នុង​នោះ​ក៏​ត្រូវ​បាន​លុប​ជិតឈឹង​ផង​ដែរ ។

បន្ទាប់​ពី​មានរឿង​ហេតុ​កើតឡើង ទើប​គណៈកម្មការ​អាចារ្យវត្ត​បាន​សម្រេច​ចាក់សោ​ព្រះ​វិហារ​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ ទើប​នៅ​រសៀលថ្ងៃ​ទី​៨ មីនា ក៏​មានការ​ប្រជុំ​ក្នុង​នោះ​មាន​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច លោក ឈុំ ឆា​យ៉ា ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក ព្រះ​អនុគណ​ស្រុក រួម​ទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ។

លោក មាស ស​ម្ប​តិ្ត អាចារ្យវត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​បុណ្យបញ្ចុះសីមា​បាន​ប្រជុំ​ម្ដង​ទៅ​ពីរ​ដង​ហើយ ដោយ​មិន​ឱ្យ​នរណា​ម្នាក់​ចុះ​ក្នុង​រណ្ដៅ​សីមា​ទេ គឺ​ត្រូវ​តែ​លុប​ទាំងអស់ ដោយ​ធ្វើ​តាម​បណ្ដាំ​លោក គាំ សា​អ៊ួ​ង ជា​អាចារ្យធំ​វត្ត​តូប ដែល​ទើបតែ​ស្លាប់​ទៅ​ថ្មី​ៗ ប៉ុន្តែ​ចៅអធិការ​មានគំនិត​មិនល្អ ។

លោកតា​ម្នាក់​ទៀត​ឈ្មោះ ប្រាក់ ស៊ុន អាយុ​៨៨​ឆ្នាំ និយាយ​ថា រឿងរ៉ាវ​ទាក់ទង​នឹង​ចៅអធិការ បាន​កើតរឿង​ម្ដង​ហើយ​ម្ដងទៀត ហាក់ដូចជា​មិន​ស្ដាប់​អ្នក​ណា​ម្នាក់​សោះ ។ លោកតា​រូប​នេះ​បាន​សុំ​ឱ្យ​និមន្ត​ចាក​ចេញពី​វត្ត​តែ​ម្ដង​ទៅ ទុក​តទៅ​ទៀត​នាំ​អាស្រូវ ។

ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់​បាន​សំណូមពរ​ឱ្យ​ចៅអធិការ​វត្ត​និមន្ត​ចេញ​តែ​ម្ដង ព្រោះ​ចៅអធិការ​អង្គ​នេះ​មិន​មាន​អ្នកគាំទ្រ​ទេ ទើបតែ​មក​គង់នៅ​វត្ត​មិន​ទាន់​បាន​មួយ​ឆ្នាំ​មានរឿង​មិន​ចេះ​ចប់ ។

លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច មាន​ប្រសាសន៍​ថា រឿង​វត្ត​តូប​នេះ​បាន​ប្រជុំ​៤​ដងហើយ នៅ​តែ​ដោះស្រាយ​មិន​ចេញ តែ​ពេល​នេះ​បើ​ពុទ្ធបរិស័ទ​មិន​គាំទ្រ សូម​ព្រះ​អង្គ​និមន្ត​ចេញ​ក៏​ល្អ ព្រោះ​និមន្ត​ទៅ​ស្រុក​បារាំង ទៅ​ស្រុក​ថៃ ក៏​ស្រេច​តែ​លោក ។

ព្រះសង្ឃ​នាម ហ៊ុន ភៀន ជា​ចៅអធិការ​មិន​មាន​សង្ឃ​ដិ​កា​តបត​អ្វី​ទេ និង​សង្ឃ​មួយ​អង្គ​ទៀត​ក៏​ត្រូវ​និមន្ត​ចេញ​ដែរ គឺ​បាន​និមន្ដ​ចេញ​ទាំង​២​អង្គ ក្រោយ​ពេល​បាតុភាព​កើតឡើង ។ ព្រោះ​លោក​ទាំង​ពីរ​អង្គ​ដែល​បាន​និមន្ត​យ៉ាង​ទាន់ហន់​ចេញពី​វត្ត​តូប​នេះ មិន​ទាន់​បាន​តែងតាំង​ជា​ផ្លូវការ​នៅឡើយ​ទេ ៕