គំនរសំរាមគរដូចភ្នំ ប្រជាពលរដ្ឋព្រួយបារម្ភប៉ះពាល់សុខភាព
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជិតគំនរសំរាម មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់ក្រុមគ្រួសាររបស់ពួកគាត់
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជិតគំនរសំរាម មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់ក្រុមគ្រួសាររបស់ពួកគាត់
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជិតគំនរសំរាម មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់ក្រុមគ្រួសាររបស់ពួកគាត់ ខណៈគំនរសំរាមគរដូចភ្នំ ជះក្លិនស្អុយអសោចធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសពេលមានភ្លៀងធ្លាក់ ជះក្លិនស្អុយ និងកើតមានសត្វរុយរោមគំនរសំរាម ហើយហើរមករោមចំណីអាហារពេលបរិភោគ។ បើតាមស្ត្រីម្នាក់ដែលមានផ្ទះជិតគំនរសំរាមនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ មីនា ២០១៧ថា ទីតាំងចាក់សំរាមនេះ បានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៤ មកម្លេះ កាលនោះលោក រស់ឆាយ ជាអភិបាលស្រុកស្វាយរៀង លោកបានជីករណ្តៅសម្រាប់ចាក់សំរាមមិនសូវជះក្លិនស្អុយ ឬមានសត្វរុយច្រើនទេ។
ក៏ប៉ុន្តែអ្នកម៉ៅការប្រមូលសំរាមថ្មីក្រោយៗមកពុំបានជីករណ្តៅដាក់សំរាមទេ គឺបានចាក់សំរាមលើគ្នា រហូតគំនរសំរាមគរដូចភ្នំ ជះក្លិនស្អុយយ៉ាងខ្លាំង។ ប្រភពដដែលបន្តទៀតថា នៅរដូវប្រាំង គឺក្លិនស្អុយសាយភាយតិច ក៏ប៉ុន្តែពេលមានភ្លៀងធ្លាក់ម្តងៗ គឺសាយភាយធំក្លិនស្អុយតាមខ្យល់បក់មកចំម្ដងៗពិបាកដកដង្ហើមយ៉ាងខ្លាំង ជាពិសេសរដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ និងពេលទឹកឡើងលិចវាល គឺគំនរសំរាមរលួយជះក្លិនស្អុយយ៉ាងខ្លាំង និងមានកើតសត្វរុយជាច្រើនហើរមកទុំផ្ទះ និងបន្លែបង្កា ពេលអង្គុយលេងរុយរោម ត្រូវដុតធូបមូសទើបអង្គុយលេងបាន។ បើពេលញ៉ាំបាយត្រូវចងមុងទើបញ៉ាំបាយបាន បើមិនចងមុងទេ រុយហើរមករោមមិនអាចហូបបាយបានឡើយ។ ប្រជាពលរដ្ឋដែលរស់នៅជិតគំនរសំរាមទាំងអស់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះពាល់សុខភាព។
ហើយបានសំណូមពរសុំឲ្យអាជ្ញាធរក្រុងស្វាយរៀង មេត្តាដោះស្រាយ កែច្នៃសំរាម ឬដុតសំរាមថង់ប្លាស្ទិកចោលនៅពេលរដូវប្រាំងនេះកុំឲ្យនៅគរដូចភ្នំ និងហើរថង់ប្លាស្ទិករាយប៉ាយជះក្លិនស្អុយអសោចបន្តទៀត។ ទាក់ទិនករណីខាងលើនេះលោក ឈីវ សារ៉នអភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀងបានមានប្រសាសន៍ថា យើងគ្មានទីតាំងដាក់សំរាមទេ កន្លងមកគឺអាជ្ញាធរសុំដីរបស់ឈ្មោះ ភី ដាក់សំរាមបណ្តោះអាសន្ន ដោយទីតាំងឆ្ងាយពីផ្ទះអ្នកស្រុកគ្មានជម្រើសឡើយ។
លោក ឈីវ សារ៉ន បន្តទៀតថា សំរាមមាន២ប្រភេទគឺ ៖ សំរាមកាកសំណល់តាមផ្ទះ និងសំរាមសាធារណៈ។ ចំពោះសំរាមតាមផ្ទះគ្មានក្រុមហ៊ុនណាមកដេញថ្លៃប្រមូលទេ ដោយគ្មានទីតាំងចាក់សំរាម គឺអាជ្ញាធរក្រុងបានឲ្យទៅឈ្មោះ ហ៊ុម ណាក់ ប្អូនម្ចាស់ដីឈ្មោះ ហ៊ុម សុភី ជាអ្នកប្រមូលសំរាម និងសម្របសម្រួលប្រជាពលរដ្ឋតាមខ្នងផ្ទះបង់សេវា មួយខ្នងផ្ទះតម្លៃ៧.០០០រៀល បើផ្ទះណាមានសំរាមច្រើនយកតម្លៃ១០.០០០រៀល ហើយសេវានេះឯកជនសុទ្ធសាធ។ ចំពោះសំរាមសាធារណៈ ឧបត្ថម្ភគាំទ្រថវិកាពីក្រសួងបរិស្ថាន ក្នុងមួយឆ្នាំថវិកាជាង៣០០លានរៀល ក៏ពុំមានដេញថ្លៃដែរ ដោយគ្មានក្រុមហ៊ុនណាមកដាក់ពាក្យប្រកួតប្រជែងដោយគ្មានទីតាំងចាក់សម្រាម ទើបអាជ្ញាធរប្រគល់ឲ្យក្រុមហ៊ុន ភីសម្បត្តិ ជាអ្នកប្រមូលសំរាមសាធារណៈដែលជាម្ចាស់ដីចាក់សម្រាមនេះ។
លោក ឈីវ សារ៉ន បន្តទៀតថា បច្ចុប្បន្នអាជ្ញាធរបានឲ្យក្រុមហ៊ុនប្រមូលសំរាម រកទីតាំងចាក់សំរាមថ្មីបានហើយ នៅក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក៏ប៉ុន្តែមន្ទីរបរិស្ថានខេត្តកំពុងរៀបចំពិនិត្យបច្ចេកទេស និងសាងសង់ ក៏ប៉ុន្តែមិនដឹងថា រួចរាល់នៅខែណានោះទេ អាជ្ញាធរក្រុងកំពុងដោះស្រាយ៕
ចែករំលែកព័តមាននេះ